កូវីដ-១៩
យកសំណាកកម្មករជាង៣,២០០នាក់ទៅធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ ៥០នាក់
ខេត្តកំពង់ចាមបានយកសំណាកកម្មករកម្មការិនីជាង៣,២០០នាក់ទៅធ្វើតេស្តរកកូវីដ‑១៩ ហើយជាលទ្ធផលរកឃើញវិជ្ជមានចំនួន៥០នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង៥០០នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/186518766_956465295121802_4342036004343800532_n-1-1024x771.jpg)
យោងតាមសរចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៣ ខែឧសភានេះបានឱ្យដឹងថា អ្នកឆ្លងថ្មីចំនួន៥០នោះជាកម្មកររោងចក្រដែល៤៩នាក់នៅស្រុកជើងព្រៃ និង១នាក់ទៀតនៅស្រុកបាយ។
បើតាមរបាយការណ៍គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន៥៣៤នាក់ជាសះស្បើយចំនួន១៣៧នាក់ រួមទាំងជាថ្ងៃនេះ៩នាក់ផង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន២នាក់។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តកំពង់ចាមកំពុងមានផ្ទុះជំងឺកូវីដ‑១៩ យ៉ាងធ្ងន់ធ្ងរទៅលើកម្មករកម្មការិនីនៅតាមរោងចក្រចំនួន៤ដែលមានកម្មករប្រមាណជិត២ម៉ឺននាក់ ក្នុងនោះរកឃើញមានវិជ្ជមានរាប់រយនាក់ និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/185902983_956465765121755_3533045033681850266_n-1-1024x678.jpg)
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា៖ “ដើម្បីគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យមានការរីកបន្ត យើងត្រូវអនុវត្តយុទ្ធសាស្ត្រ២យ៉ាងគឺ ទី១ត្រូវបិទខ្ទប់ក្តោបឱ្យជាប់ ទី២ត្រូវការពារ កុំឱ្យរីកចេញទៅខាងក្រៅ ហើយយើងត្រូវធ្វើការបោសសំអាតដើម្បីកាត់ផ្ដាច់ខ្សែចម្លងសហគមន៍ក្នុង “ព្រឹត្តិការណ៍ ២០កុម្ភៈ” ដែលកំពុងបង្ក ការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋានផងនោះ”។
លោក អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការ សុខាភិបាល បន្តការគ្រប់គ្រងច្បាប់ឱ្យជាប់ចំពោះអ្នកសង្ស័យដែលត្រូវផ្តោតសំខាន់ទៅលើកម្មករ កម្មការិនី ពិសេសត្រូវបន្តស្រាវជ្រាវ ស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់មកយកសំណាកតាមតេស្តរហ័សកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាល។
ជាងនេះទៀតមន្ត្រីសុខាភិបាលស្រុកនីមួយៗ ត្រូវអនុវត្តវិធានការនេះ ឱ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញអ្នកវិជ្ជមាន ហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំគាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះមន្ទីរពេទ្យស្រុកនិមួយៗត្រូវរៀបចំគ្រែទទួលអ្នកជំងឺកូវីដ-១៩ ឱ្យបានយ៉ាងតិច ១០គ្រែ ឬលើសពីនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/186481220_956466091788389_1559957691923815482_n-1-1024x771.jpg)
លោក អភិបាលខេត្តកំពង់ចាមបានយកវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ ធ្វើកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?