Connect with us

កូវីដ-១៩

សពអ្នកជំងឺកូវីដ-១៩គ្របចោលក្នុងផ្ទះ២យប់ ត្រូវបានគ្រូពេទ្យដឹកយកទៅបូជា

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ពីសពស្ត្រីម្នាក់ដែលរស់នៅក្នុងភូមិបានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយគ្របទុកចោលក្នុងផ្ទះរហូតដល់២យប់ ទើបគ្រូពេទ្យមកដឹកយកទៅបូជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក ឈឹម សាមិ មេភូមិជ្រោយបាសាក់បានឲ្យដឹងថា អស់រយៈពេល២យប់ហើយដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុម៥ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា មានការភ័យខ្លាចឆ្លងជំងឺពីសពស្ត្រីឈ្មោះ ឈុន វណ្ណា អាយុ៥៨ឆ្នាំ ដែលបានស្លាប់តាំងពីវេលាម៉ោង៦យប់ ថ្ងៃទី២ ខែមិថុនា រហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែមិថុនានេះ ទើបគ្រូពេទ្យមកដឹកសពយកទៅបូជាតាមលក្ខណៈបច្ចេកទេស។

លោក ឈឹម សាមិ បានបន្តថា តាមសំណូមពររបស់ប្រជាពលរដ្ឋគឺ សុំឲ្យគ្រូពេទ្យរួសរាន់មកដឹកយកសពទៅបូជាផង។ កុំគ្របចោលអស់រយៈពេល២យប់ទើបគ្រូពេទ្យមកដឹកយកទៅបូជា។

មូលហេតុដែលប្រជាពលរដ្ឋមានការភ័យខ្លាចនោះគឺ សពត្រូវគ្របចោលក្នុងផ្ទះ ហើយពុំមានប្រជាពលរដ្ឋទៅចូលរួមព្រោះខ្លាចឆ្លងជំងឺដ៏សាហាវនេះ។ ម្យ៉ាងទៀតសពមិនមានព្រះសង្ឃ ឬលោកតាអាចារ្យមកសូត្រមន្តតាមប្រពៃណីដែលទៅជាសពតៃហោងដោយពុំមានឲ្យធម៌ពីព្រះសង្ឃ។

លោកមេភូមិជ្រោយបាសាក់បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣១ ខែឧសភា មកដល់ថ្ងៃទី២ ខែមិថុនានេះ ក្នុងភូមិរបស់លោកមានស្ត្រី២នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយសពទាំងពីរគឺជាអ្នកជំងឺដេកនៅកន្ទេល ដល់ពេលស្លាប់ គ្រូពេទ្យមកពិនិត្យសំណាកសុទ្ធតែមានវីជ្ជមានកូវីដ-១៩ទាំងអស់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម