Connect with us

កូវីដ-១៩

អាជីវករ​និងសន្តិសុខផ្សារអូឡាំពិក ជាង៣០០នាក់ ​រក​ឃើញ​ឆ្លងកូវីដ-១៩ ខណៈ​៥០% ព្យាបាល នៅផ្ទះ

បានផុស

នៅ

ភ្នំពេញ ​៖ បងប្អូន​អាជីវករ ក្រុម​សន្តិសុខ​ផ្សារ​អូឡាំពិក​និង​សន្តិសុខ​ឯកជន​ចំនួន ប្រមាណ​ជាង​៣០០​នាក់​ហើយ ដែល​ក្រុមគ្រូពេទ្យ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩ គិត​ចាប់ពី​ថ្ងៃទី​០១ កក្កដា មក ពោល​គឺ​ក្រោយពី​ផ្សារ​អូឡាំពិក បាន​ផ្ទុះ​កូ​វីដ​-១៩ ហើយ​ក្នុង​ចំនួន​នេះ មាន​បងប្អូន​អាជីវករ​ប្រមាណ​៥០​ភាគរយ​ដែល​បានសំរេច​ចិត្ត​សុំ​ការព្យាបាល​នៅតាម​ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក លោក​ឡយ ស៊ា​ង​អាង បាន​មានប្រសាសន៍​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៥​កក្កដា​នេះ​ថា នៅ​ផ្សារ​អូឡាំពិក បាន​ផ្ទុះ​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ កាលពី​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០២១ ហើយ​បើ​គិត​មកដល់​ថ្ងៃទី​០៥​កក្កដា​នេះ ក្នុងចំណោម​អ្នក​យក​សំណាក​ចំនួន​ជាង​២០០០​នាក់ បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៣០០​នាក់ ។ ក្នុង​ចំនួន​នេះ មាន​បងប្អូន​អាជីវករ​ប្រមាណ​១៥០​នាក់ បានសម្រេច​ចិត្ត​សុំ​ការព្យាបាល​នៅតាម​ផ្ទះ​។

លោក​ប្រធាន​ផ្សារ​បាន​បញ្ជាក់​បន្ថែម​ថា អាជីវករ​ផ្សារ​អូរ​ឡាំ​ពិ​ក​ដែល​បាន​ទៅ​យក​សំណាក កាលពី​ថ្ងៃទី​០១ កក្កដា មាន​ចំនួន​ជាង​៥០០​នាក់។​ ថ្ងៃទី​០២ កក្កដា ចំនួន​១១៣៧​នាក់ ថ្ងៃទី ០៣ កក្កដា​ចំនួន ៥៧៧ ហើយ​អ្នក​ដែល​ព្យាបាល​នៅផ្ទះ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​មាន​ចំនួន ជាង​៨០​នាក់ ហើយ​ថ្ងៃ​បន្ទាប់​នេះ មាន​ចំនួន​ប្រហែល​ជាង​៥០​នាក់ សរុបមក​អ្នក​ដែល​ព្យាបាល​នៅផ្ទះ​បាន​ប្រហែល​១៥០​នាក់។

គួរ​រំលឹក​ថា រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០២ កក្កដា​កន្លង​មកនេះ បាន​ប្រកាស​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដោយ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​០៣ កក្កដា​និង​នៅ​ព្រឹក​ថ្ងៃទី​០៥ កក្កដា​នេះ បាន​បើក​កិច្ចប្រជុំ ជា​បន្តបន្ទាប់ លើ​គម្រោង​ផែនការ​ត្រួតពិនិត្យ​ការ​ផ្តល់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នៅ​តាម​ផ្ទះ ដើម្បីអោយ​ដំណើរការ​នៃ​ការ​ព្យាបាល​នៅ​តាម​ផ្ទះ នេះ មានគុណ​ភាព​និង​សុវត្ថិភាព ដែល​អាច​ទទួល​យក​បាន។ ការរៀបចំ​ឲ្យ​មាន​ការ​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​តាម​ផ្ទះ​នេះ ធ្វើឡើង​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​នេះ​រាជធានី​ភ្នំពេញ​បាន​ឈាន​មួយ​ជំហាន​ទៅមុខ​រួចហើយ ដែល​មកដល់ពេលនេះ​មាន​អ្នកជំងឺ​ប្រមាណ​ជាង​៣០០ នាក់​ហើយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម