កូវីដ-១៩
ភ្នំពេញ មានកន្លែងព្យាបាលជំងឺកូវីដ-១៩ ១០ទីតាំង ខណៈមណ្ឌលកោះពេជ្រ មិនទាន់បើក
បច្ចុប្បន្ន រាជធានីភ្នំពេញ មានមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន១០ទីតាំង។ ជាមួយគ្នានេះ គេឃើញមានការរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ ឡើងវិញ បន្ទាប់ពីបានបិទវិញមួយរយៈ ស្របពេលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសរយៈពេល១សប្ដាហ៍ចុងក្រោយនេះ បានឡើងពីខ្ទង់ ៨០០ ទៅ ៩០០ករណី។ ប៉ុន្តែមានការបញ្ជាក់ពីមន្ត្រីសុខាភិបាលថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ នៅមិនទាន់មានការទទួលព្យាបាលអ្នកជំងឺនៅឡើយទេ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅល្ងាចមិញថា បច្ចុប្បន្នភ្នំពេញនៅសល់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ១០ ទីតាំងប៉ុណ្ណោះ ដោយមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានប្រគល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលដែលជាសាលារៀន ជូនមន្ទីរអប់រំ ដើម្បីឱ្យសិស្សានុសិស្សចូលរៀនវិញ។
ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ រូបនេះ បានបង្ហាញថា មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំង១០ទីតាំងនោះ មានដូចជា មន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យព្រះអង្គឌួង មណ្ឌលសុខភាពចាក់អង្រែ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀរ សែនសុខ២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពិភពថ្មី សែនសុខ២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្ដម មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ម៉ូឌែន២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ និង មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។

លោក ងី មានហេង មានប្រសាសន៍បន្តថា៖ “ក្រៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលជាសាលារៀនទាំងនោះ គឺយើងទុកដដែល។ ចំណែកមណ្ឌលព្យាបាលកោះពេជ្រ យើងផ្អាកសកម្មភាពសិន ដោយសារយើងអត់មានអ្នកជំងឺ។ ចំពោះព័ត៌មានដែលថា មណ្ឌលព្យាបាលកោះពេជ្របើកឡើងវិញ គឺមិនទាន់ទេ គឺគ្រាន់តែរៀបចំបោសសំអាត តែអត់ទាន់មានដាក់អ្នកជំងឺទៅព្យាបាលនៅទីនោះទេ”។

គួររំលឹកថា កន្លងមកក្រៅពីជ្រើសយកគ្រឹះស្ថានសិក្សាសាធារណៈមកធ្វើជា មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ននោះ ក្រសួងសុខាភិបាល ក៏បានអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជន ស្របច្បាប់ក្នុងរាជធានីភ្នំពេញ ទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩បាន។ ជាមួយគ្នានោះ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលក៏អាចព្យាបាលដោយខ្លួនឯង នៅតាមផ្ទះបានដែរ ដោយត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាលបានដឹងលឺ តាមដាន និងត្រៀមជួយសង្គ្រោះក្នុងករណីស្ថានភាពអ្នកជំងឺមានបញ្ហា៕
អត្ថបទ៖ ច័ន្ទ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ