ព័ត៌មានជាតិ
ក្រសួង ក្រើនរំលឹកឲ្យពង្រឹងការគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
ក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ខណៈជំងឺអូមីក្រុង កំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី ១៣ កុម្ភៈ នេះថា ដោយសារការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកឆ្លងអូមីក្រុង ក្នុងប្រទេសកម្ពុជា ហើយវីរុសនេះក៏កំពុងតែចរាចរណ៍យ៉ាងសកម្មក្នុងសហគមន៍យើងផងដែរនោះ ក្រសួងសុខាភិបាល សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលតាមផ្ទះ។

លោករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើជំងឺស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរទេនោះ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងការណែនាំរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នីតិវិធីនេះ តម្រូវឲ្យមានវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយចំនួនត្រូវគោរពប្រតិបត្តិជាប្រចាំ។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះរួមមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ តម្រូវឲ្យស្នាក់នៅដាច់ដោយឡែកនៅទីតាំងដែលមានអនាម័យ និងមានចរន្តខ្យល់ចេញចូលល្អ ដោយបើកបង្អួចបន្ទប់ឲ្យទូលាយ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅតំបន់ដែលបងប្អូនស្នាក់នៅជាចាំបាច់។ ត្រូវរក្សាអនាម័យស្អាតផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តវិធានការការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ រក្សា គម្លាតសុវត្ថិភាពបុគ្គល ឲ្យបានលើសពី ១ ម៉ែត្រកន្លះ និងកុំប៉ះពាល់ ឬប្រើប្រាស់របស់របរ ឬបន្ទប់ទឹកឡូកឡំជាមួយសមាជិកគ្រួសារឲ្យសោះ ដោយត្រូវប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួនដាច់ដោយឡែកជាចាំបាច់ និងមិនត្រូវចេញដើរទៅក្រៅរហេតរហូត ទោះជាក្នុងរយៈពេលខ្លីក៏ដោយ ដើម្បីចៀសវាងការចម្លងបន្តវីរុសអូមីក្រុង ទៅសមាជិកគ្រួសារ និងទៅអ្នកដទៃ។ ត្រូវបន្តអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ឲ្យបានហ្មត់ចត់ បើទោះបីជានៅក្នុងអំឡុងពេលព្យាបាល ឬក៏ព្យាបាលជាសះស្បើយហើយក៏ដោយ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ត្រូវប្រើឱសថព្យាបាលតាមរោគសញ្ញាតាមការចាំបាច់ និងប្រើឱសថប្រឆាំងវីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ីល ២០០ មិល្លីក្រាមជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤ គ្រាប់ លេបរៀងរាល់ ១២ ម៉ោងម្តង សម្រាប់រយៈពេល ៥ ថ្ងៃជាប់គ្នា ជាបន្តបន្ទាប់។ គួរប្រើឱសថនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងលើស្ត្រីបំបៅដោះកូន ព្រមទាំងហាមប្រើសម្រាប់មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ។ ត្រូវពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២-៣ លីត្រ ក្នុង ១ ថ្ងៃ។ បងប្អូនប្រជាពលរដ្ឋអាចរកទិញឱសថម៉ូលនូវីរ៉ាវា ឬមូលណាទ្រីស នៅតាមឱសថស្ថាន ឬឱសថស្ថានរងស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នើបញ្ជាទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមបណ្ដាខេត្ត។

លោករដ្ឋមន្ត្រី បានបន្ថែមថា អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី ៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ ថ្ងៃចុងក្រោយ (ថ្ងៃទី ៥, ៦ និង ៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន អនុញ្ញាតបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ ម៉ោងពីគ្នា រហូតដល់មានលទ្ធផលតេស្តអវិជ្ជមាន។
ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។ កាកសំណល់របស់អ្នកជំងឺ ត្រូវរក្សាទុក ដោយខ្ចប់ឲ្យជិត និងដាក់ដោយឡែក រួចអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ នៅតាមតំបន់ដែលបងប្អូនរស់នៅជាចាំបាច់ ចៀសវាងការចម្លងរោគ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើមិនអនុវត្តទៅតាមការណែនាំក្រើនរំលឹកនេះបានត្រឹមត្រូវ បងប្អូន អាចប្រឈមទៅនឹងការអនុវត្តវិធានការច្បាប់នានាដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធ្វើការតាមដានការអនុវត្ត និងវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះឲ្យបានហ្មត់ចត់ និងចាត់វិធានការសមស្របតាមច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ៣០០ នាក់ទៀត ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីឆ្លងសហគមន៍ ២៩៥ នាក់ អ្នកដំណើរមកពីបរទេស ៥ នាក់ អ្នកជាសះស្បើយ ១៣៥ នាក់ និងស្លាប់ «គ្មាន»។
គិតត្រឹមព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២៣០៤២ នាក់ អ្នកជាសះស្បើយចំនួន ១១៨៦៦០ នាក់ និងអ្នកស្លាប់ចំនួន ៣០១៥ នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត