Connect with us

ជីវិតកម្សាន្ដ

ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

បានផុស

នៅ

នាង​គឺ​ជា​តារា​សម្ដែង​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ប្រចាំ​ជំនាន់

ភាពយន្ត​របស់​នាង​អាច​រក​ចំណូល​បាន​សរុប​ចូល​គ្នា​ប្រមាណ ៦ពាន់​លាន​ដុល្លារ

នាង​គឺជា​តារា​សម្ដែង​ម្ចាស់​ពាន​អូស្កា និង​ជា​នារី​សិចស៊ី​បំផុត​លើ​ពិភពលោក​!

Angelina Jolie គឺជា​ស្ត្រី​គំរូ​មួយ​រូប​សម្រាប់​មនុស្ស​ជា​ច្រើន ទាំង​ភាព​ជោគជ័យ ភាព​ស្រស់​ស្អាត និង​ការ​បូជា​ខ្លួន​ដើម្បី​សង្គម។ បើទោះ​បី​ក្នុង​អតីត​កាល រូបភាព​ដែល​គេ​ចងចាំ​ពី​នាង​គឺជា​ក្មេង​ស្រី​ឈាម​រាវ និង​ធ្លាប់​ប្រើ​ជីវិត​យ៉ាង​ភ្លើតភ្លើន ប៉ុន្តែ​ពេល​នេះ Angelina Jolie ក្នុង​វ័យ ៤៥ ឆ្នាំ បាន​ក្លាយ​ជា​នារី​ទន់ភ្លន់​ម្នាក់ និង​ជា​ទី​ស្រលាញ់​របស់​មនុស្ស​ទូទាំង​ពិភពលោក។ តើ​អ្វី​ទៅ​ជា​ចំណុច​ផ្លាស់ប្ដូរ​នៃ​ជីវិត​របស់​នាង?

កើត​បាន​តែ​មួយ​ឆ្នាំ​គ្រួសារ​ក៏​បែកបាក់

Angelina Jolie Voight កើត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៧៥។ នាង​គឺជា​កូន​ស្រី​របស់​តារា​សម្ដែង​ល្បី​ជា​ម្ចាស់​ពាន​រង្វាន់​អូស្កា គឺលោក Jon Voight និង​ម្ដាយ​គឺតារា​សម្ដែង Marcheline Bertrand។ ប៉ុន្តែ​ត្រឹម​រយៈ​ពេល ១ឆ្នាំ​ក្រោយ Angelina កើត ឪពុក​ម្ដាយ​របស់​នាង​ក៏​បាន​ចែក​ផ្លូវ​គ្នា ហើយ​បន្ទាប់​បីនោះ​ម្ដាយ​​គឺជា​អ្នក​ចិញ្ចឹម​បី​បាច់​នាង ព្រម​ទាំង​បង​ប្រុស​ James Haven ដែលមានអាយុបង​នាង​២​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Angelina ធ្លាប់​សម្ដែង​ភាពយន្ត​ជាមួយ​ម្ដាយ និង​ឪពុក​របស់​នាង​ក្នុង​ខ្សែ​ភាពយន្ត “Lookin’ to Get Out” ប៉ុន្តែ​ក្រោយ​ពី​នោះ ឪពុក Angelina ​ក៏​បាន​ចាក​ឆ្ងាយ​ពី​ជីវិត​នាង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ពេល​នៅ​តូច Angelina តែង​យំ​ចង់​ឲ្យ​ឪពុក​ត្រលប់​មក​លេង​នាង​នៅ​ផ្ទះ ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​មិន​ដែល​បាន​សម្រេច​ឡើយ។ នាង​ក៏​បាន​ផ្ដល់​បទ​សម្ភាស​ថា “ប៉ា​មិន​ដែល​មក​រក​ខ្ញុំ​ទេ ខ្ញុំ​មិន​ដែល​បាន​នៅ​ជាមួយ​ប៉ា​ទេ ខ្ញុំ​គិត​ថា​ពួក​យើង​អាច​នឹង​ទៅដើរ​លេង​ជាមួយ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​ប៉ា​តែង​តែ​ទៅ​សម្ដែង​រឿង​រាប់​ខែ​ជាប់​គ្នា”។ នេះ​អាច​ជា​មូល​ហេតុដែល Angelina ចាប់ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​ឪពុក ហើយ​នៅ​ពេល​ធំ​ឡើង Angelina ក៏សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​នាម​ត្រកូល​របស់​ខ្លួន​ពី Voight ដែល​ជា​ត្រកូល​របស់​ឪពុក​ និងយក​ Jolie ដែល​ជា​ឈ្មោះ​កណ្ដាល​មក​ប្រើ​ជា​ត្រកូល​ថ្មី​វិញ។ ផ្ទុយ​មក​វិញ ជាមួយ​ម្ដាយ Angelina មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​បំផុត។ នៅ​អាយុ ១៤ឆ្នាំ នាង​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម្ដាយ​ឲ្យ​នាំ​មិត្ត​ប្រុស​មក​រួមរស់​នៅ​ផ្ទះ​ជាមួយ​គ្នា​បាន ព្រោះ​ម្ដាយ​របស់​នាង​ជឿថា បែប​នេះអាច​នឹង​ល្អជាង​បណ្ដោយ​ឲ្យ​កូន​ស្រី​លួច​ទៅ​ធ្វើ​អ្វី​នៅ​ខាង​ក្រៅ​ដែល​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​របស់​ម្ដាយ។ រហូត​ដល់អាយុ ១៦ឆ្នាំ នាង​ក៏​បាន​បែក​គ្នា​ពី​មិត្ត​ប្រុស ហើយ​បន្ទាប់​ពី​នោះ ក៏​ចាប់ផ្ដើមតាំងចិត្ត​ប្រឡូក​ក្នុង​ការ​សម្ដែង​ភាពយន្ត​យ៉ាង​ពិត​ប្រាកដ ដោយ​បាន​ចូល​រៀន​សម្ដែង​នៅ​វិទ្យាស្ថាន Strasberg Theatre ក្នុង​ទីក្រុង Los Angeles។

ចាប់​ផ្ដើម​ប្រឡូក​ការ​សម្ដែង

រូបភាព​ជា​ក្មេង​ស្រី​ញៀន​ស្រា និង​បារី​នៅ​វ័យ ១៦ឆ្នាំ ធ្វើ​ឲ្យ​នាង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ក្នុង​វិស័យ​សិល្បៈ ព្រោះ​បុគ្គលិក​លក្ខណៈ​របស់​នាង​មិន​សក្ដិសម​នឹង​ដើរ​តួ​ជា​ក្មេង​ស្រី​ធម្មតា​ៗ​ក្នុង​ភាពយន្ត​កំប្លែង និង​ភាពយន្ត​សម្រាប់​យុវវ័យ​ទូទៅ​ប៉ុន្មាន​ទេ។​ ដូច្នេះ​ហើយ ការងារ​សម្ដែង​ដំបូងៗ​របស់ Angelina គឺជា​ប្រភេទ​ភាពយន្ត​បែប​វាយ​តប់​ដូចជា​រឿង “Cyborg 2” ក្នុង​ឆ្នាំ​១៩៩៣ និង​សម្ដែង​វីដេអូ​ចម្រៀងមួយ​ចំនួន​ដូចជា​បទ “It’s About Time” របស់ Lemonheads និងបទ “Rock and Roll Dreams Come Through” របស់ Meat Loaf ជាដើម។

រហូត​ដល់​ឆ្នាំ​១៩៩៥ Angelina Jolie ក្នុង​វ័យ ២០ឆ្នាំទើប​បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ផលិតកម្ម​ធំ​ដំបូង គឺរឿង “Hackers” ដែល​ក្នុង​នោះ​នាង​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​សម្ដែងប្រុស Jonny Lee Millier។ ក្រោយ​សម្ដែង​រឿង​ចប់​អ្នក​ទាំង​ពីរ​ក៏​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា រហូត​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៩៦។ យ៉ាងណា​ក៏ដោយ ក្រោយ​រៀបការ​បាន​ជាង​ពីរ​ឆ្នាំ​ពួក​គេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​១៩៩៩។

ជីវិត​គូ​មិន​សម​ប្រកប តែ​អាជីព​ជោគជ័យ​ទ្វេ​ដង

បើ​ទោះ​ជា​បរាជ័យ​ក្នុង​ជីវិត​គូ ប៉ុន្តែ​ជីវិត​ការងារ​របស់ Angelina Jolie បែរ​ជា​ជោគជ័យ​ឡើង​ជា​លំដាប់។ ថ្វីដៃ​ក្នុង​ការ​សម្ដែង​របស់​នាង​បាន​ទទួល​ការ​សរសើរ​ពី​ទស្សនិកជន​ជានិច្ច និង​បាន​ប្រើ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​កសាង​កំណត់ត្រា​យ៉ាង​ពិសេស​ក្នុង​វិស័យ​ភាពយន្ត​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ពី​កម្មវិធី Golden Globe ៣​ឆ្នាំ​ជាប់ៗ​គ្នា។ ​ក្នុង​នោះ​ក្នុង​ឆ្នាំ១៩៩៨ នាង​បាន​ឈ្នះ​ពាន​រង្វាន់​តួ​រង​ស្រី​ឆ្នើម​តាម​រយៈ​ភាពយន្តភាគ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ពិតរឿង “George Wallace”។ ឆ្នាំ​១៩៩៩ នាង​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​តួ​ឯក​ស្រី​ឆ្នើម តាម​រយៈ​ការ​សម្ដែង​ជា​តួ​តារា​ម៉ូដែល​ដែល​ត្រូវ​បាត់បង់​អនាគត​ដោយ​សារ​ថ្នាំ​ញៀន និង​មេរោគ​អេដស៍ ក្នុង​ភាពយន្ត​ភាគ​ប៉ុស្តិ៍ HBO មាន​ចំណងជើងថា “Gia” ហើយ​នៅ​ឆ្នាំ​២០០០ នាង​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​តួ​រង​ស្រី​ឆ្នើម តាម​រយៈ​ការ​សម្ដែង​ជា​តួក្មេង​ស្រី​មាន​ជំងឺផ្លូវ​ចិត្តក្នុង​ភាពយន្តរឿង “Girl Interrupted”។ តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង “Girl Interupted” នេះ​ដដែល​ក៏​បាន​នាំ​ឲ្យ​នាង​ឈ្នះ​ពាន​រង្វាន់​អូស្កា​ដំបូង​ផង​ដែរ។

ក្រោយ​ឈ្នះ​ពាន​រង្វាន់​អូស្កា ស្នាមញញឹម Angelina Jolie ក៏​បាន​លេច​ឡើងលើ​កាសែត និង​ទស្សនាវដ្ដី​ល្បី​ៗ​គ្រប់​ច្បាប់។ រឿង​រ៉ាវ​អាស្រូវ​នា​អតីតកាល​របស់​នាង​ក៏​ត្រូវ​បាន​គេ​គាស់កកាយ​មក​សរសេរ​ព័ត៌មាន​យ៉ាង​សប្បាយ​ដៃ ហើយ​ Angelina ផ្ទាល់​ក៏​រីករាយ​នឹង​ទម្លាយ​ជីវិត​ឯកជន​របស់​ខ្លួន​ដោយ​មិន​លាក់លៀម​ដែរ ចាប់​តាំង​ពី​រឿងរ៉ាវ​តូច​តាច​ដូច​ជា​អត្ថន័យ​នៃ​ស្នាម​សាក់​នៅ​លើ​រាងកាយ រហូត​ដល់​រឿង​ធំៗ​ដូចជា​ការ​អាក់អន់ចិត្ត​នឹង​​ឪពុក និង​ជីវិត​ស្នេហា​ដែល​បរាជ័យ ជាមួយ Jonny Lee Miller។ មិន​តែប៉ុណ្ណោះ Angelina Jolie ក៏​ត្រូវ​បាន​គេ​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​បែប​ស្នេហា​ជាមួយ​បង​ប្រុស​បង្កើត​ខ្លួន​ឯង ដោយ​ដើម​ចម​នៃ​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​ដោយសារ​តែ​ទម្លាប់​ចូលចិត្ត​ថើប​ជញ្ជក់​មាត់​ជាមួយ​បង​ប្រុស​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដង​ទៀត ថែម​ទាំង​ពេល​ដែល​ឡើង​ទៅ​ទទួល​ពាន​អូស្កា នាង​ក៏​បាន​សារភាព​ក្ដី​ស្រលាញ់​ដល់​បង​ប្រុស​តាម​រយៈការ​ផ្សាយ​ផ្ទាល់​ទូទាំង​ពិភពលោក។

Angelina Jolie បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ។ នាង​ប្រាប់​ថានោះ​គ្រាន់​តែ​ជា​វិធី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ក្នុង​នាម​បង​ប្អូន​ដែល​នាង​ធ្លាប់​ធ្វើ​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ចំណែក James Haven ជា​បងប្រុស​ Angelina ក៏​បានប្រាប់​ថា “ពេល​ប៉ាម៉ាក់​លែងលះ​គ្នា ខ្ញុំ​និង​ប្អូន​ស្រី​នៅ​ក្មេង​ណាស់ នៅពេល​គ្រួសារ​របស់​យើង​បែកបាក់​បែប​នេះ ពួក​យើង​ក៏​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​គ្នា។ នាង​និង​ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ការ​កម្លាំង​ចិត្ត ដូច្នេះ​ហើយ​យើង​ក៏​តែង​តែ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក”។

ព័ត៌មាន​ចចាមអារ៉ាម​របស់ Angelina និង​បង​ប្រុស​ក៏​ចាប់ផ្ដើម​សាបរលាប​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ក្រោយ​មក នៅ​ពេល​ដែល Angelina បាន​ចូល​រោងការ​ជាមួយ​តារា​សម្ដែង​ប្រុស Billy Bob ក្រោយ​បាន​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង “Pushing Tin” និង​បាន​ធ្វើ​ឲ្យ​រឿងរ៉ាវ​ជីវិត​ស្នេហា​របស់ Angelina និង Billy bob ក្លាយ​ជា​ព័ត៌មាន​ថ្មី​ដែល​ពិភពលោក​ចាប់​អារម្មណ៍ ហើយ​ Angelina ផ្ទាល់​ក៏​ពេញ​ចិត្ត​នឹង​ផ្ដល់​បទ​សម្ភាស​អំពី​ជីវិត​ស្នេហា​របស់​នាង​រួម​ទាំង​រឿង​លើ​គ្រែ​ដោយ​មិន​លាក់​លៀម។ Angelina បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​ស្វាមី​ដោយ​ការ​សាក់​ឈ្មោះ Billy Bob នៅ​បរិវេណ​ដើម​ដៃ​ខាង​ឆ្វេង។ ទោះ​យ៉ាង​ណា តារា​ទាំង​ពីរ​ដួង​ក៏​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០០៣​ ក្រោយ​រៀបការ​ជាមួយ​គ្នា​បាន​៣​ឆ្នាំ ហើយ​បច្ចុប្បន្ន​ស្នាម​សាក់​ឈ្មោះ Billy Bob លើ​ដើម​ដៃ​របស់ Angelina Jolie ក៏​ត្រូវ​បាន​ជំនួស​ដោយ​ស្នាម​សាក់​ថ្មី​វិញ។

ជីវិត​ផ្លាស់​ប្ដូរ​ក្រោយ​បាន​មក​ប្រទេស​កម្ពុជា

ត្រលប់​ទៅ​ឆ្នាំ​ ២០០១ ចាត់​ទុក​ថា​ជា​ចំណុច​ផ្លាស់​ប្ដូរ​នៃ​ជីវិត​របស់ Angelina យ៉ាង​ពិត​ប្រាកដ។ ត្បិត​តែ​មុន​នេះ​នាង​ធ្លាប់​មាន​ភាពយន្ត​រក​ចំណូល​បាន​រយ​លាន​ដុល្លារ​មួយ​ចំនួន​ហើយ​ដូចជា​រឿង “Gone in 60 Seconds” ប៉ុន្តែ​ភាពយន្ត​ដែល​បាន​នាំ​ឲ្យ​នាង​ក្លាយ​ជា​ Superstar ជួរ​មុខ​ក្នុង​ពិភពលោក​យ៉ាង​ពិត​ប្រាកដ​នោះ​គឺ​រឿង “Lara Croft: Tomb Raider”។

យ៉ាង​ណា​ក៏ដោយ ភាពយន្ត​នេះ​មាន​​អត្ថន័យ​សម្រាប់​ជីវិត Angelina លើស​ពី​ការ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​មហាសាល​ជុំវិញ​ពិភពលោក ព្រោះ​ការ​ធ្វើ​ដំណើរ​មក​ថត​ភាពយន្ត​នេះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​នាង​បាន​ឃើញ​បាន​យល់​ពី​បញ្ហា​ជន​ក្រីក្រ បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​របស់​ជន​ភៀស​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ការ​មើល​ឃើញ​របស់​នាង​ចំពោះ​ពិភពលោក​និង​ជីវិត​របស់​នាង​ផ្លាស់ប្ដូរ​។ នាង​បាន​ផ្ដល់​សម្ភាស​ថា “ខ្ញុំ​ចាប់​ផ្ដើម​ភ្លឺ​ភ្នែក ខ្ញុំ​បាន​ឃើញ​ពី​ជីវភាព​មនុស្ស​នៅ​ជ្រុង​ម្ខាង​ទៀត ពិភពលោក​នេះ​ពិតជា​ធំ​ទូលាយ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត ចាប់​ពី​ពេល​នោះ​ខ្ញុំ​ក៏​ដឹង​ថា វា​មិន​លំបាក​​អ្វី​នោះ​ទេ​ដែល​យើង​គួរ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក”។ Angelina Jolie បាន​ទាក់ទង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ដើម្បី​រាយការណ៍​ពី​បញ្ហា​ជនភៀសខ្លួន និង​ជន​គ្មាន​ផ្ទះ​សម្បែង ព្រម​ទាំង​បាន​សួរ​នាំ​ថា​តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​នាង​អាច​ជួយ​ពួក​គេ​បាន។

នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ ឆ្នាំ២០០១ Angelina ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​បំពេញ​តួនាទី​ជា​ទូត​សុឆន្ទៈ​របស់ UNHCR ឬ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ហើយ​ចាប់​ពី​ពេល​នោះ​មក នាង​ក៏​បាន​បូជា​ខ្លួន​ចំពោះ​ការ​ស្វែង​រក​វិធី​ផ្ដល់​ជំនួយ និង​ការពារ​​ផ្នែក​សិទ្ធិមនុស្ស​របស់​ជន​ភៀស​ខ្លួន​ទូទាំង​ពិភពលោក​យ៉ាង​ពេញ​កម្លាំង ព្រម​ទាំង​បាន​ទទួល​ក្មេង​កំព្រា​ពី​ប្រទេស​ផ្សេង​ៗមក​ចិញ្ចឹម​ផង​ដែរ។

នៅ​ឆ្នាំ ​២០០២ នាង​បាន​ទទួល​​កុមារា​កម្ពុជា​ឈ្មោះ Maddox Chivan ដែល​មាន​អាយុ ៧​ខែ ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​បាត់​ដំបង​មក​ចិញ្ចឹម​ជា​កូន​ទី​១។ ឆ្នាំ​២០០៥ នាង​ក៏​បាន​ទទួល​​ក្មេង​ស្រី​ឈ្មោះ Zahara Marley ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា ប្រទេស​អេត្យូពី មក​ចិញ្ចឹម​ជា​កូន​ទី​២។ ហើយ​នៅ​ឆ្នាំ​២០០៧ នាង​ក៏​បាន​ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ទៀត​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ប្រទេស​វៀតណាម ឈ្មោះ Pax Thein។ ក្មេង​ទាំង​បី​អ្នក​បាន​ទទួល​ការ​ចិញ្ចឹម​ថែទាំ​យ៉ាង​ល្អ​បីប្រៀបដូ​ចជា​កូន​បង្កើត​របស់ Angelina Jolie ជាមួយ Brad Pitt ​រួម​មាន Shiloh Nouvel និ​ង​បង​ប្អូន​ភ្លោះ Vivienne និង Knox។ ហើយ​នៅ​ពេល​ណា​ក៏​ដោយ​ដែល​គ្រួសារ​មួយ​នេះ​បង្ហាញ​ខ្លួន​រួម​គ្នា​នៅ​តាម​ទី​សាធារណៈ គេ​ប្រាកដ​ជា​បាន​ឃើញ​ស្នាមញញឹម​ប្រកប​ដោយ​ក្ដីសុខ​នៅ​ទីនោះ។

ខណៈ​ពេល​នេះ Angelina Jolie លែង​សេសសល់​ស្លាកស្នាម​ជា​ក្មេង​ស្រី​បែក​ស្លុយ​ដូច​ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក្នុង​អតីតកាល​ទៀត​ហើយ។ Angelina ប្រាប់​ថា ការ​ដែល​នាង​បាន​ចុះ​មក​ធ្វើ​ការ​ជាមួយ UN ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ជាង​មុន ហើយ​ការ​ដែល​ក្លាយ​ជា​ម្ដាយ​គេ ក៏​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ភាព​ទន់ភ្លន់ ដោយ​ផ្លាស់ប្ដូរ​ពី​មនុស្ស​ស្រី​ម្នាក់​ដែល​ចូលចិត្ត​យំ និង​ចេះ​តែ​សួរ​អ្នក​ដទៃ​ថា គ្រប់យ៉ាង​លែង​អី​ហើយ​មែន​ទេ? ពេលនេះ​ក៏​ក្លាយ​ជា​អ្នក​ដែល​ត្រូវ​និយាយ​ថា គ្រប់​យ៉ាង​មិន​អីទេ កុំ​បារម្ភ​កូន​ៗ។

ស្រ្តីដែល​សក្ដិសម​ទទួល​ការ​កោត​សរសើរ​បំផុត​លើ​លោក

រយៈ​ពេល​មិន​ដល់ ១០​ឆ្នាំ​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ពេញទំហឹង Angelina Jolie ក៏​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​លើ​ពិភពលោក។ នាង​មាន​ភាពយន្ត​បង្ហាញ​ពី​ថ្វី​ដៃ​សម្ដែង​គ្រប់​បែបបទ ព្រម​ទាំង​ភាពយន្ត​ដែល​ទទួល​បាន​ជោគជ័យ​លើ​តារាង Box Office ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​នៅ​ឆ្នាំ​២០០៩ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ នាង​បាន​ជាប់​ចំណាត់ថ្នាក់​ជា​តារា​សម្ដែង​ស្រី​មាន​ចំណូល​ខ្ពស់​បំផុត​លើ​ពិភពលោក ដោយ​អាច​រក​បាន​ប្រមាណ ៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ជាប់​ឈ្មោះ​ជា​បុគ្គលល្បី​ដែល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០០៩ ដែល​ចាត់​ថ្នាក់​ដោយ​ទស្សនាវដ្ដី Forbes។ នៅ​ឆ្នាំ​២០១១ នាង​បាន​ទទួល​តម្លៃ​ខ្លួន ១១លាន​ដុល្លារ ពី​ការ​ថត​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល Louis Vuitton ដែល​ជា​កំណត់ត្រា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​សម្រាប់​សិល្បករ​ចំពោះ​ការ​ថត​យុទ្ធនាការផ្សព្វផ្សាយ​តែ​មួយ​លើក។ យ៉ាង​ណា​ក៏​ដោយ Angelina បាន​បរិច្ចាគ​ប្រាក់​មួយ​ចំណែក​ធំ​ដែល​នាង​ទទួល​បាន​ពី​ការ​ថត​នេះ​ឲ្យ​អង្គការ​សប្បុរសធម៌ ហើយ​លទ្ធផល​ពី​ការ​បូជា​ខ្លួន​ដើម្បី​សង្គម ក៏ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ស្ត្រី​ដែល​សក្ដិសម​ទទួល​បាន​ការ​កោតស្ញប់ស្ញែង​បំផុត​លើ​លោក នៅ​​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និងឆ្នាំ​២០១៨។

ការ​តតាំង​នឹង​ជំងឺ​មហារីក

មួយ​ក្នុង​ចំណោម​រឿង​ដែល​ធ្វើ​ឲ្យ Angelina បាន​ទទួល​ការ​សរសើរ​ច្រើន​បំផុត​ពី​ជាតិសាសន៍​ជា​ច្រើន​នោះ គឺ​នៅ​ពេល​ដែល​នាង​ចេញ​មុខ​និយាយ​តាម​រយៈ​កាសែត New York Times នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា​នាង​បាន​សម្រេច​ចិត្ត​កាត់​សុដន់​ចោល​ទាំង​សង្ខាង ក្រោយ​​ពិនិត្យ​រក​ឃើញ​ថា​នាង​មាន​កោសិកា​តំណពូជ​ BRCA1 ​ក្នុង​រាងកាយ​ដែល​មាន​ឱកាស​​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​ ៨៧ភាគរយ ទៅ​អនាគត ហើយ​ដោយ​សារ​តែ​ទាំង​ម្ដាយ​ និង​លោក​យាយ​ Angelina សុទ្ធ​តែ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​តាំង​ពី​នៅ​ក្មេង​នៅ​ឡើយ ដូច្នេះ​ហើយ​ទើប Angelina សម្រេច​ចិត្ត​កាត់​សុដន់​ខ្លួន​ឯង​ចោល​ទាំង​សង្ខាង ដោយ​នាង​បាន​ជ្រើសរើស​បើក​ចំហ​ព័ត៌មាន​ដល់​សាធារណជន ដើម្បី​បង្កើន​ការ​យល់​ដឹងពី​សារសំខាន់​នៃ​ការ​ទប់ស្កាត់​ការ​រាល​ដាល​កោសិកា​មហារីក​តាម​តំណពូជ ព្រោះ​អាច​​មាន​មនុស្ស​ស្រី​ជា​ច្រើន​ទូទាំង​ពិភពលោក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ថា​មាន​កោសិកា​នេះ​នៅ​ក្នុង​រាងកាយ។

មាន​គោលដៅ​ឆ្ពោះ​ទៅមុខ​ជានិច្ច

Angelina Jolie គឺជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​នៅ​ទ្រឹង​មួយ​កន្លែង​ឡើយ។ នាង​តែង​សម្លឹង​រក​ឱកាស ស្វែង​រក​ការ​ប្រណាំងប្រជែង​ថ្មី​ៗ​សម្រាប់​ជីវិត​ខ្លួន​ឯង​ជានិច្ច។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាពយន្ត​ពី​សាកលវិទ្យាល័យ New York, Angelina ក៏​ងាក​មក​ហ្វឹកហាត់​ការងារ​ជា​អ្នក​ដឹកនាំ​ភាពយន្ត។

នាង​បាន​ចាប់​ផ្ដើម​ស្នាដៃ​ដឹកនាំ​ដំបូង​នៅ​ឆ្នាំ​២០១១ ​តាម​រយៈ​ភាពយន្ត “In the Land of Blood and Honey” ដែល​រៀបរាប់​ពី​ភាព​សាហាវ​ឃោរឃៅ​នៃ​សង្គ្រាម​ក្នុង​ប្រទេស បូសនី (Bosnia)នៅ​អំឡុង​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ១៩៩៥ ដោយ​ក្នុង​នោះ Angelina បាន​ព្យាយាម​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ផ្នែក​សិទ្ធិមនុស្ស និង​ផល​ប៉ះពាល់​ដែល​មនុស្ស​ជាតិ​ទទួល​បាន​ពី​សង្គ្រាម។ ស្នាដៃ​ដឹកនាំ​បន្ត​បន្ទាប់​របស់​នាង​មាន​ចំនួន ៣​រឿង​ទៀត រួម​មាន​រឿង “Broken” ក្នុង​ឆ្នាំ​២០១៤, “By the Sea” ក្នុង​ឆ្នាំ​២០១៥ និង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​ខ្ញុំ​” ក្នុងឆ្នាំ​២០១៧ ដែល​ជាភាពយន្ត​ទទួល​បាន​ការ​កោតសរសើរ​ច្រើន​បំផុត​របស់​នាង។ “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​ខ្ញុំ” រៀបរាប់​រឿង​រ៉ាវជីវិត​ផ្លាស់​ប្ដូរ​ដូច​មេឃ​ដី​របស់​ក្មេង​ស្រី​កម្ពុជា​ឈ្មោះ អ៊ឹង​ លឿង បន្ទាប់​ពី​កងទ័ព​ខ្មែរ​ក្រហម​វាយ​រំលំ​ក្រុង​ភ្នំ​ពេញ​​បាន​សម្រេច​ក្នុង​ឆ្នាំ​១៩៧៥។ ភាពយន្ត​រឿង​នេះ​ធ្វើឲ្យ​ Angelina Jolie ​មាន​ឈ្មោះជាបេក្ខភាព​ប្រកួត​ពាន​រង្វាន់ Golden Globe ផ្នែក​ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៨។

ជីវិត​ Angelina Jolie នា​បច្ចុប្បន្ន​អាច​នឹង​ល្អ​ឥត​ខ្ចោះ​ជាង​នេះ ប្រសិន​បើ​ជីវិត​ស្នេហា​របស់​នាង និង Brad Pitt មិន​បរាជ័យ​នៅ​ឆ្នាំ​២០១៦។ គ្មាន​អ្នក​ណា​ដឹង​ឡើយ​ថា ​នាង​គ្រាំគ្រា​ចិត្ត​ដោយ​សារ​ការ​បែក​បាក់​លើក​នេះ​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​នោះ​គឺ Angelina Jolie នៅ​តែ​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​ជា​ដរាប។ អាច​ដោយសារ​តែ​ជីវិត​របស់​នាង​ធ្លាប់​ឆ្លង​ព្យុះ​ឆ្លង​ភ្លៀង​យ៉ាង​ជោកជាំ​ច្រើន​មក​ហើយ អាច​ដោយសារ​នាង​មាន​គោលដៅ​ជីវិត​ដ៏​ធំ​កំពុង​រង់ចាំ​នៅ​ខាង​មុខ អាច​ដោយសារ​នាង​មាន​កូន​ៗ​គួរ​ឲ្យ​ស្រលាញ់​តែង​តែ​នៅ​ក្បែរ និង​អាច​ដោយសារ​នាង​បាន​ទទួល​ក្ដី​ស្រលាញ់​ដ៏​ធំធេង​ពី​អ្នក​គាំទ្រ​ភាពយន្ត​របស់​នាង​ជុំវិញ​ពិភពលោក។ ​ទាំង​អស់​នេះ​គឺជា​រឿង​រ៉ាវ​របស់​នាង… Angelina Jolie!

ប្រែសម្រួល៖ វ៉ាន់ថន

ចុចអាន៖ នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៤ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ៨ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

នយោបាយ៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម