ជ្រះថ្លា​ណាស់ ! ខេមរៈ សិរីមន្ត ចូលរួម​ធ្វើ​ទាន​ប្រគេន​ភួយ​ជាង​២​ពាន់​ដល់​ព្រះសង្ឃ​បី​វត្ត – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ជ្រះថ្លា​ណាស់ ! ខេមរៈ សិរីមន្ត ចូលរួម​ធ្វើ​ទាន​ប្រគេន​ភួយ​ជាង​២​ពាន់​ដល់​ព្រះសង្ឃ​បី​វត្ត

Published

on

ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរមុខ​លោក ខេមរៈ សិរីមន្ត បើទោះបីជា​មានការ​មមាញឹក​ជាមួយ​អាជីព​សិល្បៈ​ និង ​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​យ៉ាង​ណា​ក្តី ​ក៏​តារា​ប្រុស​រូប​នេះ​នៅតែ​ឆ្លៀតឱកាស​ពេលទំនេរ ​ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម ​និង​ ការ​ធ្វើ​បុណ្យទាន​ដល់​ព្រះសង្ឃ​ជាដើម​។

សកម្មភាព​នេះ ​កំពុង​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​មហា​ជន​និង​អ្នកគាំទ្រ​គ្រប់គ្នា​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ ម្សិលមិញ​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត​និង​ភរិយា​បានរួម​ដំណើរ​ជាមួយ​សប្បុរសជន​ធ្វើការ​នាំ​យក​ភួយ​ប្រមាណ​ជាង​២​ពាន់​ភួយ ​ដើម្បី​យក​ទៅ​ប្រ​គេង​ជូន​ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត​ផ្សេងគ្នា​នៅ​ខេត្តកំពង់ស្ពឺ​នា​រដូវរងា​ឆ្នាំនេះ​។ ដំណើរ​ពេញ​មួយថ្ងៃ​របស់លោក ខេមរៈ សិរីមន្ត និង​ភរិយា​នេះ​បាន​ធ្វើឡើង​តាមរយៈ​លោក ប៊ុត ចាន់ថា និង​ភរិយា​។

លោក ខេមរៈ សិរីមន្ត បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹ​ងថា ​កាលពី​ម្សិលមិញ​លោក​បានធ្វើ​ដំណើរ​ពេញ​មួយថ្ងៃ​ក្នុង​ការចូលរួម​ធ្វើបុណ្យ​និង​យក​ភួយ​ទៅ​ប្រគេន​ជូន​ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត​ផ្សេងគ្នា​នៅ​កំពង់ស្ពឺ​។​លោ​កថា ខ្ញុំ​ពិតជា​រីករាយ និង​ជ្រះថ្លា​ណាស់​ម្សិលមិញ​ពេញ​មួយថ្ងៃ​ខ្ញុំ​បាន​ចូលរួម​ធ្វើបុណ្យ​ជាមួយ​បងប្រុស ប៊ុត ចាន់ថា និង​បងស្រី​ជំទាវ​ភរិយា​របស់គាត់​។

តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បន្ថែម​ទៀត​ថា ​ខែរងារ​គាត់​បាន​យក​ភួយ​សរុប​ជាង​២០០០​ភួយ​ទៅ​ប្រគល់​ជូន​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​និង​ប្រគេន​ព្រះសង្ឃ​បី​វត្ត​ផ្សេងៗ​គ្នា​។​ ខ្ញុំ​ក៏បាន​ចូលរួម​ថវិកា​បន្តិច​បន្តូច​តាម​សទ្ធា​ជាមួយ​គាត់​ផង​ដែរ​ សូម​ជូនពរ​បងប្រុស និង​បងស្រី និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​។

តាម​ការ​កត់សម្គាល់​នេះ​ ពុំ​មែន​ទើប​ជា​លើកទីមួយ​សម្រាប់​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត នោះទេ​ដែល​បានបង្ហាញ​ពី​សកម្មភាព​ចូលរួមចំណែក​ការងារ​សង្គម​ខណៈ​កន្លងមក​តារាចម្រៀង​ប្រុស​រូបនេះ​តែងតែ​ធ្វើ​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​រហូត​ទទួលបាន​ការ​គាំទ្រ​និង​លើក​សរសើរ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ផង​នោះ​៕
ដោយ ៖ ចាន់​រ៉ា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម