Connect with us

ជីវិតកម្សាន្ដ

ក្រុម ចៅក្តឹបកំសត់ ប្រមូលគ្នាបង្កើតក្រុមល្ខោនបាសាក់ឡើងវិញ ដោយសារស្រឡាញ់វប្បធម៌

បានផុស

នៅ

ក្រុមល្ខោនបាសាក់ ចៅក្តឹបកំសត់ ឬឈ្មោះពេញ ក្រុមល្ខោនបាសាក់សាមគ្គីអារញ្ញរង្សីបារមីស្រីខ្មៅ បានប្រមូលគ្នាសម្តែងឡើងវិញ ដោយសារស្រឡាញ់វប្បធម៌ជាតិ និងកុំឱ្យបាត់បង់ល្ខោនបាសាក់ជាតិខ្មែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីលោក រឿង រិទ្ធិ តំណាងក្រុមល្ខោនបាសាក់ បានឱ្យដឹងថា ក្រុមល្ខោននេះបង្កើតឡើងនៅឆ្នាំ ២០០៨ ដោយលោកបានដើរប្រមូលតួសម្ដែងចាស់ៗដែលធ្លាប់សម្ដែងល្ខោនពីមុនមក បន្ទាប់ពីពួកគាត់បានបោះបង់ ឱ្យមកសម្ដែងល្ខោនបាសាក់ឡើងវិញ ដោយសារតែការស្រឡាញ់ និងចង់រក្សាកេរ្តិ៍មរតកដូនតា និងដើម្បីលើកស្ទួយវប្បធម៌ជាតិ។

លោក រឿង រិទ្ធិ បានឱ្យដឹងថា ក្រុមល្ខោននេះមានអ្នកសម្ដែងទាំងអស់ ៣៤ នាក់ សព្វថ្ងៃក្រុមនេះបានចេញសម្ដែងក្នុងខេត្តខ្លួនឯងតែប៉ុណ្ណោះ ដូចជាតាមពិធីបុណ្យផ្សេងៗ និងលេងតាមវត្តជាដើម។

លោក រឿង រិទ្ធិ បានលើកឡើងថា៖ “ក្រុមល្ខោនស្រុកស្រែ ឆាកវិញក៏មិនសូវល្អ ការដឹកជញ្ជូនវិញក៏ពិបាក គេជួលក៏មិនបានថ្លៃ។ ខ្ញុំលេងរាល់ថ្ងៃដោយសារតែការស្រឡាញ់វប្បធម៌ជាតិខ្មែរ ល្ខោនបាសាក់ ពីដូនតាយើង ហើយក៏ចង់រក្សាល្ខោននេះឡើងវិញផងដែរ”។

លោក រឿង រិទ្ធិ បញ្ជាក់ទៀតថា ក្រុមល្ខោនរបស់លោក សម្ដែងដើម្បីសន្សំលុយបន្តិចម្ដងៗទិញម្សៅ ខោអាវ អត់មានជំនួយពីខាងណាមកទេ បើនិយាយពីឆាកវិញមើលពីក្រោយធ្លុះក្រោយ មើលពីមុខធ្លុះមុខ ប៉ុន្តែសមាជិកក្រុមនៅតែខិតខំសម្ដែងអស់ពីសមត្ថភាព។

គួរបញ្ជាក់ថា ក្រុមល្ខោនបាសាក់អារញ្ញរង្សីបារមីស្រីខ្មៅ ស្ថិតនៅស្រុក ប្រាសាទបាគង ឃុំរំលាក ខេត្តសៀមរាប។

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម