ជីវិតកម្សាន្ដ
ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ
មួយរយៈចុងក្រោយនេះ រឿងរ៉ាវក្ដីក្ដាំរវាងតារាហូលីវូដ Johnny Depp និងអតីតគូស្នេហ៍នាង Amber Heard បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រតារាទាំងពីររូប។
មុនពេលកើតរឿងលែងលះ និងប្ដឹងបកឱ្យគ្នាទៅវិញទៅមក តាំងពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២២ អតីតគូស្នេហ៍មួយគូនេះមានប្រវត្តិស្នេហាគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលប្រិយមិត្តមួយចំនួនមិនទាន់ដឹងនៅឡើយ។
ត្រឡប់ក្រោយ កំលុងឆ្នាំ២០១១ គឺជាឆ្នាំដែល Johnny Depp និង Amber Heard បានជួបគ្នាជាលើកដំបូងក្នុងខ្សែភាពយន្ត “The Rum Diary” ។ កាលណោះ ម្នាក់ៗសុទ្ធតែមានដៃគូរៀងខ្លួន ដែល Johnny មានទំនាក់ទំនងជាមួយតន្ត្រីការិនីបារាំង Vanessa Paradis ខណៈ Amber កំពុងណាត់ជួបជាមួយអ្នកថតរូប Tasya van Ree។
ក្រោយមក Johnny បានជួប Amber ម្ដងទៀតនៅក្នុងដំណើរទេសចរណ៍សារព័ត៌មានមួយ ហើយចាប់ពីពេលនោះឯង ដែលអ្នកទាំងពីរចាប់ផ្ដើម Follow គ្នាទៅវិញទៅមក។
លុះមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំដដែល Johnny Depp និង Amber Heard បានបង្ហាញខ្លួនជាមួយគ្នាលើកដំបូងលើកម្រាលព្រំក្រហម ក្នុងពេលផ្សព្វផ្សាយភាពយន្តរបស់ពួកគេ នៅសារមន្ទីរសិល្បៈទំនើប ក្នុងទីក្រុងញូវយ៉ក។ នៅក្នុងបទសម្ភាសន៍ ពួកគេមិនបានសារភាពចំៗថាមានចិត្តលើគ្នាអ្វីទេ ប៉ុន្តែពួកគេបានសរសើរគ្នាទៅវិញទៅមក។
ជាង១ឆ្នាំក្រោយមក គឺនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ Johnny បានបែកបាក់ជាមួយ Vanessa បន្ទាប់ពីរួមរស់ជាមួយគ្នាអស់ ១៤ឆ្នាំ និងបានចែកកូនគ្នាចិញ្ចឹម។
មកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ គេប្រទះឃើញ Johnny Depp និង Amber Heard ថតរូបកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម។ ប៉ុន្តែពេលនោះ Johnny ប្រកែកមិនទទួលស្គាល់ទំនាក់ទំនងរបស់លោកឡើយ ដោយនិយាយថា វាគ្រាន់តែជារូបថតដែលលោកនិង Amber ចូលរួមក្នុងការប្រគុំតន្ត្រី Rolling Stones ប៉ុណ្ណោះ។
ទោះយ៉ាងណា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ គេចាប់បានរូបថតស្និទ្ធស្នាលរវាងJohnny Depp និង Amber Heard ពេលធ្វើដំណើរទៅក្រៅប្រទេស សម្រាប់ដំណើរទេសចរណ៍សារព័ត៌មាន The Lone Ranger ។ គូស្នេហ៍មួយគូនេះត្រូវបានគេថតរូបបាន ពេលចុះពីយន្តហោះក្នុងទីក្រុងប៊ែរឡាំងជាមួយនឹងកូនៗរបស់ Johnny។
ទំនាក់ទំនងស្នេហាគូស្នេហ៍ទាំងពីរនៅតែមិនព្រមបើកចំហ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៤ បានគេប្រទះឃើញ Amber Heard ពាក់ចិញ្ចៀនភ្ជាប់ពាក្យ ពេលពួកគេដើរចាកចេញពីភោជនីយដ្ឋានមួយនៅ West Hollywood ។ ៤ថ្ងៃក្រោយមក ទើបប្រព័ន្ធផ្សព្វផ្សាយនានា បញ្ជាក់ពីការភ្ជាប់ពាក្យរបស់គូស្នេហ៍នេះ។
ក្រោយប្រកាសចំណងស្នេហ៍ជាសាធារណៈ ទើប Johnny និង Amber ទម្លាយថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែមីនាមកម្ល៉េះ ដោយបានអញ្ជើញភ្ញៀវប្រមាណ ១០០នាក់ ដើម្បីអបអរពួកគេ។ ទោះយ៉ាងណា ក្នុងខែធ្នូ ឆ្នាំដដែលនោះ ប្រភពមួយប្រាប់កាសែត The PEOPLE ថា ទំនាក់ទំនង Johnny និង Amber កំពុងជួបនូវភាពចម្រូងចម្រាសយ៉ាងខ្លាំង សឹងមិនអាចបន្តទៅមុខ ខណៈសាមីខ្លួនទាំងពីរ មិនមាននរណាចេញមុខមកបកស្រាយអ្វីឡើយ។
មិនបាន១ខែផង ក្រោយព័ត៌មានចចាមអារ៉ាមអំពីទំនាក់ទំនងរកាំរកូសស្ងប់ស្ងាត់បន្តិច នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ តារាសម្ដែង Johnny និង Amber បានបណ្ដើរគ្នាយ៉ាងស្អិតរមួតចូលរួមកម្រាលព្រំក្រហម នៅឯកម្មវិធី Art of Elysian’s Heaven Gala ប្រចាំឆ្នាំ លើកទី៨។
ព័ត៌មានមិនល្អនានាហាក់កន្លងផុតទៅ មកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ Johnny និង Amber បានចុះអេតាស៊ីវិលជាមួយគ្នានៅឯវិមាន Los Angeles និងបានក្លាយជាលោក និងលោកស្រី Depp ជាផ្លូវការ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានប្រារព្ធពិធីមង្គលការដ៏អ៊ឹកអាធឹមមួយនៅលើកោះឯកជនរបស់ Johnny ក្នុងប្រទេសបាហាម៉ា (Bahamas)។
ក្រោយរៀបការប៉ុន្មានខែ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ប្ដីប្រពន្ធ Depp បានបណ្ដើរគ្នា នៅលើកម្រាលព្រំក្រហមម្តងទៀត នៅឯមហោស្រពភាពយន្ត Toronto សម្រាប់ការបញ្ចាំងភាពយន្តចុងក្រោយបង្អស់របស់ Johnny ដែលមានចំណងជើងថា “Black Mass” ។
បន្ទាប់ពីរៀបការថ្មីថ្មោង ឃើញថាទំនាក់ទំនងស្វាមីភរិយានេះ មានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង មិនថានៅតាមទីសាធារណៈ និងបណ្ដាកម្មវិធីនានា ព្រោះពួកគេតែងតែបង្ហាញកាយវិការស្និទ្ធស្នាល ធ្វើឱ្យមហាជនស្ងើចសរសើររមិនដាច់ពីមាត់។ ឯ Amber ក៏បានបង្ហាញភាពជាម្ដាយដ៏ល្អ ចំពោះកូនៗរបស់ស្វាមីដែរ។ ចំណែក Johnny វិញធ្លាប់និយាយថា ខ្លួនជាបុរសសំណាងដែលបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយ Amber ។
យ៉ាងណាមិញ សុភមង្គលហាក់មិននៅជាមួយ Johnny យូរឡើយ ដោយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ Amber បានដាក់ពាក្យសុំលែងលះស្វាមី ក្រោយហេតុផលរស់នៅមិនចុះសម្រុង ហើយ Johnny ជាមនុស្សប្រើអំពើហិង្សារលើភរិយាធ្វើឱ្យនាងទ្រាំលែងបាន។ មិនតែប៉ុណ្ណោះ Amber បានចោទប្រកាន់ស្វាមីពីបទរំលោភបំពានទៀតផង។
មកដល់នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៦ បណ្ដឹងលែងលះបានឡើងដល់សវនាការ ដោយ Johnny ត្រូវបង់ប្រាក់ចំនួន ៧លានដុល្លារ ក្នុងការលែងលះរបស់ពួកគេ។ ពេលនោះ Amber ប្រកាសបរិច្ចាគប្រាក់ទទួលបានពីការលែងលះទៅឱ្យអង្គការសប្បុរសធម៌ ប៉ុន្តែក្រោយមកលេចលឺថា ប្រាក់នោះមិនបានចូលអង្គការសប្បុរសធម៌ ១សេនឡើយ។ ជិត៦ខែនៃដំណើរការប្ដឹងលែងលះបានឈានដល់ទីបញ្ចប់ ចំណងប្ដីប្រពន្ធរវាង Johnny Depp និង Amber Heard ត្រូវបានបញ្ចប់ជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០១៧៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព