ជីវិតកម្សាន្ដ
ដឹងអត់ថា នៅជប៉ុនមានមនុស្សខ្ទង់លាននាក់មិនចាកចេញពីផ្ទះសោះអស់រាប់ឆ្នាំ
Hikikomori គឺជាស្ថានភាពផ្លូវចិត្តម្យ៉ាងរបស់ជនជាតិជប៉ុនមួយចំនួនដែលផ្តាច់ខ្លួនចេញឆ្ងាយពីសង្គម និងមិនចាកចេញពីបន្ទប់គេង ឬផ្ទះរបស់ពួកគេរយៈពេលច្រើនឆ្នាំ។ ពាក្យ Hikikomori នេះ ត្រូវបានបង្កើតដោយសាស្រ្តាចារ្យវិកលវិទ្យា Tamaki Saito នៅឆ្នាំ ១៩៩៨ បន្ទាប់ពីសិក្សាឃើញថា មានយុវជនក្មេងៗជាច្រើនប្រឈមនឹងបញ្ហាមួយនេះ ដោយភាគច្រើនលេចឡើងចំពោះក្មេងប្រុសចាប់ពីអាយុ ១៥ ឆ្នាំ រហូតដល់បុរសវ័យកណ្តាល ៤០ ឆ្នាំប្លាយជាង។

ការមិនចាកចេញពីបន្ទប់គេង ឬផ្ទះរបស់ពួកគេចាប់ផ្តើមពីកន្លះឆ្នាំ រហូតដល់ រាប់ឆ្នាំ ដោយខ្លះ ៣-៥ ឆ្នាំ និងខ្លះទៀត ៥-៧ ឆ្នាំ ឬច្រើនលើសពីនេះទៀត។ បើតាមការសិក្សាជាច្រើនមក គេសន្មតថា អ្នកជំងឺ Hikikomori មានចំនួន ៥០ ម៉ឺនទៅ ១ លាន នាក់ និង ប្រហែល ១.២% នៃប្រជាជនសរុប។ ទោះជាយ៉ាងណា បើគិតជាតួលេខអ្នកមានបញ្ហានេះ គឺវាមានភាពខុសគ្នាពីការសិក្សាមួយទៅការសិក្សាមួយ ដោយមនុស្សទាំងនោះផ្តាច់ខ្លួនចេញពីសង្គម និងសង្ងំនៅក្នុងតែបន្ទប់ដេករបស់ខ្លួន ទើបវាមានភាពពិបាកក្នុងការស្ទង់រកតួលេខអ្នកដែលស្ថិតក្នុងស្ថានភាពបែបនេះពិតប្រាកដ។
រោគសញ្ញានៃ Hikikomori ឬការឃុំខ្លួនឯងនៅតែក្នុងបន្ទប់អស់រយៈពេលច្រើនឆ្នាំបែបនេះ កើតឡើងដោយសារបញ្ហាសម្ពាធសង្គម គ្រួសារ និងការធ្វើបាបពីសំណាក់មិត្តរួមថ្នាក់។ ប្រទេសជប៉ុន គឺជាប្រទេសអ្នកមាន ជឿនលឿនគ្រប់វិស័យ ជាពិសេសទាំងប្រព័ន្ធអប់រំ និងវិស័យការងារតែងមានការរំពឹងទុកខ្ពស់ចំពោះប្រជាជនគ្រប់ៗគ្នា។ យុវវ័យត្រូវបានរំពឹងថានឹងរៀនសូត្រ ហើយបំពេញការងារឱ្យបានល្អបំផុត ដោយពីមួយថ្ងៃទៅមួយថ្ងៃត្រូវចំណាយពេលច្រើនម៉ោងលើសពីរយៈពេលធ្វើការ ឬរៀនសូត្ររបស់ប្រទេសដទៃទៀត។ ចំណែកឯ ឪពុកម្តាយមួយចំនួនទៀតសោតចង់ឱ្យកូនដើរតាមទិសដៅជិវិត ឬការងារដែលពួកគាត់រៀបចំ គូសវៀសឱ្យរួចជាស្រច ដោយមិនបានខ្វាយខ្វល់ពីចំណង់ចំណូលចិត្តរបស់កូន ឡើយ។ ក្រៅពីកត្តាគ្រួសារ និងសង្គម មនុស្សមួយចំនួនដែលមិនឈានជើងចេញពីផ្ទះសោះបែបនេះ ក៏ត្រូវបានមិត្តភក្តិធ្វើបាប សើចចំអកតាមរយៈកាយវិការ និងពាក្យសម្តី នៅពេលពួកគេទៅសាលារៀនម្តងៗ។

ជាធម្មតានៅពេលដែលមនុស្សមានបញ្ហាស្រ្តេស ឬកង្វល់ក្នុងចិត្ត គឺតែងតែទៅរកដៃគូរពិភាក្សា ឬអ្នកជំនាញដើម្បីជួយរកដំណោះស្រាយឱ្យមានការធូស្បើយក្នុងចិត្ត ប៉ុន្តែចំពោះការរស់នៅក្នុងសង្គមដែលមានតែភាពល្អឥតខ្ចោះបែបនេះ បើសិនជានរណាម្នាក់មិនមានសមត្ថភាពសក្តិសមទៅនឹងកម្រិតស្តង់ដារសង្គម ពួកគេអាចនឹងក្លាយជាជនរងគ្រោះយ៉ាងងាយស្រួល។ មនុស្សនៅក្នុងសង្គមជប៉ុននឹងត្រូវបានចាត់ទុកថាជាមនុស្សទន់ខ្សោយ អសមត្ថភាព បើពួកគេទៅស្វែងរកនរណាម្នាក់ ដើម្បីជួយដោះស្រាយវិបត្តិផ្លូវចិត្ត។
មនុស្សដែលមានស្ថានភាព Hikikomori ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនគ្មានទីពឹង ឬមិនអាចរកជំនួយពីកន្លែងណាបានទាំងអស់ ហើយការចាកចេញពីបន្ទប់គេង ឬចេញទៅក្រៅផ្ទះគឺជារឿងដ៏លំបាកខ្លាំងសម្រាប់ពួកគេ ដោយគ្រាន់តែឃើញភាពមមាញឹក ឬមនុស្សច្រើន ពួកគេចាប់ផ្តើមមានអារម្មណ៍មិនស្រួល ឬភិតភ័យបាត់ទៅហើយ។ ចំណែកឯឪពុកម្តាយ ក៏មានភាពអាម៉ាសព្រួយអ្នកជិតខាង ឬសង្គមខាងក្រៅដឹងពីការផ្តាច់ខ្លួនរបស់កូន។ ដូច្នេះ ពួកគាត់មិនព្រមរកជំនួយពីអ្នកជំនាញដើម្បីពិនិត្យមើលស្ថានភាពដែលកូនគាត់កំពុងជួបប្រទះនោះទេ ប៉ុន្តែរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយមានរយៈពេលយូរទើបពួកគាត់ដាច់ចិត្តទម្លាយបញ្ហាចេញ និងស្វែងរកដំណោះស្រាយ។

ជាក់ស្តែង មនុស្សដែលផ្តាច់ខ្លួនពីសង្គមទាំងនេះ ចាប់ផ្តើមមិនចង់ទៅសាលារៀន ឈប់ទៅធ្វើការ និងបំពេញសកម្មភាពប្រចាំថ្ងៃនៅតែកន្លែងគេងតែប៉ុណ្ណោះ ដើម្បីគេចចេញពីពិភពពិត សម្ពាធគ្រួសារ និងសង្គម ពួកគេពឹងផ្អែកក្នុងពិភពអនឡាញ និង រស់នៅក្នុងភាពស្រមើស្រមៃ។ អ្នកមានបញ្ហានេះភាគច្រើន តែងតែអង្គុយនៅមុខកំព្យូទ័រ លេងហ្គេម មើលទូរទស្សន៍ អានសៀវភៅត្លុកតុក្កតា មើលរឿងភាគ និងកម្មវិធីកីឡា។ មួយចំនួនធំព្យាយាមមិនដេកនៅពេលយប់ រហូតដល់ម៉ោងភ្លឺ ដោយរងចាំឱ្យអ្នកផ្ទះរបស់ពួកគេដេកលក់អស់សិន ទើបចេញមកបន្ទប់ផ្ទះបាយរកចំណីអាហារ ហើយខ្លះទៀត មិននិយាយស្តីជាមួយឪពុកម្តាយ និងក្រុមគ្រួសារ ដោយអ្នកផ្ទះយកម្ហូបមកដាក់នៅមុខទ្វារបន្ទប់ដេក តែប៉ុណ្ណោះ៕
ដោយ៖ វង្ស លីលី

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?