ជីវិតកម្សាន្ដ
ក្រសួងកិច្ចការនារី ថ្កោលទោសការប្រកួតបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុលធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ
ក្រសួងកិច្ចការនារី បានប្រកាសសោកស្តាយ និងថ្កោលទោស ចំពោះសកម្មភាពប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ ព្រមទាំងបង្ហាញគំរូមិនល្អដល់សង្គម។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រួតពិនិត្យចំពោះការប្រឡងបវរកញ្ញាកន្លងទៅថ្មីៗនេះ ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីកុំឲ្យមានបញ្ហានេះនៅពេលក្រោយៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីចុះថ្ងៃទី ៣១ សីហានេះ បានឱ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាកសំលៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញ នូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារាកុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សំលៀកបំពាក់ស្ត្រីខ្មែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-31_15-42-16-724x1024.jpg)
ក្រសួងកិច្ចការនារីបានបន្តថា« ក្រសួងសូមសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ »។ ក្រសួងសូម អំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំតាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ, តាមគ្រប់រូប ភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
យ៉ាងណាក៏ដោយ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមាន ជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យកាន់តែល្អផូរផង់តទៅមុខទៀត ។
ថ្មីៗនេះរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រតិកម្មឈុតសំលៀកបំពាក់តំណាងខេត្ត ធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រីខ្មែរ ធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបេក្ខនារីតំណាងខេត្តស្ទឹងត្រែងស្លៀកពាក់សិចស៊ីរហូតលេចចេញតំបន់ពិសេសក្នុងកម្មវិធី Miss Grand Cambodia ២០២២៕
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-31_09-44-06-2-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/IMG_20220827_121520-1.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/IMG_20220827_121346-1.jpg)
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត