ជីវិតកម្សាន្ដ
លោក ប៊ិន ឆារ៉ាន់ វិចិត្រករមានទេពកោសល្យអាចគូរ និងសូនរូបដូចសឹងតែ ១០០ ភាគរយ
លោក ប៊ិន ឆារ៉ាន់ អាយុ ៤១ ឆ្នាំជាវិចិត្រករគំនូរ ចម្លាក់ និងសូនរូបមានទេពកោសល្យ និងថ្វីដៃពិសេសអាចគូរ និងសូនរូបដូចសឹងតែ១០០ភាគរយ។
មានដើមកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែបច្ចុប្បលោក ប៊ិន ឆារ៉ាន់រស់នៅភូមិព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បន្ទាប់ពីរៀបអាពាហ៍ពាហ៍ជាមួយភរិយានៅឆ្នាំ ២០០៧។

លោកបានចាប់អាជីពការងារនេះតាំងពីឆ្នាំ ១៩៩៨ រយៈពេលជាង ២ ទស្សវត្សរ៍កន្លងមកនេះ លោកបានខិតខំស្រាវជ្រាវហ្វឹកហ្វឺនសមត្ថភាពបបន្ថែមជាប្រចាំដើម្បីឱ្យស្នាដៃកាន់តែមានភាពលេចធ្លោ និងទទួលស្គាល់ពីមហាជន។ ស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។
ចំណង់ចំណូលចិត្ត និងទេពកោសល្យតាំងពីនៅក្មេងបានជំរុញឱ្យវិចិត្រកររូបនេះតស៊ូជម្នះគ្រប់ឧបសគ្គរហូតមានគំនិតបង្កើតស្នាដៃសូនរូបមុខដូចជាច្រើន ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន។

លោក ប៊ិន ឆារ៉ាន់ បានរំឭកប្រាប់កម្ពុជាថ្មីថា លោកមានដុង និងរៀនគូរគំនូរតាំងពីអាយុ ៧ ឆ្នាំ មកម្ល៉េះតាមប៉ារបស់ខ្លួនដែលជាគ្រូបង្រៀនសាលាបឋម។ លោករៀនដល់ត្រឹមថ្នាក់អនុវវិទ្យាល័យប៉ុណ្ណោះ លុះដល់ជីវភាពលំបាកលោកក៏សម្រេចចិត្តឈប់រៀន ហើយទៅបួសជាសាមណេរនៅវត្តស្វាយមីង។
អំឡុងពេលបួសរៀនលោកបានឃើញជាងគំនូរចូលគូររូបនៅក្នុងវត្ត ហើយក៏ចាប់អារម្មណ៍ចង់រៀនក៏បានលាចាកសិក្ខាបទ ដើម្បីសុំដើរតាមគ្រូដែលជាជាងគំនូររយៈពេល ៦ ខែ បន្ទាប់មកក៏បានសុំបែកពីគ្រូចេញគូរខ្លួនឯងជាមួយបងប្រុស ២ នាក់ទៀត។

បន្ទាប់ពីដើរគូរតាមវត្តបានមួយរយៈលោកគិតថា ចំណេះដឹងផ្នែកគំនូររបស់ខ្លួននៅមានកម្រិតក៏បានធ្វើដំណើរមកភ្នំពេញ ហើយឃើញសមាគមមួយបណ្ដុះបណ្ដាលសូនរូប គូរគំនូរ ប៉ុន្តែលោកមិនបានចូលរៀនផ្ទាល់ទេបានត្រឹមតែលួចមើលពីខាងក្រៅប៉ុណ្ណោះ។
ទោះយ៉ាងណាលោកនៅតែព្យាយាមសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្តទៀតរហូតដល់ថ្ងៃមួយលោកបានជួបបងស្រីម្នាក់ ដែលជាបងស្រីគ្រូរបស់លោកពីមុន គាត់ក៏បានណែនាំរូបលោកឱ្យទៅជាមួយប្អូនប្រុសរបស់គាត់ដែលបើកសាលាមរតកស្នេហ៍នៅខេត្តសៀមរាប បង្រៀនសិល្បៈសូនរូប និងគំនូរពេលនោះលោកក៏បានធ្វើដំណើរទៅតាមអ្វីដែលបងស្រីប្រាប់ ហើយបានទៅសិក្សាពីគ្រូ ឈ្មោះ ដួង តារាវិវឌ្ឍ រយៈពេល ៦ ខែទៀត។

លោក ប៊ិន ឆារ៉ាន់រំឭកថា ពេលនោះហើយជាពេលវេលាដែលលោកចេះដឹងក្បួនខ្នាត រូបមន្តពិតប្រាកដ ដោយសារគ្រូរបស់លោកបានសិក្សានៅសាលាវិចិត្រសិល្បៈសូនរូបនៅឯសាលារចនាភ្នំពេញ។
បន្ទាប់ពីរៀនជាមួយគ្រូនៅសៀមរាបរយៈពេល ៦ ខែ លោក ប៊ិន ឆារ៉ាន់ ក៏បានសុំគ្រូចេញមកប្រករបរខ្លួនឯងបន្តទៀត ដោយគូរគំនូរនៅវត្តព្រៃដើមថ្នឹង ឯខេត្តព្រៃវែង ហើយក៏ជាកន្លែងដែលរូបលោក បានជួបជាមួយភរិយា។
នៅឆ្នាំ ២០១៩ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លោកចង់បង្ហាញស្នាដៃសូនរូប លោកបានធ្វើរូបសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ហើយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម និងសារព័ត៌មាន។

លោក ប៊ិន ឆារ៉ាន់ ប្រាប់ថា លោកចេះគូរគំនូរផ្នែកទេសភាព មុខដូច សត្វ និងតាមជញ្ជាំងវិហារ គំនូរផុស និងស្មិតជាស្ពាន់។
ចំពោះតម្លៃមុខដូចបើធ្វើជាជ័រស្មាច់មុខដូចពាក់កណ្ដាលខ្លួន និងស៊ីម៉ងត៍តម្លៃ ៨០០ ដុល្លារ បើស្មិតជាស្ពាន់តម្លៃ ៤០០០ ដុល្លារ។ ចំណែកររូបមួយជំហរស្មិតជាស៊ីម៉ងត៍តម្លៃ ២ ពាន់ដុល្លារ ខណៈស្ពាន់ ៨ ទៅ ១ ម៉ឺនដុល្លារ។
ទៅថ្ងៃអនាគតលោកចង់បង្ហាញស្នាដៃ ដោយធ្វើរូបវិរៈបុរសជាច្រើនទៀតដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់ ហើយលោកចង់បង្កើតជាសមាគមមួយបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឱ្យចេះ ព្រោះលោកគិតថា ជំនាន់នេះ មិនសូវមានអ្នកចេះច្រើន។

បច្ចុប្បន្នលោក កំពុងសូនរូបលោកវេជ្ជបណ្ឌិត បេអាត រិច្ឆន័រ (Beat RICHNER ) ស្ថាបនិកមន្ទីរពេទ្យគន្ធៈបុប្ផាបាន ៦០ ភាគរយ ហើយលោកនឹងស្មិតជាស្ពាន់យកទៅដាក់នៅមន្ទីរពេទ្យគន្ធៈបុប្ផាទី៤ និងគន្ធៈបុប្ផាទី៧ នៅខេត្តសៀមរាបដោយលោកលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន។
លោក ប៊ិន ឆារ៉ាន់ «ខ្ញុំអត់មានអ្វីសម្រាប់ជូនជាលុយជាកាក់ ប៉ុន្តែខ្ញុំមានទេព្យកោសល្យសម្រាប់ឱ្យកូនខ្មែរយើងជាពិសេសកុមារៗកម្ពុជាដែលជាកូនរបស់គាត់បានស្គាល់គាត់ ព្រោះគាត់បានទទួលមរណកាលទៅអ៊ីចឹងទេមានតែរូបសំណាកទេ។ ហើយខ្ញុំលះបង់ពេលវេលាថវិកាខ្លួនឯងគឺដើម្បីបង្ហាញការដឹងគុណ ព្រោះគាត់ជាជនបរទេស ប៉ុន្តែគាត់ ស្រលាញ់ខ្មែរជួយខ្មែរ»។

លោកចង់ប្រាប់ឱ្យអ្នកសិល្បៈ គំនូរ និងសូនរូបទាំងអស់ថា ពេលដេលយើងធ្វើអ្វីមួយយើងត្រូវដាក់អារម្មណ៍ធ្វើឱ្យអស់ពីចិត្តហើយមិនលាក់លៀម ហើយកុំគិតពីតម្លៃជាធំ គឺត្រូវគិតពីស្នាដៃជាធំវិញ កាលណាយើងមានស្នាដៃល្អិតល្អន់ច្បាស់លាស់ហើយ នោះលុយនឹងរត់មកតាមក្រោយ។
ក្រៅពីនេះ ទៅថ្ងៃខាងមុខលោកចង់ធ្វើរូបវិរៈបុរសខ្មែរឱ្យបានច្រើន ដូចជាអតីតព្រះមហាក្សត្រ អ្នកសិល្បៈ និងអ្នកល្បីៗជាច្រើនរូបទៀត ដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់។
សូមជម្រាបថា លោក ប៊ិន ឆារ៉ាន់ ជាវិចិត្រករគំនូរ ចម្លាក់ និងសូនរូបយ៉ាងមានថ្វីដៃពិសេស ដែលអាចសូនរូបដូច ឬគូររូបដូចស្ទើ១០០ភាគរយ។

ស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។ លោកចំណាយពេល២សប្ដាហ៍ដើម្បីសូនរូបមុខដូចមួយ ចំណាយពេល២ថ្ងៃ ដើម្បីគូរគំនូរមុខដូចមួយផ្ទាំង(១មx១.២ម) និងចំណាយពេល៣ថ្ងៃ ដើម្បីបានគំនូរទូទៅមួយផ្ទាំង ឬអាចឆាប់ជាងនេះទៅតាមតម្រូវការបន្ទាន់របស់អតិថិជន។
ការសូនរូបមុខដូចរបស់លោកអាចធ្វើពីស្ពាន់ ជ័រស្មាច់ លង្ហិន ទង់ដែង ហើយតម្លៃ នៃរូបប្រែប្រួលទៅតាមប្រភេទហ្នឹងដែរ។ លោកក៏ទទួលគូររូបតាមទីតាំងផ្សេងៗដូចជា វត្ត ព្រះវិហារ ហាងលក់ទំនិញជាដើមផងដែរ៕




អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ