ជីវិតកម្សាន្ដ
ដំណើរជីវិតចុងក្រោយរបស់សិល្បការិនីមានទេពកោសល្យខ្ពស់អ្នកស្រី ហួយ មាស ឬ នាង មាស មេត្រី
មាស មេត្រី ជារហស្សនាម និងជាគោរមងារ ប្រចាំវិទ្យុជាតិកម្ពុជារបស់អ្នកស្រី ហួយ មាស ដែលបានទទួលនៅអំឡុងឆ្នាំ ១៩៦៩។ សិល្បការិនីមានទេពកោសល្យខ្ពង់ខ្ពស់ និងមានចំណេះដឹងជ្រៅជ្រះ អ្នកស្រី ហួយ មាស មានកំណើតនៅថ្ងៃចន្ទ ខែបុស្ស ឆ្នាំរកា ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦។

អ្នកស្រី ហួយ មាស មានវ័យចាស់ជាង អ្នកស្រី រស់ សេរីសុទ្ធា ចំនួន ១០ ខែ។ តែអ្នកស្រី បានប្រឡងជាប់ចូលរៀនអនុវិទ្យាល័យមុនអ្នកស្រី រស់ សេរីសុទ្ធា ដល់ទៅពីរឆ្នាំ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
ឪពុករបស់សិល្បការិនីដ៏ល្បីល្បាញអ្នកស្រី ហួយ មាស មានឈ្មោះ ហួយ យ៉ុត ជាបុគ្គលិកស្ថានីយអយស្ម័យយានបាត់ដំបង និងម្ដាយឈ្មោះ ប៊ុត ជិន ជាមេផ្ទះ។ អ្នកស្រី ហួយ មាស ជាកូនស្រីពៅ នៃបណ្ដាកូនទាំងបី។ បងប្រុសទី១-ឈ្មោះ ហួយ ស៊ីយឿន និងបងប្រុសទី២-ឈ្មោះ ហួយ ស័យោ។ ចំណែកសាច់ញាតិដទៃទៀត បានធ្វើមរណកាលយូរទៅហើយ។

យោងតាមក្រុមព្រះសុរិយា អ្នកស្រី ហួយ មាស ជាសិល្បករពហុជំនាញដែលប្រកបដោយទេពកោសល្យខ្ពង់ខ្ពស់ និងមានចំណេះដឹងជ្រៅជ្រះ បានបម្រើវិស័យសិល្បៈជាតិ ស្ទើរតែពេញមួយជីវិត។
អ្នកស្រី ហួយ មាស មានរហស្សនាមប្រចាំថា «នាង មាស មេត្រី» ដែលគេដឹងថា ក្រៅពីជាអ្នកចម្រៀងប្រកបដោយទឹកដមសំនៀងផ្អែមត្រជាក់ នាងជាសិល្បករផ្នែកល្ខោននិយាយដ៏មានទេពកោសល្យ ជាទីស្នេហា នៃមហាជនទៀតផង។

ក្រៅពីនេះ សិល្បការិនីមានទីកំណើតនៅទឹកដីនៅស្រុកចម្ការសំរោង ខេត្តបាត់ដំបង អាចបញ្ចូលសំឡេងភាពយន្ត អត្ថាធិប្បាយ ធ្វើពិធីករ ឬ រៀបចំកម្មវិធីផ្សាយផ្សេងៗ ក្នុងវិទ្យុជាតិកម្ពុជា ប្រកបដោយគំនិតច្នៃប្រឌិត ក្នុងការចែករំលែកគំនិតល្អៗ ទៅកាន់មិត្តអ្នកស្ដាប់ទៀតផង។
មុនឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស មានការងារមមាញឹកណាស់ ក្រៅពីជាអ្នកចម្រៀង នាងត្រូវបំពេញកិច្ចការងារជាច្រើននៅក្នុងវិទ្យុជាតិកម្ពុជា។
នាង មាស មេត្រី ឬ អ្នកស្រី ហួយ មាស បានបំពេញការងារនៅក្នុងនាទីជាច្រើនដូចជា ៖
១-នាទីចម្រៀងយុទ្ធជន
២-នាទីចម្រៀង និងតន្ត្រីទំនើប
៣-នាទីល្ខោននិយាយ
៤-នាទីសិក្សាអប់រំជាដើម..។
អ្នកស្រី ហួយ មាស «សៀវភៅល្អ ជាឱសថកែចិត្តគំនិត និងចរិយារបស់មនុស្សឲ្យបានប្រសើរ។ សៀវភៅល្អ ជាមគ្គុទ្ទេសក៍ដឹកនាំអ្នកអានឆ្ពោះទៅរកវឌ្ឍនភាព និងសុភមង្គល។ អានសៀវភៅល្អច្រើន ចេះចាំច្រើន ចម្រើនពិត នេះជាពាក្យទូន្មានមួយដែលសិស្សគួរចងចាំ។ ផ្ទុយទៅវិញ សៀវភៅអាក្រក់ ជាពិសពុល ជាមេរោគកំណាចដែលធ្វើឲ្យអ្នកអានដើរខុសផ្លូវ ឲ្យខាតបង់ប្រាក់កាស និងពេលវេលា ឲ្យប្រាសចាកសីលធម៌ ឲ្យប្រព្រឹត្តអំពើអបាយមុខ»។
មរតកស្នាដៃរបស់សិល្បការិនីពហុជំនាញអ្នកស្រី ហួយ មាស នៅតែបម្រើសិល្បៈខ្មែរ និងពេញនិយមរហូតមកដល់បច្ចុប្បន្ននេះ។
ត្រឡប់ទៅរកអតីតកាលដ៏សែនរន្ធត់ នាព្រឹត្តិការណ៍ថ្ងៃរំដោះប្រជាជនចេញពីរដ្ឋធានីភ្នំពេញ
ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស និងកូន ០២ នាក់ គឺ វណ្ណលី ដាលី មានអាយុ ០៥ ឆ្នាំ និងកូនពៅ ឈ្មោះ វណ្ណលី ដូដូ អាយុ ០៣ ឆ្នាំ កំពុងស្ដាប់ស្ថានការណ៍ស្រុកទេស និងរង់ចាំដំណើរវិលត្រឡប់មកវិញ នៃស្វាមីរបស់នាង គឺ នាយប៉ូលិសជាតិក្រុងភ្នំពេញ លោក វណ្ណលី កេសរោ ក្នុងគេហដ្ឋានដ៏តូចច្រឡឹង ដែលមានទីតាំងនៅតំបន់ទួលគោក ទល់មុខបឋមសិក្សាទួលគោក។
សិល្បការិនីដ៏ល្បីល្បាញអ្នកស្រី ហួយ មាស ខកខានបំពេញការងារ ០២ ទៅ ០៣ ថ្ងៃមកហើយ ដោយសារស្ថានភាព នៃប្រទេសកម្ពុជា កាន់តែដុនដាបខ្លាំង កងទ័ពសាធារណរដ្ឋខ្មែរ បាក់ទ័ពគ្រប់ទីកន្លែង។
វិទ្យុក្រុងភ្នំពេញ ភ្លាមៗនោះ បានប្រកាសអំពីជោគជ័យ នៃបដិវត្តខ្មែរក្រហម ដណ្ដើមបានទីក្រុងភ្នំពេញ និងកិច្ចការចរចារវាងខ្មែរក្រហម និងសាធារណរដ្ឋខ្មែរ។
អ្នកស្រី ហួយ មាស មានបំណងចេញទៅវិទ្យុជាតិ តែចៃដន្យ មានកូនចៅស្វាមីរបស់នាង មកប្រាប់ថា ឲ្យរក្សាភាពស្ងៀមស្ងាត់ រក្សាកូនទាំងពីរ នៅផ្ទះឲ្យស្ងៀម កុំចេញទៅក្រៅ ហើយស្ដាប់ទិសដៅផែនការរបស់របបថ្មីសិន។
ម៉ោងប្រមាណជាង ៨ កន្លះព្រឹក កងរំដោះដែលមានពាក់អាវខ្មៅ លើកទង់ជ័យជម្នះនៅទូទាំងរដ្ឋធានីភ្នំពេញ មិនបានប៉ុន្មានផង ប្រជារាស្ត្រខ្មែររាប់ម៉ឺននាក់ បានចាកចេញពីគេហដ្ឋានតាមការជម្លៀសស្រែកបញ្ជាឲ្យចាកចេញពីទីក្រុងភ្នំពេញរយៈពេល ០៣ ថ្ងៃសិន ព្រោះ អាមេរិក នឹងទម្លាក់គ្រាប់បែក។
អ្នកស្រី ហួយ មាស និងកូនៗទាំងពីរ រួមទាំងអ្នកនៅជាមួយពីរនាក់ បានរៀបចំសម្ភារៈមួយចំនួនចាកចេញពីផ្ទះ ទៅតាមបណ្ដោយផ្លូវជាតិលេខ ២ តាមទិសដៅដែលខ្មែរក្រហមដាក់ទិសចុះមក។
នៅតាមផ្លូវមានសាក្សីជាច្រើនបានឃើញអ្នកស្រី ហួយ មាស និងកូនៗរបស់នាង ក្នុងទឹកមុខព្រួយបារម្ភ ដូចប្រជាជនខ្មែរដទៃទៀតដែរ មិនដឹងថា តើជោគវាសនារបស់នាង នឹងទៅជារបៀបណា? បានប៉ុន្មានថ្ងៃ អង្គការបដិវត្ត រៀបចំចុះឈ្មោះប្រជាជនទាំងនោះ ដោយចូលស្ថានការណ៍មិនស្រួល អ្នកស្រី ហួយ មាស ព្យាយាមលាក់បាំងប្រវត្តិពិតរបស់នាង ដោយប្រាប់អង្គការបដិវត្តថា នាងឈ្មោះ លុង នាងឈ្មោះ លុក ជាអ្នករកស៊ីម្នាក់ ចិញ្ចឹមកូនប្រុសពីរនាក់។ ទោះបីជាព្យាយាមលាក់បាំងយ៉ាងណាក៏ដោយ ក៏លាក់ពុំជិតដែរ ខ្មែរក្រហម ស្គាល់អ្នកស្រី ហួយ មាស ច្បាស់ណាស់ ហើយក៏បញ្ជូននាង និងកូនៗ តាមរថភ្លើងមកកាន់ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មកដល់ទីនោះ អ្នកស្រី ហួយ មាស រស់យ៉ាងស្ងៀមស្ងាត់ ស្ដាប់ការដាក់ទិសរបស់អង្គការដោយពុំហ៊ានងាករេអ្វីឡើយ។
បន្ថែមនោះ មកដល់តំបន់នោះ អ្នកស្រី ហួយ មាស បានជួបអតីតប្អូនថ្លៃរបស់នាង គឺ នាង អ៊ុំ សុផាន់ណារ័ត្ន និងកូនស្រីទី ១ របស់នាង គឺ អ៊ុំ សោមាវត្តី ដែលបែកគ្នាតាំងពីឆ្នាំ ១៩៧០ ក្រោយពេលនាងលែងលះជាមួយស្វាមីទី ១ ជាមួយលោក អ៊ុំ សុផានុរក្ស ហៅ យែល ជាតន្ត្រីករ។ ការជួបនេះ ពុំអាចរស់នៅជាមួយគ្នាបាននោះទេ នាង អ៊ុំ សុផាន់ណារ័ត្ន ត្រូវបែកចេញទៅកងនារី។ កូនស្រីរបស់អ្នកស្រី ហួយ មាស ត្រូវរស់នៅក្នុងកងកុមារ។ ចំណែកអ្នកស្រី ហួយ មាស ត្រូវរស់នៅក្នុងកងមេម៉ាយ។
ការរស់នៅដោយវេទនា កម្សត់ មិនដែលជួបប្រទះ អ្នកស្រី ហួយ មាស ព្យាយាមហែលឆ្លងដោយក្ដីសង្ឃឹមជានិច្ច។ អ្នកស្រី តែងប្រាប់មិត្តនារីដែលធ្វើការជិតដិតជាមួយខ្លួនថា នាថ្ងៃណាមួយ អ្នកស្រី នឹងបានទៅក្រុងភ្នំពេញវិញ ហើយបានបម្រើវិស័យសិល្បៈបន្តរហូតដល់ជីវិតសូន្យ។
ចុងឆ្នាំ ១៩៧៦ អ្នកស្រី ហួយ មាស ជាមួយប្រជាជនខ្មែររាប់ម៉ឺននាក់ទៀត ត្រូវបានខ្មែរក្រហមដាក់ទិសឲ្យលើកទំនប់ទឹកមួយឈ្មោះថា ទំនប់រាមគុន ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សិល្បការិនីពហុជំនាញ ហួយ មាស ទទួលបានការអាណិតអាសូរយ៉ាងជ្រាលជ្រៅពីប្រជាជននៅមូលដ្ឋាននោះ ដោយនាងជាមនុស្សអំណត់ ព្យាយាម តស៊ូ និងនិយាយយ៉ាងពីរោះផ្អែមល្ហែមជាប់ចិត្តនេះហើយ នៅពេលលើកទំនប់ម្តងៗ ប្រជាជននៅទីនោះតែងតែសំណូមពរនាងឲ្យច្រៀងចម្រៀងអង្គការកំដរការនឿយហត់។ នាង មាស មេត្រី ឬ ហួយ មាស ច្រៀងបណ្ដើរ ធ្វើការបណ្ដើរ រហូតដល់កងឈ្លបខ្មែរក្រហម ២ , ៣ នាក់ ចាប់ផ្ដើមកើតចិត្តមិនល្អលើនាង។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៧ ជាខួបរំលឹកជោគជ័យបដិវត្តលើកទី ២ នៃអង្គការខ្មែរក្រហម គ្រប់គ្រងបានប្រទេសកម្ពុជាទាំងមូល។ អង្គការ អនុញ្ញាតឲ្យទាសករទាំងអស់សម្រាកមួយថ្ងៃ ដោយអាចទៅជួបជុំបងប្អូននៅមូលដ្ឋានផ្សេងៗបាន តែពេលនោះ នាង ហួយ មាស ពុំបានទៅទីណាទាំងអស់ នាងបានសុំសម្រាកនៅក្នុងខ្ទមរបស់នាង ពេលនោះ មាននារីកងឈ្លបខ្មែរក្រហមម្នាក់ និងយោធាក្មេង ៣ ៤ នាក់ នាំនាងចេញពីខ្ទមទៅ ដោយពួកគេបានប្រាប់នាងថា ពួកគេបានស្រាវជ្រាវអត្តសញ្ញាណរកឃើញថា នាងគឺជាអតីតអ្នកបម្រើរបបចាស់ ហើយស្វាមីរបស់នាងគឺជានាយប៉ូលិសបម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែលប្រឆាំងនឹងខ្មែរក្រហមទៀតផង។ ពួកគេ ក៏បានបណ្ដើរនាងចេញទៅ ពេលបណ្ដើរចេញទៅ នាងព្យាយាមជជែកតវ៉ារកយុត្តិធម៌ពីក្រុមខ្មែរក្រហមទាំងនោះ ប៉ុន្តែក្រុមបិសាចមច្ចុរាជទាំងនោះ ពុំមានសតិសម្បជញ្ញៈអ្វីឡើយ រឹងរឹតតែងតែប្រើភាសាចម្លែក សម្លុត គំរាម លើរូបនាងថែមទៀត។
មកដល់របងមន្ទីរកែប្រែភ្លាម នារីមេកងនោះ ក៏ប្រគល់រូបនាង ហួយ មាស ឲ្យទៅកងឈ្លប ៣ , ៤ នាក់ នោះ ចាត់ការតាមចិត្ត ដោយគេបានដឹងថា ពួកវាបានរំលោភនាងយ៉ាងសាហាវព្រៃផ្សៃ ហើយសម្លាប់នាងចោលនៅក្រោយវត្តធម្មយុទ្ធនោះតែម្ដង។ អ្នកស្រី ហួយ មាស បានស្រែកជេរកងឈ្លបទាំងនោះ ដែលកំពុងរំលោភនាង ហើយពួកវាក៏យកកាំភ្លើងបាញ់នាងតែម្ដង។
រឿងមួយទៀតដែលមហាសែនរន្ធត់ គឺពួកវាវះយកថ្លើមរបស់អ្នកស្រី ហួយ មាស មកមើល ហើយលើកពាក្យថា តើថ្លើមធំប៉ុណ្ណា ហ៊ានតវ៉ានឹងអង្គការ។ ចាប់ពីថ្ងៃនោះមក ប្រជាពលករនៅស្រុកមោងឬស្សី តំបន់រាមគុន លែងឃើញវត្តមាននាង ហួយ មាស ជារៀងរហូត ដោយក្ដីអាណិត និងអាឡោះអាល័យបំផុត។
ក្រោយថ្ងៃរំដោះ ទី ៧ ខែមករា ឆ្នាំ ១៩៧៩ ប្រជាជននៅមូលដ្ឋាននោះ បានរៀបចំមន្ទីរកែប្រែ វត្តធម្មយុទ្ធ ហើយបានជីកកកាយសាកសពរកឆ្អឹងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលត្រូវខ្មែរក្រហមសម្លាប់ចោលនៅទីនោះ។
ការបាត់បង់សិល្បករសិល្បការិនីពហុជំនាញដែលប្រកបដោយទេពកោសល្យ និងចំណេះដឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សែនអាឡោះអាល័យ រកអ្វីប្រៀបពុំបានឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?