Connect with us

ជីវិតកម្សាន្ដ

ប្រវត្តិតស៊ូមិនធម្មតារបស់កូនខ្មែរ ទម្រាំប្រែក្លាយជាតួឯកនៅហូលីវូដ ព្រោះចង់លើកមុខមាត់ជាតិ

បានផុស

នៅ

“ខ្ញុំចូលធ្វើការនៅហូលីវូដ ១៥ឆ្នាំហើយ ដោយមានតួនាទីជាអ្នកបង្កើតក្បាច់គុន និងបង្ហាត់តួល្បីៗ។ ខ្ញុំចង់ដើរតួដែរ ប៉ុន្តែនៅសហរដ្ឋអាមេរិក គេមិនសូវយកជនជាតិអាស៊ី ធ្វើតួឯកទេ។ យើងខ្មែរ សម្បុររាងខ្មៅបន្តិច សូម្បីជនជាតិអាស៊ីដូចគ្នា ក៏អត់ត្រូវការយើងដែរ។ តែឥឡូវមានជនជាតិចិនជាច្រើនធ្វើតួឯក​ ដោយសំណាងល្អ ខ្ញុំចេះក្បាច់គុន គេជ្រើសខ្ញុំឱ្យសម្ដែងក្នុងភាពយន្ត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រយោគសម្ដីពោរពេញដោយភាពក្ដុកក្ដួល និងមោទនៈនេះ ជាការរៀបរាប់របស់កូនខ្មែរប្រាប់ “កម្ពុជាថ្មី”។ លោក សៅ ឌី ជាតួឯកថ្មីក្នុងវិស័យភាពយន្តវាយប្រហារនៅហូលីវូដ ក្នុងភាពយន្តចំណងជើងថា “អ្នកប្រយុទ្ធហនុមា” ឬ “Hanuman Shadow Master”។

លោក ឌី សៅ បានឱ្យដឹងថា លោកមានដើមកំណើតនៅខេត្តបាត់ដំបង កើតក្នុងឆ្នាំ១៩៧៩ ដោយគ្រួសាររបស់លោកបានប្ដូរទៅរស់នៅ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីលោកអាយុ ៣ឆ្នាំ។ លោកបានហាត់ក្បាច់គុនតាំងពីអាយុ ៧ឆ្នាំ ដោយធ្វើត្រាប់តាម លោក ជេត លី និង លោក ជេកគីចាំង។

លោក ឌី សៅ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកចិត្តវិទ្យា នៅឆ្នាំ២០០៣។ ក្រោយមក លោកបានតំណាងឱ្យអាមេរិក ចូលប្រកួតកុងហ្វូ នៅប្រទេសចិន។ បន្ទាប់មក លោកបានធ្វើការជាមួយ តារាសម្ដែង លោក ជេកគីចាំង ហើយក៏បានជួបគ្រូបង្វឹកក្បាច់គុនសៅលិងល្បីបំផុតនៅចិន។

ក្នុងនាមជាកូនខ្មែរ លោក ឌី សៅ បានពាំនាំក្បាច់គុនល្បុកតោខ្មែរទៅឆាក់អន្តរជាតិ ធ្វើឱ្យជនជាតិបរទេសស្ងើចសរសើរ។

លោកបានបោះជំហ៊ានចូលហូលីវូដជាតួអង្គជំនួស ជាអ្នករៀបចំឈុតឆាកសម្ដែង និងជាគ្រូបង្រៀនគុនខ្មែរប្រដាល់សេរី និងកុងហ្វូ ដល់តួអង្គសំខាន់ៗ ជាពិសេសតួដែលសម្ដែងក្នុងភាពយន្តបែបវាយប្រហារ និងប្រើក្បាច់គុនជាដើម។

បច្ចុប្បន្ន ភាពយន្តរឿង “អ្នកប្រយុទ្ធហនុមា” ឬ “Hanuman Shadow Master” កំពុងបញ្ចាំងនៅតាមបណ្ដារោងភាពយន្តនៅកម្ពុជា និងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា។

លោក ឌី សៅ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំរំភើបណាស់ ដែលដឹងថា ភាពយន្តថ្មីរបស់ខ្ញុំចំណងជើង អ្នកប្រយុទ្ធហនុមា Hanuman Shadow Master បានចាក់បញ្ចាំងនៅកម្ពុជា នៅខែមករានេះ។ ភាពយន្តនេះបង្ហាញពីការតស៊ូរបស់ជនជាតិខ្មែរនៅហូលីវូដ ចាប់ផ្ដើមពីតួសម្ដែងតូចតាច ឥឡូវអាចសម្ដែងជាតួឯក ក្នុងវិស័យភាពយន្តអាមេរិក”។

លោក ឌី សៅ បានសង្កត់ធ្ងន់ថា៖ “ប៉ុន្តែអ្វីដែលសំខាន់ គឺអាចបង្ហាញវប្បធម៌ក្បាច់គុនរបស់ដូនតាខ្មែរ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើ​រឿង​ឱ្យ​បាន​ល្អ​ជាង​មុន​នៅ​ថ្ងៃ​ខាង​មុខ អរគុណសម្រាប់ការគាំទ្រពីអ្នកតាំងអស់គ្នា”។

លោក ឌី សៅ បានឱ្យដឹងបន្ថែមថា លោកបានចូលរួមកិច្ចការក្នុងការផលិតភាពយន្តល្បីៗនៅហូលីវូដជាច្រើន។ ជាក់ស្ដែងថ្មីៗនេះ លោកគឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូ៣នាក់ របស់តារាប្រុស លោក Simu Liu រឿង “Shang-Chi and the Legend of the Ten Rings” របស់ក្រុមហ៊ុន Marvel Entertainment ផងដែរ។

លោកក៏បានបង្ហាត់ក្បាច់គុន ដល់តួសម្ដែង ក្នុងខ្សែភាពយន្តរឿង “Everything Everywhere All At Once” ដែលបានឈ្នះពាន់រង្វាន់ជាច្រើន ក្នុងនោះ លោក Ke Huy Quan បានឈ្នះពាន់រង្វាន់ Golden Globe Award សម្រាប់តារាសម្តែងល្អបំផុត។

លោក ឌី សៅ បានបញ្ជាក់បន្ថែមថា៖ “ប៉ុន្តែខ្ញុំចង់ដើរតួឯក ព្រោះអីបើយើងគ្រាន់តែបង្ហាត់គេ យើងលើកកិត្តិយសក្បាច់គុនខ្មែរម៉េចបាន? គេអត់ដឹងយើង [ខ្មែរ] ផង។ ខ្ញុំគិតថា ទាល់តែយើងដើរតួខ្លួនឯក ទោះបីយើងអត់បានលុយដូចធ្វើការឱ្យ Marvel ប៉ុន្តែខ្ញុំគួរតែដើរផ្លូវហ្នឹង ទើបអាចតំណាងឱ្យប្រទេសជាតិ [កម្ពុជា]”។

លោក ឌី សៅ បានឱ្យដឹងថា ភាពយន្តរឿង “Hanuman Shadow Master” ជារឿងទី២ ដែលលោកដើរជាតួឯក បន្ទាប់ពី ៣ឆ្នាំមុន លោកក៏បានសម្ដែងជាតួឯក្នុងរឿង “Fast Vengeance” ម្ដងរួចមកហើយ។ លោកមានក្ដីស្រមៃ ចង់ផលិតភាពយន្តនៅកម្ពុជានាពេលសមស្របណាមួយក្នុងអនាគត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម