ជីវិតកម្សាន្ដ
ភាពយន្តខ្មែរចេញទៅទីផ្សារអន្តរជាតិ ខណៈ ៣ប្រទេសបានទិញ ប្រទេសផ្សេងកំពុងចរចា
អ្នកស្រី ប៊ុន ចាន់និមល បានឱ្យដឹងថា ឥឡូវនេះភាពយន្តរបស់សាស្ត្រាហ្វីម នឹងចេញទៅទីផ្សារអន្តរជាតិ គឺរឿង “ហាមបិទភ្នែក” ដោយបានចុះកិច្ចសន្យាលក់ចេញរួចហើយ បន្ទាប់ពីរូបភាពភាពយន្តត្រូវគេយកទៅតាំងលក់នៅ ទីផ្សារភាពយន្តអន្តរជាតិ នៅហុងកុង កាលពីសប្ដាហ៍កន្លងទៅ។

អ្នកស្រី ប៊ុន ចាន់និមល អ្នកនិពន្ធ និងជានាយិកា ផលិតកម្ម សាស្ត្រាហ្វីម (Sastra Film) មានប្រសាសន៍បន្ថែមប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ឥឡូវជាផ្លូវការ សាស្ត្រាហ្វីម បានលក់ភាពយន្តរឿង “ហាមបិទភ្នែក” ទៅកាន់ប្រទេសចំនួន ៣ហើយ ដែលគេនឹងចាក់បញ្ចាំងឆាប់ៗនៅតាមរោងកុនប្រទេសទាំងនោះ។ ប៉ុន្តែអ្នកស្រីមិនទាន់អាចបញ្ចេញឈ្មោះប្រទេសចំនួន ៣នោះបានទេ ដោយសារត្រូវរង់ចាំការប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការសិន។

អ្នកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “ដោយសាររឿងនេះ កំពុងលក់បន្តបន្ទាប់ទៅប្រទេសផ្សេងៗទៀត ដោយសារឥឡូវគេចុះកុងត្រាលក់បាន ៣ប្រទេសហើយ ហើយយើងកំពុងរុញបញ្ចេញទៅប្រទេសផ្សេងៗទៀត។ អ៊ីចឹង បន្ទាប់ពីយើងលក់បានប៉ុន្មានប្រទេសហ្នឹងសរុប តាមរោងកុននីមួយៗ គេនឹងចេញថ្ងៃចាក់បញ្ចាំងឱ្យយើង”។

អ្នកស្រី ប៊ុន ចាន់និមល បានឱ្យដឹងថា ភ្នាក់ងារទិញលក់ភាពយន្តអន្តរជាតិ អត់ដែលលក់ភាពយន្តខ្មែរកន្លងមកទេ តែគេចាប់អារម្មណ៍ភាពយន្តរឿង “ហាមបិទភ្នែក” រួចគេទាក់ទង សាស្ត្រាហ្វីម យកភាពយន្តនេះ ទៅលក់នៅទីផ្សារហុងកុងដំបូងគេ កាលពីសប្ដាហ៍កន្លងទៅ។ លោកស្រីបានឱ្យដឹងបន្ថែមថា ព្រោះកាលពីសប្ដាហ៍កន្លងទៅ ថ្ងៃទី១២ ដល់ ១៦ ខែមីនា ឆ្នាំ២០២៣ នៅហុងកុងមានធ្វើពិព័រណ៍ភាពយន្ត ដែលគេដាក់លក់ភាពយន្តមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះមានរឿង “ហាមបិទភ្នែក” ត្រូវបានគេជ្រើសរើសដាក់ក្នុងទីផ្សារធំនោះ”។

ចំពោះការជ្រើសរើសភាពយន្តរបស់ សាស្ត្រាហ្វីម ចូលទីផ្សារភាពយន្តអន្តរជាតិ អ្នកស្រី ប៊ុន ចាន់និមល លើកឡើងថា នេះជាដំណាក់កាលនៅក្នុងផែនការរបស់ សាស្ត្រាហ្វីម ព្រោះតាំងពីដើមមក សាស្ត្រាហ្វីម មានគោលការណ៍មួយគឺ ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក ដោយតែងរកវិធីនានាដើម្បីនាំភាពយន្តខ្មែរទៅដល់ទីផ្សារអន្តរជាតិ។

អ្នកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “យើងមានវិធីផ្សេងៗ ក្នុងហ្នឹង App របស់យើង ក៏មានទស្សនិកជនបរទេសចូលមើលច្រើនផងដែរ។ ដោយឡែកការចាក់បញ្ចាំងរឿង “ហាមបិទភ្នែក” ចូលទីផ្សារអន្តរជាតិហ្នឹង ជារូបភាពមួយបែបទៀត គឺជាភាពយន្តបញ្ចាំងតាមរោងកុនវិញម្ដង។ អ៊ីចឹងខ្ញុំគិតថា នេះជាសញ្ញាដ៏ល្អមួយ ជាការបើកទំព័រទីផ្សារភាពយន្តខ្មែរលើទីផ្សារភាពយន្តអន្តរជាតិ ព្រោះកន្លងមកស្ទើរតែមិនមានរឿងខ្មែរលើទីផ្សារអន្តរជាតិ អ៊ីចឹងគេអត់ស្គាល់ខ្មែរ ភាពយន្តខ្មែរទេ។ យើងចាប់ផ្ដើមពីចំណុចហ្នឹងទៅ ជាបន្តបន្ទាប់ទៀតយើងនឹងមានរឿងខ្មែរផ្សេងៗទៀត ដើម្បីឱ្យគេស្គាល់ខ្មែរ ដូចគេស្គាល់ភាពយន្តកូរ៉េអីជាដើម”។

ចំពោះការផលិតភាពយន្តបញ្ចាំងរោងលើកក្រោយៗ អ្នកស្រី ប៊ុន ចាន់និមល បានឱ្យដឹងថា សាស្ត្រាហ្វីម មានផែនការផលិតដោយពង្រឹងគុណភាពឱ្យកាន់តែល្អឡើង ព្រមទាំងសិក្សាពីតម្រូវការទីផ្សារ ជ្រើសរើសប្រភេទភាពយន្តដែលអាចនាំចេញទៅក្រៅប្រទេសបាន ដោយផ្ដោតទីផ្សារក្នុង និងក្រៅប្រទេសកាន់តែច្រើន។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ មានខ្លឹមសារអប់រំសង្គម និងមានគុណភាពអាចទទួលយកបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?