ជីវិតកម្សាន្ដ
តារាខ្មែរសម័យសង្គមរាស្ត្រនិយម ៧ ដួង ចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ
តារាភាពយន្តខ្មែរជំនាន់ដើម ៧ ដួង ចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ ខណៈសិល្បៈបុរាណសម័យគ្រប់ទម្រង់ និងក្បាច់គុនបុរាណខ្មែរ ត្រូវបានប្រមូលផ្ដុំ ចងក្រង ឲ្យចេញជារូបរាងផ្លូវការ ក្នុងសម័យសង្គមរាស្ត្រនិយម មកដល់បច្ចុប្បន្ន និងនៅរាយប៉ាយតាមស្រុក តំបន់ ពាសពេញប្រទេស។
នៅសម័យសង្គមរាស្ត្រនិយម មានតារាភាពយន្ត ៧ ដួង ចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ ក្នុងនោះ ក្រៅពីហាត់រៀនចេះចាំស្ទាត់ តារាទាំងនេះ ក៏តែងបង្ហាញក្បាច់គុនទាំងនោះក្នុងខ្សែភាពយន្តជាច្រើនផងដែរ។
តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់«ក្រុមព្រះសុរិយា» បានឲ្យដឹងថា តារាភាពយន្តខ្មែរ ៧ ដួង ដែលចេះក្បាច់គុនល្បុក្កតោ រួមមាន ៖ ១.លោក ហ៊ុយ សាន់ (ជំនាញគុនដំបងវែង) ,២.លោក ឡាញ់ ដូរ៉ (ជំនាញក្បាច់ស្រង៉ែពេន), ៣.លោក ជា យុទ្ធថន (ជំនាញក្បាច់ឃុំ ,ទាត់ស្មង…) ,៤.លោក វណ្ណ វណ្ណៈ (ជំនាញគុនដាវព្រះរៀមថ្លែងស ,កិន្នរពាំផ្កា), ៥.លោក សាសា គុយនី (ជំនាញក្បាច់ខ្លាទះ), ៦.លោក ឱ ឌុំ (ជំនាញក្បាច់ស្រង៉ែពេន), ៧.លោក សេរី រតនា (ជំនាញក្បាច់ដាល់ និងឃុំ)។
យ៉ាងណាមិញនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សាស្ត្រាចារ្យ តារាភាពយន្ត និងសិស្សគុន ដែលចេះក្បាច់គុនល្បុក្កតោ ត្រូវបានខ្មែរក្រហមសម្លាប់ស្ទើរគ្មានសល់ គួរឲ្យសោកស្ដាយរកទីបំផុតគ្មាន។
ងាកមកបច្ចុប្បន្ន ក្រោយ កម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្បាច់គុនល្បុក្កតោ ក៏ត្រូវបានប្រមូលរៀបចំឡើងវិញ និងចេញជារូបរាងផ្លូវការជាថ្មី ប្រកបដោយមុខមាត់ខ្ពស់ គួរឲ្យមោទនភាពជាខ្លាំង។
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្បាច់គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ជាផ្លូវការ នៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារ៉ុក ហើយក្បាច់គុននេះ ទំនងជាកើតឡើងដំណាលគ្នា នៃការកកើតទឹកដីខ្មែរផងដែរ។ រឿងរ៉ាវនេះ អាចត្រូវបានស្វែងយល់តាមរយៈរឿងព្រេងខ្មែរ នូវការដំណាលតៗគ្នារបស់ដូនតាខ្មែរ។
ក្បាច់គុនល្បុក្កតោ មានប្រវត្តិដ៏ចំណាស់ កើតចេញពីពលទាហានម្នាក់ បានប្រើប្រាស់ដំបងរួមគ្នាជាមួយនឹង ក្បាច់ដៃ ជង្គង់ ដើម្បីវាយសត្វតោមួយក្បាល ដែលតែងតែមកវាយប្រហារយាយីសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិជាញឹកញាប់។
ប្រវត្តិសាស្ត្រក្បាច់គុនល្បុក្កតោ ត្រូវបានប្រវត្តិវិទូរកឃើញថា«មានឆ្លាក់តាមជញ្ជាំងប្រាសាទ តាំងពីទសវត្សទី ៩ ដូចជា ប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន»។ ក្បាច់គុននេះ បានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយក្លាយទៅជានិមិត្តរូប នៃអរិយធម៌ខ្មែរ រហូតមកដល់សព្វថ្ងៃ។
ក្បាច់គុនល្បុក្កតោ ដូចក្បាច់គុនខ្មែរផ្សេងៗទៀតដែរ បានប្រមូលផ្ដុំដោយក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិ នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការសត្វ ដូចជា បក្សី សេះ ខ្លា ដំរី កេនរ ក្រពើ ក្ដាម ពស់ នាគ និង ទា ជាដើម…។ ចំពោះទម្រង់ នៃគុនល្បុក្កតោ បានបង្កប់ខ្លួននៅក្នុងសិល្បៈបុរាណរបស់ខ្មែរ ដូចជា របាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ រីឯ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗ នៃក្បាច់គុននេះ បានបង្កប់ភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថរស់នៅរបស់មនុស្សក្នុងសង្គម។ ក្បាច់គុននេះ តម្រូវឲ្យវាយកៀកនឹងគូប្រយុទ្ធ ដោយប្រើកែងដៃ និងជង្គង់ ជាមូលដ្ឋាន៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា