ជីវិតកម្សាន្ដ
លោក ហង្ស ធុនហាក់ បញ្ញវន្តខ្មែរមួយរូប មានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ ល្ខោន
នៅសម័យសង្គមរាស្ត្រនិយម លោកសាស្ត្រាចារ្យ ហង្ស ធុនហាក់ ជាស្ថាបនិកក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា និងជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះណាស់លើផ្នែកសិល្បៈ វប្បធម៌ខ្មែរ ទាំង ល្ខោន និងរបាំ។
អំពី លោកសាស្ត្រាចារ្យ ហង្ស ធុនហាក់ ស្ថាបនិកក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា
មហាជននៅចាំមិនភ្លេចទេ ចំពោះស្នាដៃល្ខោននិយាយបែបទស្សនវិជ្ជាមួយរបស់ លោក ហង្ស ធុនហាក់ ដែលធ្លាប់បានសម្ដែងលើឆាកមហោស្រពធំៗ ពិសេសក្នុងកញ្ចក់ទូរទស្សន៍ជាតិ កាលពីសម័យសង្គមរាស្ត្រនិយម គឺ រឿង«សម្បុរឥតមេបា និង ពិសោធន៍ស្នេហា»។
មុនឆ្នាំ ១៩៧៥ លោក ហង្ស ធុនហាក់ មានឈ្មោះល្បីល្បាញណាស់ ដោយក្នុងសម័យសង្គមរាស្ត្រនិយម គេដឹងថា លោកជាស្ថាបនិកក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា និងជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះណាស់លើផ្នែកសិល្បៈ វប្បធម៌ខ្មែរ ទាំងផ្នែកល្ខោន និងរបាំ។ ហើយមកដល់សម័យសាធារណរដ្ឋខ្មែរ កេរ្តិ៍ឈ្មោះរបស់លោក ហង្ស ធុនហាក់ ក៏ល្បីល្បាញថែមមួយកម្រិតទៀត ក្នុងនាមជាសកម្មជននយោបាយមួយរូប។
ស្ថាបនិកក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា លោក ហង្ស ធុនហាក់ កើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩២៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងត្រកូលគ្រួសារកសិករ។
កុមារ ហង្ស ធុនហាក់ កាលវ័យកុមារភាព បានស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត នាស្រុកកំណើតរបស់ខ្លួន។ កុមារ ហង្ស ធុនហាក់ ចូលចិត្តអានសាស្ត្រារឿង និងទស្សនាល្ខោន អាយ៉ៃ ខ្លាំងណាស់។
លុះធំពេញវ័យ លោក ហង្ស ធុនហាក់ បានទៅបន្តការសិក្សានៅឯរាជធានីភ្នំពេញ ក្នុងសាលាឯកជនមួយ គឺ សាលា«កម្ពុជបុត្រ»។ មកដល់វ័យជំទង់ លោកក៏និយមអានសៀវភៅបារាំងល្អៗ ទាក់ទងនឹងនយោបាយ ព្រមទាំងសិល្បៈផងដែរ។
លោក ហង្ស ធុនហាក់ នៅឆ្នាំ ១៩៤៧ ប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលបារាំងសេស បានទៅសិក្សាវិជ្ជាល្ខោន នៅសាលានាដកម្ម សារ៉ាបេណាត់ នាទីក្រុងប៉ារីស ប្រទេសបារាំង។ ទៅដល់ទីនោះ លោក ហង្ស ធុនហាក់ ក្រៅពីការសិក្សា រៀនសូត្រ ផ្នែកនេះ លោក ក៏មានចំណូលចិត្តខ្ពស់ទៅលើការសិក្សាចិត្តវិទ្យា និងនយោបាយទៀតផង។ ពេលនោះហើយ ទើបធ្វើឲ្យលោកក្លាយជាបញ្ញវន្តខ្មែរមួយរូបដ៏គំរូសម្រាប់សិស្សបរទេសដទៃទៀត។
នៅឆ្នាំ ១៩៤១ បញ្ញវន្តខ្មែរដ៏គំរូ លោក ហង្ស ធុនហាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក ហង្ស ធុនហាក់ ពុំបានចូលបម្រើក្នុងជួររាជរដ្ឋាភិបាលឡើយ ដោយសម្រេចចិត្តថា ចូលព្រៃទៅភ្នំដងរែកជាមួយក្រុមលោក សឹង វុទ្ធថាញ់ ដើម្បីធ្វើចលនាទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ហេតុនេះទើបលោកត្រូវបានគេហៅថាជាក្រុមមនុស្សភ្នំដងរែក។ កំឡុងពេលនោះ លោក ហង្ស ធុនហាក់ បានផ្សាយវិទ្យុក្នុងព្រៃលេងជារឿងល្ខោន ដើម្បីបង្ហាញការស្នេហាជាតិ នៃជនជាតិខ្មែរ ក្នុងចលនា នៃក្រុមភ្នំដងរែក។
ប្រទេសកម្ពុជា បានឯករាជ្យពេញបរិបូណ៌ នៅឆ្នាំ ១៩៥៣
លោក ហង្ស ធុនហាក់ បានវិលត្រឡប់មករាជធានីភ្នំពេញវិញ ដោយចូលធ្វើជាសាស្ត្រាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្នុងនោះ ដោយជ្រាបអំពីសមាសភាពរបស់លោក សម្ដេចព្រះមហាក្សត្រិយានីជាអម្ចាស់ជីវិតលើត្បូង បានរាជានុញ្ញាតឲ្យលោក ហង្ស ធុនហាក់ រៀបចំសាលាល្ខោនជាតិ ឬ ល្ខោនទំនើប ដោយឲ្យបញ្ញវន្តរូបនេះ កាន់ជាចាងហ្វាងសាលាល្ខោននេះតែម្ដង។
សាលាល្ខោនជាតិ នៃកម្ពុជា បានកើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៤ ដោយពេលនោះលោក ហង្ស ធុនហាក់ ប្រមូលបញ្ញវន្ត និងសាស្ត្រាចារ្យមួយចំនួន យកមករៀបចំសាលានេះឡើង រួមមាន ៖លោក មាស គក ,លោក ពៅ យូឡេង ,លោក ផឹក សំផេន ,លោក ហង្ស ជួន ,លោក គុន សុវណ្ណគុណ ,លោក លី គឹមអួង ជាដើម…។ ហើយបើកទទួលសិស្សសិក្សាផ្នែកល្ខោននេះ តាំងពីពេលនោះមក។
លោក ហង្ស ធុនហាក់ ក្រៅពីតួនាទីជាចាងហ្វាងសាលាល្ខោនហើយ ក៏បានក្លាយជាទីប្រឹក្សាផ្ទាល់ នៃក្រុមរបាំព្រះរាជទ្រព្យ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ សម្ដេចព្រះមហាក្សត្រិយានីទៀតផង។ ហើយលោក ក៏ជាអ្នករៀបរៀង និងរៀបដំឡើងរឿងរបាំជាច្រើន ជាមួយព្រឹទ្ធាចារ្យរបាំ នៃវង្សតន្ត្រីព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំងផងដែរ។
លោក ហង្ស ធុនហាក់ បានបំពេញតួនាទីជាសមាជិកអ្នកដឹកនាំបេសកកម្មវប្បធម៌ខ្មែរ នៃរបាំព្រះរាជទ្រព្យ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ ១៩៥៧។ ហើយនៅឆ្នាំ ១៩៥៩ លោក ហង្ស ធុនហាក់ និង សាស្ត្រាចារ្យជាច្រើន ក៏បានរួមគំនិតគ្នាបង្កើតក្រុមល្ខោនសិល្បៈមួយសម្រាប់សម្ដែងក្នុងពិធីធំៗ ជាច្រើន ដោយលោកដាក់ឈ្មោះថា «ក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា»។ ក្នុងគ្រានោះហើយ លោក ហង្ស ធុនហាក់ បាននិពន្ធល្ខោនបែបទស្សនៈវិទ្យា បែបស៊ីជម្រៅជាច្រើន ជាមួយនឹងតថភាពសង្គម ដើម្បីអប់រំប្រជាជនខ្មែរ តួយ៉ាងដូចជារឿង «ថ្មរាំ ,ពិសោធន៍ស្នេហា» ជាកិច្ចសហការជាមួយលោក ហង្ស ជួន និងលោក ផឹក សំផេន។ ល្ខោននិយាយរឿងពិសោធន៍ស្នេហានេះ លោក អ៊ុំ តារា និងលោក លី ហុកសេង បាននិពន្ធចម្រៀងរួមគ្នាមួយបទ គឺ បទ «ឲ្យបងសុំស្រលាញ់ផង» ដើម្បីបញ្ចូលក្នុងរឿងដ៏មានប្រជាប្រិយភាពមួយនេះ។ ប៉ុន្តែគួរឲ្យស្ដាយបទ «ឲ្យបងសុំស្រលាញ់ផង» ដែលជាសំនៀងដើមរបស់អ្នកចម្រៀង មាស ហុកសេង និងកវី អ៊ុំ តារា បានបាត់បង់ទៅហើយ នៅសេសសល់តែបទចម្រៀងថ្មី ច្រៀងឡើងដោយលោក ហួល ឡាវី តែប៉ុណ្ណោះ។ រឿងល្ខោនល្បីៗរបស់ លោក ហង្ស ធុនហាក់ មានជាបន្តទៀតដូចជា ៖ រឿង «នាងកញ្ញាចរិយា ,សំបុកឥតមេបា ,វង្សត្រកូលកម្សត់ ,ព្រះអាទិត្យរះហើយ ,ចិញ្ចៀនបញ្ចាំចិត្ត និង គូព្រេងមិនព្រាត់ ជាដើម…។ អំឡុងនោះ លោក ហង្ស ធុនហាក់ ក៏បានបកប្រែអត្ថបទល្ខោនបារាំងនៅអឺរ៉ុប មកជាភាសាខ្មែរ សម្រាប់សម្ដែងក្នុងក្រុមល្ខោនជាតិនេះ ដោយភាគច្រើនលោកបកប្រែរឿងរបស់ ខន នា និង សេកស្ពា ដូចជារឿង កិត្តិយស និងស្នេហា ,រ៉ូមីអូ និងសូរីយ៉េត ,លោកប្ដីជាទីស្នេហា ,រាត្រីនិម្មិត នៃវស្សន្តរដូវ ,លើស៊ីត ,ប៉ុលវីសនី និងរឿងកុំប្រឡែងនឹងសេចក្ដីស្នេហា របស់អ្នកនិពន្ធឈ្មោះ អាល់ហ្គេតដេម៉ុងសេ ដែលរឿងល្ខោននេះ ត្រូវបានលោក ពៅ យូឡេង រៀបសម្រួលឡើង ហើយបានឲ្យ លោក អ៊ុំ តារា និងលោក មាស ហុកសេង និពន្ធបទ «ចំណេះជិះកឯង» ដាក់បញ្ចូលក្នុងល្ខោនរឿងនេះទៀតផង។
លោក ហង្ស ធុនហាក់ ជាបញ្ញវន្តដ៏មានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ ដោយលោកតែងតែសិក្សាស្រាវជ្រាវជារៀងរាល់ថ្ងៃ។ ក្រៅពីមានភារកិច្ចជាអ្នកគ្រប់គ្រងសាលាល្ខោន និងតួនាទីផ្សេងៗ ជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ លោកតែងតែចេញផ្សាយអត្ថបទល្អៗ ជាច្រើនទាក់ទងនឹងវិស័យវប្បធម៌សិល្បៈខ្មែរ ដែលចេញផ្សាយក្នុងទំព័រកាសែត និងទស្សនាវដ្ដីជាច្រើនដូចជា ៖ ទស្សនាវដ្ដីកាំប៊ូសា ,ទស្សនាវដ្ដីអ្នកជាតិនិយម ,ទស្សនាវដ្ដីផ្សេងៗ ,ទស្សនាវដ្ដីរាត្រីភ្នំពេញ ,និងកាសែតរាស្ត្រសង្គមជាដើម …។
ដោយឡែកចំពោះវិស័យសិល្បៈភាពយន្តវិញ លោក ហង្ស ធុនហាក់ បាននិពន្ធសាច់រឿង និងសេនារីយោ ខ្សែភាពយន្ត ៣ រឿង គឺ រឿង «បងពុកឲ្យហៅ» បានផលិតជាខ្សែភាពយន្តដោយផលិតកម្មឃ្មោះមាសភាពយន្ត នៅឆ្នាំ ១៩៦៦។ រឿង «វាសនា ឬ ការកសាង» បានផលិតជាខ្សែភាពយន្តនៅឆ្នាំ ១៩៦៥ និងរឿង «ថ្មរាំ» វណ្ណកម្មរបស់ផលិតកម្មបាយ័នភាពយន្ត ផលិតជាខ្សែភាពយន្តនៅឆ្នាំ ១៩៧៤។ ហើយរវាងពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០ សម្ដេចព្រះប្រមុខរដ្ឋ បានតែងតាំង លោក ហង្ស ធុនហាក់ ឲ្យក្លាយជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា។
គួរជម្រាបថា ស្ថាបនិកក្រុមល្ខោនជាតិ នៃប្រទេសកម្ពុជា និងជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ខ្មែរ ទាំងផ្នែកល្ខោន និងរបាំ លោក ហង្ស ធុនហាក់ បានបាត់បង់ជីវិត នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៧៥។ នេះបើយោងតាមការឲ្យដឹងពីក្រុមគ្រួសាររបស់ លោក ហង្ស ធុនហាក់៕
ប្រភព ៖ ក្រុមព្រះសុរិយា
អត្ថបទ ៖ ពិសី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់