ជីវិតកម្សាន្ដ
លោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូប នៅកម្ពុជា
លោកតា សាឡាត់ ឬ នាយ សាឡាត់ មានសំនៀងស្រដៀងរៀមច្បងផ្នែកអាយ៉ៃ ប៉ី សាលួត និងជាអ្នកកំប្លែងដ៏មានសំនួនវោហារមួយរូប កាលពីកំឡុងទសវត្ស ៩០ តាមរយៈការសម្ដែងរឿងអប់រំតាមកញ្ចក់ទូរទស្សន៍ គឺ រឿង អនាម័យ ,តាភោគ ,សៀវភៅកាហិ ,ឱសម្រស់ជាដើម…។

កាលពីទសវត្ស ៦០ មហាជន បានចងចាំសិល្បករផ្នែកអាយ៉ៃមួយរូប នាម «នាយ សាឡាត់» ដែលមានសំនៀងស្រដៀងរៀមច្បងផ្នែកអាយ៉ៃ ប៉ី សាលួត។ ហើយមកដល់ទសវត្ស ៩០ កិត្តិនាម នាយ សាឡាត់ ក៏បានល្បីល្បាញសាជាថ្មីតាមរយៈការសម្ដែងឈុតឆាកអប់រំជាច្រើនដែលបានចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ ក៏ដូចជាតាមរលកវិទ្យុជាតិ។

ប្រវត្តិ និងស្នាដៃសំខាន់ៗ របស់លោកតា សាឡាត់
មកទល់នឹងសព្វថ្ងៃនេះ មហាជនភាគច្រើន នៅតែចងចាំ និងស្គាល់ នាយ សាឡាត់ ច្បាស់ថាជាអ្នកកំប្លែងដ៏មានសំនួនវោហារមួយរូប កាលពីកំឡុងទសវត្ស ៩០ តាមរយៈការសម្ដែងរឿងអប់រំតាមកញ្ចក់ទូរទស្សន៍។
កាលពីទសវត្ស ៦០ នាយ សាឡាត់ ជាសិល្បករអាយ៉ៃដ៏មានឈ្មោះមួយរូប ដែលមានឈ្មោះដើមថា «ម៉ក់ កានែន ឬ ទីញ វាន់»។ នាយ សាឡាត់ កើតនៅឆ្នាំ ១៩៤២ នាភូមិពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងត្រកូលគ្រួសារកសិករ។ សិល្បករអាយ៉ៃរូបនេះ មានឪពុកឈ្មោះ ម៉ក់ មាស និងម្ដាយឈ្មោះ ហែម សឹម។ នាយ សាឡាត់ ជាកូនទី ៦ ចំណោមបងប្អូន ៨ នាក់ ក្នុងនោះ ប្រុស ៥ ស្រី ៣។

ឪពុកម្ដាយរបស់ នាយ សាឡាត់ បានបញ្ជូនលោកឲ្យទៅសិក្សារៀនសូត្រនៅសាលាលោក នាវត្តពោធិ៍ទង ភូមិពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងអាយុ ៦ ឆ្នាំ។ បន្ទាប់មកឪពុកម្ដាយ ក៏បញ្ជូនលោកឲ្យទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តមហាលាភ ភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម វិញ ដោយស្នាក់អាស្រ័យផ្ទះបងប្អូន។ ក្រោយបញ្ចប់បឋមសិក្សា នាយ សាឡាត់ បន្តការសិក្សានៅថ្នាក់វិទ្យាល័យក្នុងវិទ្យាល័យព្រះសីហនុ នាទឹកដីខេត្តកំពង់ចាម។ កាល នាយ សាឡាត់ រៀននៅវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម លោកជាមនុស្សចូលចិត្តសិល្បៈបុរាណណាស់ ពិសេសសិល្បៈអាយ៉ៃរឿង និងកំប្លែងតែម្ដង។ នៅវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម ចំណោមសិល្បៈច្រើនក្រុម មិនមានក្រុមណាមានសមត្ថភាពលើក្រុមរបស់លោកទេ។ ពោលមានតែក្រុមសិល្បៈរបស់លោកប៉ុណ្ណោះ ដែលឈានមុខគេ។

នាយ សាឡាត់ សម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី ៤ ទំនើប ដោយងាកចាប់ជំនាញផ្នែកអាយ៉ៃវិញ។ ឆ្នាំ ១៩៦៥ លោកបានចូលសិក្សារៀនសូត្រផ្នែកអាយ៉ៃ ជាមួយក្រុមចម្រៀងអាយ៉ៃរបស់អ្នកស្រទំ ដែលស្ថិតនៅខាងជើងវត្តទួលទំពូង រាជធានីភ្នំពេញ ខណៈនោះម្ដាយឪពុកលោកមិនចង់ឲ្យកូនធ្វើជាអ្នកសិល្បៈនោះទេ ពោលចង់ឲ្យធ្វើគ្រូបង្រៀនច្រើនជាង។ ប៉ុន្តែដោយនិស្ស័យស្រលាញ់វិស័យសិល្បៈពេក លោកក៏ចេះតែជម្នះឪពុកម្ដាយរហូតសម្រេចបំណងនេះ។
ក្រោមការបង្ហាត់បង្ហាញពី លោក ប៉ី សាលួត និងលោកស្រី ស្រទំ ការហាត់រៀនបានវិវឌ្ឍទៅមុខជាបន្តបន្ទាប់។ ពេលនោះ លោក ប៉ី សាលួត ស្រលាញ់ លោក កានែន (នាយ សាឡាត់) ណាស់។ ហើយ លោក ប៉ី សាលួត បានយក លោក កានែន មកធ្វើជាកូនចិញ្ចឹមថែមទៀតផង។ មិនយូរប៉ុន្មាន លោក កានែន (នាយ សាឡាត់) ក៏មានឱកាសឡើងសម្ដែងសិល្បៈអាយ៉ៃ ជាមួយក្រុមអាយ៉ៃរបស់អ្នកស្រី ស្រទំ ហើយមិនបានប៉ុន្មានផង លោកក៏ផ្ដើមមានឈ្មោះល្បីខាងផ្នែកអាយ៉ៃនេះ ដែលមហាជនចាប់អារម្មណ៍ថា ស្មៀនវ័យក្មេងរូបនេះ មានសូរសៀងសំនៀងពីរោះដូចអ្នកអាយ៉ៃរៀមច្បង ប៉ី សាលួត។

កំឡុងឆ្នាំ ១៩៦៨ គ្រាមួយ នៃពិធីសមាជជាតិ អន្ទិតសក់ខ្លីដែលមានឈ្មោះល្បីល្បាញក្នុងសម័យនោះ បានចាប់ដៃគូជាមួយលោក កានែន ហើយប្រកាសជាសាធារណៈដោយប្រសិទ្ធិនាមថ្មីជូនកានែន ថា «នាយ សាឡាត់»។ តាំងពីពេលនោះមក រហស្សនាមរបស់ នាយ សាឡាត់ បានជាប់រហូតដល់សព្វថ្ងៃ។ សម័យសង្គមរាស្ត្រនិយម នាយ សាឡាត់ បានទទួលលិខិតកិត្តិយសពី សម្ដេចព្រះនរោត្តមសីហនុ ព្រះប្រមុខរដ្ឋ និងរង្វាន់ជាច្រើន។
សិល្បកររូបនេះ បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន ៣ លើក ដោយលើកទី ១ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាងកញ្ញា កែវ សំអាត នៅឆ្នាំ ១៩៦៥ និងមានកូនរួមគ្នា ៤ នាក់ ហើយដោយចំណងស្នេហ៍មិនចុះសម្រុងគ្នា លោក និងភរិយាទី ១ ក៏លែងលះគ្នា។ នៅឆ្នាំ ១៩៨៥ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាងកញ្ញា ចាន់ លីហ៊ាន ហើយទទួលបានកូនប្រុស-ស្រី ៣ នាក់ ថែមទៀត។

តមក ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ នាយ សាឡាត់ បានចូលបម្រើវិស័យសិល្បៈអាយ៉ៃជាបន្ត ដោយបម្រើក្នុងនាយកដ្ឋានសិល្បៈរដ្ឋធានីភ្នំពេញ។ ហើយនៅឆ្នាំ ១៩៩០ លោកក៏បានរៀបអាពាហ៍ពិពាហ៍ជាលើកទី ៣ ជាមួយនាងកញ្ញា នូ ឡា សញ្ជាតិ អូស្ត្រាលី តែពុំមានកូននោះទេ។
នៅទសវត្សឆ្នាំ ៩០ មហាជនបានស្គាល់ នាយ សាឡាត់ យ៉ាងច្បាស់ តាមការសម្ដែងរឿងអប់រំជាច្រើន ដែលចាក់ផ្សាយជារៀងរាល់សប្ដាហ៍តាមកញ្ចក់ទូរទស្សន៍ជាតិ។ នាយ សាឡាត់ បានបន្សល់ទុកស្នាដៃជាច្រើនលើផ្នែកអាយ៉ៃ ល្ខោននិយាយ និងល្ខោនអប់រំបែបកំប្លែងជាហូរហែរហូតដល់វ័យជរា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកលោកថាជាធនធានមនុស្សរស់ដ៏សំខាន់មួយសម្រាប់ប្រជាជាតិយើង។

គួរជម្រាបថា លោកព្រឹទ្ធាចារ្យ ម៉ក់ កានែន ឬ ទីញ វាន់ ដែលមានរហស្សនាម«នាយ សាឡាត់» គឺជា សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៅប្រទេសកម្ពុជា។ លោកតា សាឡាត់ បានទទួលមរណភាព នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៩ ឆ្នាំ នាគេហដ្ឋានរបស់លោកតា នៅរាជធានីភ្នំពេញ៕
ប្រភព ៖ ក្រុមព្រះសុរិយា
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?