ព័ត៌មានជាតិ
ចេញពីអាជីពអ្នកកាសែតប្រាក់ខែ ៥០ដុល្លារ លោកស្រី ប៊ុន ចាន់និមល ជោគជ័យលើវិស័យភាពយន្ត
ផ្តើមចេញពីការងារ ដែលមិនច្បាស់លាស់ គ្មានកន្លែងស្នាក់នៅសមរម្យ លោកស្រី ប៊ុន ចាន់និមល បានតស៊ូក្រាញននៀល ដោយមិនបោះបង់ រហូតទទួលបានជោគជ័យ លើវិស័យដឹកនាំភាពយន្ត។ ដោយមានចិត្តស្រឡាញ់ផ្នែកនិពន្ធ និងដឹកនាំភាពយន្តតាំងពីអាយុ៧ឆ្នាំ ឪពុកម្តាយ ប៊ុន ចាន់និមល បានផ្លាស់ប្តូរទីលំនៅពីទឹកដីកម្ពុជាក្រោមមកកម្ពុជា ដើម្បីបំពេញក្តីស្រមៃរបស់កូន។

យុវតី ប៊ុន ចាន់និមល បានទទួលការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរ ផ្នែកតែងនិពន្ធ បន្ទាប់មកក៏បានបម្រើការងារជាអ្នកសារព័ត៌មាននៅស្ថាបនមួយ ដោយទទួលបានប្រាក់ខែតែ ៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែមុននឹងទទួលបានការងារនេះ ដំណើរជីវិតដ៏សែនកម្សត់របស់ក្មេងស្រី និមល មិនងាយស្រួលនោះទេ។ និមល បានដាក់ពាក្យសុំចូលបម្រើការងារនៅក្រុមហ៊ុនជាច្រើន តែមិនទទួលបានលទ្ធផលល្អ។
ទោះយ៉ាងណា ការតស៊ូ ដោយមិនបោះបង់ ប៊ុន ចាន់និមល ក៏ទទួលបានការងារនៅស្ថាបនកាសែត រហូតក្លាយជានិពន្ធនាយកនៅស្ថាបនទស្សនាវដ្តីមួយ។
ក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធ និងដឹកនាំភាពយន្ត នៅតែដក់ជាប់ក្នុងចិត្ត និមល រហូតមានឱកាសបានធ្វើជាជំនួយការរៀបចំឆាកកម្មវិធីទូរទស្សន៍។ ក្រោយមកយុវតី និមល ក៏បាននិពន្ធរឿងភាគមួយមានចំណងជើងថា «មេឃមួយច័ន្ទពីរ» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែត្រូវបរាជ័យ ដោយសារមិនសូវមានអ្នកគាំទ្រ។
អារម្មណ៍បាក់ទឹកចិត្ត ក៏បានកើតឡើង។ ទីផ្សារការងារចង្អៀត ផលិតកម្មភាពយន្តមានតិច គ្រានោះ និមល ពិបាកនៅក្នុងការបោះជំហានស្វែងរកការងារថ្មីលើវិស័យនេះ។
រហូតដល់ឆ្នាំ ២០១៥ លោកស្រី ប៊ុន ចាន់និមល បានសម្រេចចិត្តថា« ប្រសិនបើខ្ញុំ មិនបង្កើតឱកាសសម្រាប់ខ្លួនឯងទេ ប្រហែលជាតិនេះ គ្មានឱកាសតែម្តង ព្រោះខ្ញុំមិនដឹងថា កន្លែងណាគេផ្តល់ឱកាសទេ បើទីផ្សារតូចយ៉ាងហ្នឹង»។
គិតហើយ លោកស្រី ធ្វើតាមក្ដីស្រមៃដោយបានបង្កើតផលិតកម្ម សាស្រ្តាហ្វៀម (Sastra Film) ដោយមានដើមទុនត្រឹម ១ពាន់ដុល្លារ ប៉ុណ្ណោះ។

ចាប់តាំងពីបង្កើត រហូតដល់បច្ចុប្បន្ន សាស្រ្តាហ្វៀម អាចផលិតរឿងក្នុងមួយឆ្នាំប្រហែលជាង ១០០ ចំណងជើង ហើយក្នុងនោះមានរឿងភាគខ្នាតវែង ៣០០ ភាគក្នុងមូយឆ្នាំ, ប្រភេទរឿងអប់រំជីវិត ៥២រឿង, រឿងភាគខ្សែជីវិតប្រហែលជា ១៨ ចំណងជើង, ប្រភេទរឿងដែលចាក់ផ្សាយនៅក្នុង App និងរឿងខ្នាតធំ ផ្សេងៗទៀតផលិតបាន ១២ ចំណងជ្រើងក្នុងមួយឆ្នាំ និងមានគម្រោងចាក់ផ្សាយ ២៤ ចំណងជើងក្នុងរោងភាពយន្ត នៅឆ្នាំក្រោយផងដែរ។
កត្ដាដែលជំរុញឱ្យ លោកស្រី ប៊ុន ចាន់និមល ទទួលបានការគាំទ្រលើវិស័យភាពយន្តបែបនេះមានទស្សនៈមួយគឺ «ខ្ញុំបង្កើតមនុស្សថ្មីចូលក្នុងវិស័យភាពយន្ត មិនយកមនុស្សដែលមានសក្តានុពលហើយទេ»។ បើតាមលោកស្រី និមល ការបង្កើតមនុស្សថ្មី វប្បធម៌ការងារថ្មី ដោយផ្អែកទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យធ្វើការនៅបរិបទថ្មី ចាកឆ្ងាយពីវប្បធម៌ការងារចាស់ ដែលមានកន្លងមក។ រហូតមកដល់ពេលនេះ ផលិតកម្ម សាស្រ្តាហ្វៀម មានភាពរីកចម្រើន ដោយមានបុគ្គលិកចំនួន ១៥០ នាក់។
ឆ្លងកាត់បទពិសោធន៍បរាជ័យច្រើនរាប់មិនអស់ ម្ចាស់ផលិតកម្ម Sastra Film មានទស្សនៈ និងគោលជំហរធ្វើតាមអ្វីដែលខ្លួនចូលចិត្តតែ ៣០-៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ សិក្សាអំពីចំណង់ចំណូលចិត្តរបស់អ្នកគាំទ្រ ដើម្បីធ្វើទៅតាមតម្រូវចិត្តអ្នកទស្សនា។
លោកស្រី បានគូសបញ្ជាក់ថា «ខ្ញុំនឹងផលិតអ្វី ស្របទៅតាមអ្នកចង់មើល ប៉ុន្តែខ្ញុំក៏នឹងដាក់អ្វីដែលខ្ញុំចង់ផ្ដល់ឱ្យវិញ ជាពិសេសខ្ញុំចង់ឱ្យអ្នកមើលរយៈពេល ១ម៉ោង ទៅ ២ម៉ោង នេះ មើលហើយមិនស្តាយពេល ដោយទទួលបាននូវសារអប់រំត្រឡប់ទៅវិញ»។
ជុំវិញភាពរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ម្ចាស់ផលិតកម្ម Sastra Film មើលឃើញថា វិស័យភាពយន្តនាពេលសព្វថ្ងៃនេះ មានភាពល្អប្រសើរច្រើន ជាពិសេសមានទាំងអ្នកជំនួញ និងនិស្សិតដែលរៀនចប់ពីបរទេសចូលរួមថតភាពយន្ត ដោយពួកគេធ្វើមិនដើម្បីលុយ គឺដើម្បីក្ដីស្រឡាញ់ និងការឱ្យតម្លៃ។
ជាក់ស្តែងផលិតកម្ម Sastra Film បាននិងកំពង់ឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិបណ្ដើរៗហើយ។ លោកស្រី ប៊ុនចាន់និមល បានឱ្យដឹងថា រយៈពេល ៥ឆ្នាំខាងមុខ សាស្រ្តាហ្វៀម នឹងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារពិភពលោក៕
អត្ថបទ៖ ផល ធារិត


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ