ជីវិតកម្សាន្ដ
បេប៊ី វិលវិញនៅតែមានទីផ្សារចម្រៀង ក្រោយផ្អាកជាង២ឆ្នាំ
ដូចការសន្យាមែនដែលស្រីស្រស់ ជុំ រចនាពេជ្រ ហៅ បេប៊ី ថា នាងនឹងវិលមកកាន់ក្បាលមីក្រូឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ឥឡូវអតីតតារាថោនរូបនេះ ពិតជាមិនទៅណាចោលអាជីពចាស់ទេ ហើយការត្រឡប់មកជាថ្មីនេះ នាងពិតជាប្លែក និងប្រែប្រួលខុសពីមុនដាច់។ បេប៊ី បានច្រៀងសម្ដែងបើកឆាកជាថ្មីនៅទូរទស្សន៍CNC កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ដែលមានបទនាងទើបចេញ ”ថ្នម “ បទនាងល្បីពីមុន ”អំណាចលុយ” ,ច្រៀងCover បទមរតកដើម”ប្រុសកំពូលស្នេហ៍” និងCover បទមាស សុខសោភា “ម្នាក់ឯងមិនស្លាប់ទ”ជាដើម ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ វិច្ឆិកា ស្រីស្អាត បេប៊ី បានឲ្យដឹងថា នាងមានអារម្មណ៍ហាក់ប្លែកបន្ដិចដែរពេលចាប់ផ្ដើមវិលមករកអាជីពចម្រៀងម្ដងទៀតនេះ ព្រោះដូចចាប់អាជីពនេះជាលើកទី២។ យ៉ាងណានាងថា បានត្រៀម និងហាត់សមរួចជាស្រេចជាច្រើនថ្ងៃ ហេតុនេះគ្មានឧបស័គ្គឡើយ ហើយក្រោយពីឡើងឆាកទី១នេះនាងត្រៀមឡើងប៉ុស្ដិ៍ផ្សេងៗទៀតក្នុងនោះក៏ត្រៀមចេញច្រៀងសម្ដែងឲ្យការប្រគុំតន្រ្ដីរបស់ស្រាបៀរ Ganzberg តាមបណ្ដារខេត្តមួយចំនួននៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ។ នាងថាជាអារម្មណ៍រីករាយមួយព្រោះនាងបានផ្អាកជាច្រើនខែពោលគឺតាំងពីផ្ទុះកូវីដ ហើយទើបមានពេលវេលាគ្រប់គ្រាន់វិលមកជាថ្មីម្ដងទៀតនាពេលនេះហើយមានFan នៅតែគាំទ្រ ស្រលាញ់ចូលចិត្តនាងដូចមុនដដែល។ប៉ុន្ដែយ៉ាងណាកញ្ញារចនាពេជ្រ ថានាងគ្មានបំណងវិលទៅចាប់អាជីពជាពិធីការិនីវិញឡើយ គឺផ្ដោតតែលើការពង្រឹងអាជីពចម្រៀងប៉ុណ្ណោះ បើទោះជានាងធ្លាប់ធ្វើជាMC ដល់ទៅជាង១០ឆ្នាំ ក្ដី។
បេប៊ី ថាការចាប់អាជីពចម្រៀងម្ដងទៀតនាពេលនេះនាងផ្ដោតលើការផលិតបទបែបយុវវ័យច្រើនជាងបទស្លូវ តែក៍នៅបន្ដការច្រៀងCover បទមរតកដើមដែរដោយរក្សារប៉ារ៉ូលឲ្យនៅដដែល និងបទខ្លះកែភ្លេងថ្មី។នាងថាដោយសារតែផ្ដោតទៅលើការពង្រឹងគុណភាពជាចម្បងនោះ ហេតុនេះក្នុង១ខែនាងអាចចេញបទថ្មីតែ១ទៅ២ បទប៉ុណ្ណោះ មិនចង់ចេញច្រើនយកបរិមាណនោះទេ តែចង់ចេញមួយដឹងមួយ ។ដោយឡែកទាក់ទងរឿងក្រុមរាំអមវិញនាងថាលើកនេះនាងមានសមាជិកក្រុមរាំផ្ទាល់ខ្លួនចំនួន៨នាក់ ខណៈដែលកាលពីឆ្នាំមុនពេលខ្លះមានរហូតដល់ទៅជាង១០នាក់ក៍មានដែរ។

បេប៊ី បានផ្អាកពីអាជីពចម្រៀងនៅថោន កាលពីដើមឆ្នាំ២០២១ ពោលគឺពេលកូវីដផ្ទុះខ្លាំង ហើយអំឡុងពេលនោះនាងបានឆក់ឱកាសបើកមុខជំនួញក្រៅពីសិល្បៈនោះគឺហាងកាហ្វេដែលពង្រីកសាខាជាបន្ដបន្ទាប់ហើយពេលដែលនាងវិលចូលច្រៀងវិញនេះ បងប្រុសរបស់នាងជាអ្នកមើលគ្រប់គ្រងហាងដែលតំណើរការជាធម្មតា ។

ឆ្លើយតបសំណួរថាតើបេប៊ី ផ្អាកច្រៀងជាង២ឆ្នាំបែបនេះនាងពិបាកក្នុងការប្រជែងទីផ្សារចម្រៀងឬអត់ ព្រោះបច្ចុប្បន្នតារារីកដូចផ្សិតនោះស្រីស្រស់រចនាពេជ្រ ទទួលស្គាល់ថាគឺទីផ្សារចម្រៀងពិតជាមានការប្រែប្រួលមែនព្រោះតារាឥឡូវមានច្រើន ។ប៉ុន្ដែនាងថាសម្រាប់រូបនាងវិញគឺអត់បញ្ហាចោទទេ ដោយសារមានគេស្គាល់នាងច្បាស់ទៅហើយ ហេតុនេះគ្រាន់តែនាងមានអ្វីដែលថ្មី ប្លែកនោះទស្សនិកជននៅតែគាំទ្រនាងដូចមុន។នាងថាមកម្ដងនេះទាំងការស្លៀកពាក់ ,ក្បាច់រាំ គឺនាងបានUpdate ថ្មីទាំងអស់ អីចឹងនៅពេលដែលនាងប្លែកពីមុនទស្សនិកជននឹងចាប់អារម្មណ៍នាងម្ដងទៀតជាមួយបទចម្រៀងថ្មីៗដែលនាងនឹងបញ្ចេញទៅតាមគម្រោង។ប៉ុន្ដែនាងថារូបនាងគ្មានបំណងប្រជែងទីផ្សារចម្រៀងជាមួយអ្នកណាទាំងអស់ គឺខំប្រឹងពង្រឹងតែសម្ថភាពខ្លួនឯងប៉ុណ្ណោះ ។

ក្រៅពីលេងសម្លៀកបំពាក់បែបថ្មី ម៉ូដសក់ប្លែក និងក្បាច់រាំកាន់តែទាក់ទាញនោះបេប៊ី ថានាងក៍បានសម្រកគីឡូមកនៅត្រឹម៤៧ គ.ក្រ ផងដែរ ដែលគីឡូមួយនេះនាងពេញចិត្ត ខណៈដែលមុននេះនាងឡើងដល់ជាង៥០ គ.ក្រ ឯណ្ណោះ។នាងថាបន្ទាប់ពីផុតកុងត្រាជាមួយផលិតកម្មថោន ពេលនេះរូបនាងជាតារាចម្រៀងឯករាជ្យ មិនទាន់ចង់ទៅចូលផលិតកម្មណាទេ តែអាចធ្វើទៅតាមពេលវេលា។ដោយឡែកការផលិតបទថ្មីៗវិញបេប៊ី ថានាងបានចំណាយថវិការផ្ទាល់ខ្លួនធ្វើ ហើយការងារនេះនាងក៍ធ្លាប់ឆ្លងកាត់តាំងពីមុនចូលថោន ដែរហេតុនេះទោះជាត្រូវចំណាយលុយខ្លួនឯងផលិត ខុសពីកាលនៅច្រៀងផលិតកម្មមែន ប៉ុន្ដែនាងទទួលបានបទចម្រៀងដែលខ្លួនឯងស្រលាញ់ពេញចិត្ត ដើម្បីFan នាង។ដោយឡែកសម្រាប់ការច្រៀងសម្ដែងក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះនាងថានឹងបង្ហាញអ្វីថ្មីៗបំផុតទៅកាន់បអ្នកគាំទ្ររបស់ខ្លួនឲ្យបានឃើញនៅចុងខែវិច្ឆិកា ខាងមុខនេះ៕
អត្ថបទ៖ ចាន់ រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង