ជីវិតកម្សាន្ដ
កម្រងជីវិត៖ អ្នកនិពន្ធភាពយន្តខ្នាតធំ រឿង ម៉ែក្រឡាភ្លើង ជាយុវតី វ័យជាង ២០ ឆ្នាំប៉ុណ្ណោះ
ភាពយន្តខ្នាតធំខ្មែរ រឿង “ម៉ែក្រឡាភ្លើង” កំពុងទាក់ទាញមហាជនទៅទិញសំបុត្រចូលទស្សនាពេញៗរោងភាពយន្ត កន្លះខែមកហើយ ពោលគឺចាប់ពីថ្ងៃចាក់បញ្ចាំងដំបូង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មក។ បើតាមចំណងជើងរឿង និងផ្ទាំងផ្សព្វផ្សាយ មហាជនអាចគិតថា រឿងនេះ ជាប្រភេទភាពយន្តរន្ធត់ភ័យខ្លាច ប៉ុន្តែទស្សនិកជនភាគច្រើន បានចេញបង្ហូរទឹកភ្នែកក្នុងពេលទស្សនា ដោយសារភាពយន្តនេះបានបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ម្ដាយចំពោះកូន តាំងពីខ្លួននៅរស់ រហូតក្លាយជាវិញ្ញាណ ក៏នៅតែតាមការពារកូន ទោះរងការឈឺចាប់យ៉ាងណាក្ដី។
ភាពយន្តដ៏មានអត្ថន័យបែបនេះ សមតែជាស្នាដៃកវីជើងចាស់ ឬអ្នកមានបទពិសោធន៍ជាម្ដាយដ៏ជោគជាំ ប៉ុន្តែបែរជាប្រសូតក្រោមខ្សែសំណេររបស់ យុវតីវ័យជាង ២០ឆ្នាំ ប៉ុណ្ណោះ។ តើយុវអ្នកនិពន្ធរូបនោះ ជាអ្នកណា?
ឆ្លើយដោយសម្ដីទន់ភ្លន់ និងអឹមអៀនបន្តិចផង កញ្ញា ស៊ន ស្រីលីន បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា បច្ចុប្បន្ននាងមានវ័យ ២៤ ឆ្នាំ ចំពោះភាពយន្តខ្នាតធំ រឿង ម៉ែក្រឡាភ្លើង នេះ នាងបានសរសេរចប់ តាំងពីចុង ឆ្នាំ២០២២ មកម៉្លេះ ដោយនាងចំណាយពេលពីរសប្ដាហ៍ ទាំងការស្រាវជា្រវ ការសរសេរឆ្អឹងរឿង និងសរសេរអត្ថបទភាពយន្ត។
ស្រីលីន បានឱ្យដឹងថា៖ “ចំពោះសាច់រឿង ម៉ែក្រឡាភ្លើង ខ្ញុំទទួលបានសង្ខេបរឿងពី បងស្រីអគ្គនាយិកា ប៊ុន ចាន់និមល។ គាត់បាននិយាយប្រាប់ខ្ញុំពីហេតុការណ៍ដែលគាត់ធ្លាប់បានលឺកាលពីគាត់នៅក្មេង។ ដូច្នេះខ្ញុំក៏សម្រេចចិត្តយកសង្ខេបរឿងនេះមកសរសេរជាឆ្អឹងរឿង រហូតដល់ចេញជាអត្ថបទភាពយន្ត។ ដោយនៅក្នុងដំណើរការសរសេរនេះ មានការផ្ដល់មតិយោបល់ខ្លះៗពី បងអ្នកដឹកនាំរឿង គូ ដារ៉ាចាន់ ផងដែរ”។
ស្រីលីន មានបងប្អូនពីរនាក់ ស្រីទាំងពីរ នាងជាកូនស្រីច្បង នាងអត់ធ្លាប់មានឈាមជ័រជាអ្នកសិល្បៈ ឬជាអ្នកនិពន្ធពីមុនមកទេ។ ឪពុកម្ដាយជាកសិករ និងក៏ប្រកបអាជីវកម្មតិចតួចបន្ថែមទៀត។ នាងបានសិក្សាបញ្ចប់ជំនាញ វិស្វកម្មទឹកនិងបរិស្ថាន (GRU) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅឆ្នាំ២០២៣ នេះ។
ញញឹមបន្តិច ស្រីលីន បានឱ្យដឹងថា មូលហេតុដែល នាងសរសេរ រឿង ម៉ែក្រឡាភ្លើង ដោយសារតែនាងចង់ផ្លាស់ប្ដូររសជាតិ នៃការនិពន្ធ ដោយសារសាច់រឿងដែលនាងសរសេរកន្លងមក ភាគច្រើនជារឿងមនោសញ្ចេតនារវាងមនុស្ស និងមនុស្ស ហើយកាលអាកាសរឿង ភាគច្រើនគឺស្ថិតនៅក្នុងសម័យបច្ចុប្បន្ន។ ដោយឡែកចំពោះ រឿង ម៉ែក្រឡាភ្លើង គឺខុសពីរឿងមុនៗ ដោយនាងបានសរសេរពីមនោសញ្ចេតនារវាងម្ដាយដែលជាខ្មោច មានក្ដីស្រលាញ់ឱ្យកូនៗដែលជាមនុស្ស ដោយនាងរំពឹងថា អ្នកទស្សនានឹងទទួលបានរសជាតិថ្មី ក៏ដូចជាគំនិតអប់រំជាច្រើននៅក្នុងភាពយន្តរឿងខ្មោចបុរាណមួយនេះ។
អតីត សិស្សពូកែខ្មែរថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៥ ទូទាំងប្រទេស ឆ្នាំ២០១៤ និងថ្នាក់ទី១២ ឆ្នាំ២០១៧ លេខ១ ទូទាំងខេត្តតាកែវ រូបនេះ បានឱ្យដឹងថា ចំពោះការតែងនិពន្ធ កាលរៀននៅវិទ្យាល័យ នាងចេះតិចៗដែរ ប៉ុន្តែអត់ដឹងពីរបៀបសរសេរឱ្យក្លាយទៅជាអត្ថបទភាពយន្តទេ។
ស្រីលីន បញ្ជាក់ថា៖ “តែនៅចុង ឆ្នាំ២០១៩ ខ្ញុំបានដាក់ពាក្យចូលធ្វើការនៅ សាស្ត្រាហ្វីម ខ្ញុំក៏ទទួលបានការបណ្ដុះបណ្ដាលពី បងស្រី ប៊ុន ចាន់និមល ដោយផ្ទាល់ ក្នុងការសរសេររឿងឱ្យចេញជាអត្ថបទភាពយន្ត។ ការងារជាអ្នកនិពន្ធនេះ ខ្ញុំទទួលបានការគាំទ្រជាខ្លាំងពីញាតិមិត្ត ហើយនេះជាកម្លាំងចិត្តដែលធ្វើឱ្យខ្ញុំបន្តធ្វើការនេះរហូតដល់សព្វថ្ងៃ ក៏ដូចជានៅថ្ងៃអនាគតផងដែរ”។
ស្រីលីន បង្ហាញអារម្មណ៍ថា ក្នុងនាមជាអ្នកនិពន្ធ រឿង ម៉ែក្រឡាភ្លើង ក៏ដូចជាអ្នកនិពន្ធក្នុងផលិតផលិតកម្មសាស្ត្រាហ្វីម នាងពិតជារំភើបយ៉ាងខ្លាំង ដែលឃើញបងប្អូនខ្មែរចូលរួមទស្សនា រឿង ម៉ែក្រឡាភ្លើង ច្រើនកុះករ។ នេះជាហេតុផលដ៏ធំមួយក្នុងចំណោមហេតុផលដទៃទៀតដែល នាងត្រូវតែខំប្រឹងឆ្ពោះទៅរកភាពរីកចម្រើនទៅវិស័យភាពយន្ត ដើម្បីឱ្យគេស្គាល់ខ្មែរកាន់តែច្បាស់។
ស្រីលីន លើកឡើងបន្តថា៖ “ខ្ញុំក៏ដឹងដែរថា ការងារកន្លងមកមិនមែនល្អឥតខ្ចោះ តែពីមួយជំហានទៅមួយជំហាន ពីមួយរឿងទៅមួយរឿងទៀត ពួកយើងហ៊ានធានា ការសរសេរក៏ដូចជាការផលិតរបស់ពួកយើងមិនបានដើរថយក្រោយ ការខំប្រឹងរបស់ផលិតករកាន់តែដើរទៅមុខ។ ទាំងអស់នេះគឺដើម្បី នាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក។ ខ្ញុំក៏ដឹងដូចគ្នាថា បងប្អូនកម្ពុជា ចង់ឃើញការរីកចម្រើនទៅលើវិស័យមួយនេះ។ ហើយខ្ញុំពិតជាអរគុណដែលពួកគាត់ហ៊ានចំណាយពេលក៏ដូចជាថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រភាពយន្ត ម៉ែក្រឡាភ្លើង ហើយខ្ញុំក៏សូមអរគុណជាពិសេសទៅកាន់បងប្អូនដែលនាំអ្នកម្ដាយរបស់គាត់មកទស្សនាភាពយន្តមួយនេះ”។
សម្រាប់ស្នាដៃនិពន្ធររយៈពេលជិត ៤ឆ្នាំមកនេះ ស្រីលីន បាននិពន្ធភាពយន្តជាច្រើន មានជាអាទិ៍ ដូចជាភាពយន្តខ្នាតធំ រឿង លួចស្រលាញ់អ្នកដទៃ រឿង រីករាយថ្ងៃកំណើត។ រឿងភាគខ្លីមាន រឿង ហៅទឹកភ្នែក រឿង បេសកកម្មបំភ្លេច EX ហើយចំពោះរឿងដែលនាងសរសេរតែអត្ថបទភាពយន្ត មានរឿង បដាចារ រឿង សង្សារខ្ញុំ រឿង គឺអ្នក រឿង អាក្រក់ ឬល្អក៏ស្រលាញ់ និងរឿងជាច្រើនទៀត ដែលរឿងទាំងនេះជាប្រភេទរឿង Exclusive series ដែលមានតែនៅក្នុង APP Sastra Film តែប៉ុណ្ណោះ។ ចំពោះខ្សែរឿងជីវិត មានដូចជា រឿង មនុស្សលោក រឿង ផ្កាយព្រឹក រឿង វាសនានាងហង្ស…។ ចំពោះរឿងភាគ មានដូចជា រឿង តាមដាន រឿង អ្នកម៉ាក់គ្មានកូន រឿង ព្រាននារីកែខ្លួន។ ចំណែកភាពយន្តជីវិតមាន រឿង ក្រមុំចាស់ រឿងហាមក្រ រឿង បែកតែមាត់ រឿង កូនខ្ញុំម៉េចមិនដូចកូនគេ និងរឿងច្រើនទៀតដែលសុទ្ធសឹងតែជារឿងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា