ជីវិតកម្សាន្ដ
តារាសម្ដែង ស៊ីនឌី នៅពីក្រោយភាពស្រស់ស្អាតសិល្បករក្នុងឈុតបុរាណខ្មែច្នៃមកសម័យបច្ចុប្បន្ន ព្រឹត្តិការណ៍រាត្រីចងចាំ
សិល្បករជាច្រើនដួង បានបង្ហាញខ្លួនជាមួយឈុតសំលៀកបំពាក់បុរាណប្រពៃណីខ្មែរច្នៃមកសម័យបច្ចុប្បន្នយ៉ាងស្រស់ស្អាតក្នុងព្រឹត្តិការណ៍ ”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣“ រៀបចំនៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប កាលពីកន្លងទៅ រំលេចនូវឈុតសំលៀកបំពាក់ របស់ខ្មែរនីមួយៗមើលទៅពិតជាទាក់ទាញ ហើយសាកសមជាមួយកម្មវិធីដ៏អស្ចារ្យមួយនេះ។

នៅក្នុងព្រឹត្តិការណ៍ ”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣“ គឺបានឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតរបស់ឈុតបុរាណរបស់ខ្មែរច្នៃ រចនាសម័យបច្ចុប្បន្ន បន្តមកដល់កូនចៅបច្ចុប្បន្ន និងតទៅជំនាន់ក្រោយ។ មហាព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណង បំផុសស្មារតីដល់កុលបុត្រ កុលធីតាខ្មែរគ្រប់រូបឲ្យចងចាំពីអត្តសញ្ញាណជាតិ និងអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះ ចំពោះការរំលេចឡើងនូវផ្ទាំងទស្សនីយភាពជាច្រើនរបស់សិល្បៈករ-ការិនី ជាច្រើនដួងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ មហាជនដឹងទេថា តើអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃឈុតបុរាណរបស់ខ្មែរច្នៃមកសម័យបច្ចុប្បន្ននូវព្រឹត្តិការណ៍ ”រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣”?

ពិតណាស់ មហាជនពិតជាបានស្គាល់តារាសម្ដែងលោក ស៊ីនឌី ដែលជាម្ចាស់ហាង សំអាងការស៊ីនឌី។ ជាក់ស្ដែង ម្ចាស់សំអាងការរូបនេះហើយដែលជាអ្នកដឹកនាំ រៀបចំ និងសម្រិតសម្រាំងនូវឈុតសំលៀកបំពាក់បុរាណរបស់ខ្មែរច្នៃមកសម័យបច្ចុប្បន្នគ្រងនៅលើដងខ្លួនតារាប្រុសស្រីជាច្រើនដួងបង្អួតបង្ហាញសម្រស់ក្នុងរាត្រី ព្រឹត្តិការណ៍ ”រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣” ដែលមើលទៅពិតជាលេចត្រដែត និងទាក់ទាញបំផុតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ទន្ទឹមនេះ លោក ស៊ីនឌី បានលើកឡើងដែរថា លោកពិតជាមានមោទនភាពខ្លាំងដែលបានធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំនេះ ព្រោះលោកក៏ជាអ្នកស្រលាញ់នូវឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្ន ម្យ៉ាងវិញទៀត លោកអាចចូលរួមអភិរក្សសំលៀកបំពាក់ប្រពៃណីខ្មែរ ក៏ដូចជាបំផុសឲ្យយុវជនយើងចងចាំ និងជួយថែរក្សា ហេតុនេះហើយ លោកបានធ្វើការមួយនេះដោយរីករាយបំផុត បើទោះជាមានការហត់នឿយ យ៉ាងណាក៏មិនធុញទ្រាន់ដែរ គឺមានតែកម្លាំងចិត្ត ព្រោះធ្វើការដោយបេះដូង។

តារាសម្ដែងរូបនេះបន្ថែមថា «សំអាងការស៊ីនឌី» របស់ លោក មានឈុតបុរាណខ្មែរជាច្រើនឈុត ទាំងនៅក្នុងសម័យកាល និងច្នៃមកសម័យបច្ចុប្បន្ន និងគ្រឿងអលង្ការបុរាណចម្រុះ ព្រោះការដែលលោកបានបើក «សម្អាងការស៊ីនឌី» នេះឡើង ដោយសារ តែលោកស្រលាញ់សំលៀកបំពាក់បុរាណរបស់ខ្មែរ និងចង់ឲ្យកូនខ្មែរចេះ ស្រលាញ់ សំលៀកបំពាក់ខ្មែរដូចលោកដែរ។

លោក ស៊ីនឌី បន្ថែមថា សិល្បករដែលគ្រងឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្នទាំងអស់ក្នុងព្រឹត្តិការណ៍ ”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣“ នោះពិតជាលើកសម្រស់ពួកគាត់កាន់តែស្រស់ស្អាតបំផុត សាកសមជាមួយកម្មវិធីដ៏អស្ចារ្យនោះខ្លាំងណាស់។ លោកថា នៅពេលតារាម៉ូដែលរបស់ខ្មែរគ្រងឈុតប្រពៃណីខ្មែរបែបនេះ គឺស្អាតបែបខ្មែរ ហើយបរទេសគេបានឃើញ គេសរសើរគ្រប់គ្នាថា ខ្មែរអស្ចារ្យ ហេតុនេះលោកគាំទ្រចំពោះការដែលក្រសួង វប្បធម៌បង្កើតព្រឹត្តិការណ៍នេះឡើងក៏ដូចជាបន្តធ្វើកម្មវិធីបែបនេះឲ្យបានជាញឹកញាប់ថែមទៀត ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរដែលកសាងប្រសាទអង្គរវត្ត ក៏ដូចជាបំផុសសំលៀកបំពាក់បុរាណខ្មែរច្នៃមកបច្ចុប្បន្ននេះ ឲ្យបានច្រើនបន្តទៅ ដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។

លោក ស៊ីនឌី សង្កត់ថា «សូមឲ្យកូនខ្មែរគ្រប់រូបស្រលាញ់អ្វីដែលខ្មែរមាន និងចូលរួមអភិរក្សទាំងប្រាសាទខ្មែរ និងឈុតសំលៀកបំពាក់បុរាណខ្មែរ ទាំងអស់គ្នាឲ្យបានគង់វង្សតទៅ»៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?