ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ដ ដាក់ចំៗ ទៅកាន់ តារារ៉េបខ្មែរមួយជីវិត ដែលនិយាយបំពាន ក្រោយបទ”CALL ME PAPA” ផ្ទុះខ្លាំង
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ដែលគេដឹងច្បាស់ជាម្ចាស់បទ «CALL ME PAPA» បានធ្វើការឆ្លើយតបទៅកាន់អ្នកចម្រៀងរ៉េបម្នាក់ឈ្មោះ «ខ្មែរមួយជីវិត» ដោយដាក់ចំៗ ថា «ប្អូនគ្មានសិទ្ធិមកចាត់ចែងបងឲ្យច្រៀង ឬ មិនច្រៀងចង្វាក់នេះ ឬ ចង្វាក់នោះទេ»។
យ៉ាងណាមិញការឆ្លើយតបរបស់ ឧកញ៉ា ខេមរៈ សិរីមន្ដ នេះ គឺក្រោយពេលដែលអ្នកចម្រៀងរ៉េបឈ្មោះ «ខ្មែរមួយជីវិត» បានលើកឡើងក្នុងបទសម្ភាសន៍មួយ នាពេលកន្លងទៅថា «វាជារឿងដ៏គួរឲ្យអាម៉ាស់ដែលមានអ្នកច្រៀងបទពីដើមៗ មកចង់ច្រៀងរ៉េបដូចក្មេងសម័យឥឡូវ» ហើយលើកចំៗ ឈ្មោះកំពូលតារាចម្រៀងពីរដួង គឺ លោកឧកញ៉ា ខេមរៈ សិរីមន្ដ និង លោកឧកញ៉ា ព្រាប សុវត្ថិ ដោយមិនខ្លាចញញើតទាល់តែសោះ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងថា «បើតាំងខ្លួនជាអ្នកសិល្បៈហើយ សូមកុំចង្អៀតចង្អល់ពេក ព្រោះក្នុងរយៈពេល ២០ ឆ្នាំ មកនេះ តើមានចង្វាក់អ្វីដែលលោកមិនធ្លាប់ច្រៀងនោះ ហើយបានច្រៀងតាំងពីបងប្អូនសិល្បៈខ្លះមិនទាន់ចេះស្លៀកខោទៀតផង»។
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ បញ្ជាក់ថា «ប្អូនត្រូវចាំថា ប្អូនគ្មានសិទ្ធមកចាត់ចែង មិនឲ្យបងច្រៀងចង្វាក់នេះចង្វាក់នោះទេ ទីផ្សារសេរី អ្នកណាធ្វើអីបានក៏ធ្វើទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗ ខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៏មិនហាមដែរ ហើយចង្វាក់អស់ទាំងនោះបងបានច្រៀង ៣ ទៅ ៤ វ៉ុល តាំងពី ១០ ឆ្នាំមុន រួចទៅហើយ»។
ពាក់ព័ន្ធការបន្ទច់បង្អាក់ពីសំណាក់អ្នកចម្រៀងរ៉េបម្នាក់ឈ្មោះ «ខ្មែរមួយជីវិត» នេះដែរ នៅមិនទាន់ឃើញមានប្រតិកម្មពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឡើយ ប៉ុន្តែអ្នកនិពន្ធប្រចាំផលិតកម្ម Galaxy Navatra លោក សក្ដិ ធារិទ្ធ បានចាត់ទុកថា ការលើកឡើងរបស់«ខ្មែរមួយជីវិត» គឺចង់វាយប្រហារតែលើ ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ដ ប៉ុណ្ណោះ ដែលវាប្រាសចាកឆ្ងាយពីការពិត ព្រោះភាពល្បីល្បាញរបស់តារាចម្រៀងទាំងពីរនាក់ គឺស្ដែងចេញពីសមត្ថភាពពិតៗ។
អ្នកនិពន្ធប្រចាំផលិតកម្ម Galaxy Navatra លោក សក្ដិ ធារិទ្ធ ក៏បានបន្ថែមថា «បើគេសង្កេតមើលលើភាពល្បីល្បាញរបស់កំពូលតារាចម្រៀងជើងចាស់ទាំងពីរ គឺមិនបានកើតឡើងដោយចៃដន្យ ឬ ចេញពីបទចម្រៀងរ៉េបមួយចំនួនដែលក្មេងៗ ជំនាន់ក្រោយច្រៀងរ៉េបឌឺដង ឬ ជេរគ្នានោះទេ។ ពួកគាត់មានសមត្ថភាពចម្រៀងស្ទើរគ្រប់ទម្រង់ ឬ ចង្វាក់ភ្លេង ហើយទទួលបានការគាំទ្រខ្លាំង ដោយម្នាក់ៗ បានប្រឡូកក្នុងអាជីពនេះ មិនតិចជាង ២០ ទៅ ៣០ ឆ្នាំ នោះទេ»។
ទាក់ទងការវាយបកវិញដោយពាក្យសម្ដីខ្លាំងៗ បែបនេះ ពីសំណាក់ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ និងអ្នកនិពន្ធរបស់ផលិតកម្ម Galaxy Navatra នៅថ្ងៃនេះ មិនទាន់អាចទាក់ទងតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដើម្បីបកស្រាយបន្ថែមចំពោះការលើកឡើងនៅក្នុងបទសម្ភាសន៍របស់លោកមួយ កាលពីចុងឆ្នាំ ២០២៣ បានទេ។
បើក្រឡេកមកមើលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ វិញ គឺកំពុងតែមានមោទនភាពចំពោះបទចម្រៀងបែបរ៉េប ក្រោមចំណងជើងថា “CALL ME PAPA” ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសនៅលើបណ្ដាញសង្គម។ បច្ចុប្បន្ន “CALL ME PAPA” ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យក្នុងស្រុកស្ទើរគ្រប់កន្លែង ឮតែបាញ់ស្នេហ៍ ខ្លាដេកថាខ្លាចេតរយអង្គរក្ស ៤ នាក់ នៅពីក្រោយ ចំណែកលើឆាកអន្តរជាតិល្បីមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែរ រយៈពេលដ៏ខ្លីនេះ។
មហាជន ក៏ដូចជាអ្នកផលិតវីដេអូល្បីឈ្មោះជាច្រើន បានវាយតម្លៃថា បទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ ព្រោះកាមេរ៉ាដែលប្រើប្រាស់ថតបទចម្រៀងមួយបទនេះជាកាមេរ៉ាទំនើបចុងក្រោយគេ ហើយអ្នកថតសុទ្ធតែប្រជុំទៅដោយអ្នកជំនាញៗ។ តាមរយៈបទចម្រៀងនេះហើយ បានជំរុញទឹកចិត្តឲ្យ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ នាំយកអ្វីដែលថ្មីៗ ទៅកាន់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍មួយ កាលពីចុងឆ្នាំ ២០២៣ អ្នកចម្រៀងរ៉េបម្នាក់ ឈ្មោះ«ខ្មែរមួយជីវិត» បានលើកឈ្មោះចំៗ ទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ដ ដោយថា ការបកស្រាយបទចម្រៀងបែបរ៉េបរបស់ឧកញ៉ាទាំងពីរមិនសមនឹងបកស្រាយបទចម្រៀងបែបនេះទេ ហើយចាត់ថាវាជាភាពអាម៉ាស់មួយក្នុងសង្គមសិល្បៈខ្មែរ។ យ៉ាងណា វីដេអូនេះ ទើបតែត្រូវបានឧកញ៉ា ខេមរៈ សិរីមន្ដ និងអ្នកនិពន្ធប្រចាំផលិតកម្ម Galaxy បានឃើញ និងវាយបកទៅវិញបែបនេះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់