ជីវិតកម្សាន្ដ
អ្នកសិល្បៈគួររៀបឫកពាដូចម្ដេច នៅពេលខ្លួនល្បី ឬមហាជនទទួលស្គាល់ច្រើន?
អ្នកសិល្បៈ អ្នកសម្ដែង តួសម្ដែង និង តារា គឺជា បុគ្គលដែលមានភាពលេចធ្លោរ ទាក់ទាញ រហូតក្លាយជា និមិត្តរូប របស់សាធារណជន ពិសេស យុវជន និងកុមារ ដែលសូម្បីតែ ការស្លៀកពាក់ សម្ដីសម្ដៅ អាកប្បកិរិយា របស់ពួកគេក៏មានឥទ្ធិពល ឬធ្វើឱ្យបណ្ដាអ្នកគាំទ្រអនុវត្តតាមទៀតផង។

ចំពោះការរៀបចំអាកប្បកិរិយា ឫកពា និងសីលធម៌ក្រោយពេលសម្ដែងលើឆាក និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនាមជា អ្នកសិល្បៈមួយរូបដែលបានទទួលស្គាល់ពីមហាជនដែរនោះ តួអង្គឯកល្ខោននិយាយ លោក ណេន ភារិទ្ធ មានប្រសាស៍ប្រាប់ “កម្ពុជាថ្មី” ថា អត្តចរិតមនុស្សគឺមានគួបផ្សំមានពីកំណើត ដែលទទួលបានការណែនាំបង្រៀនពីឪពុកម្ដាយដែលគេហៅថា គ្រូដើម ហើយបន្ទាប់មក គ្រូទី២ គឺលោកគ្រូអ្នកគ្រូនៅសាលា ព្រោះការចូលរៀនសាលា មិនមែនរៀនតែចំណេះជំនាញទេ ក៏រៀនពីសីលធម៌ផងដែរ។

លោក ណេន ភារិទ្ធ មានប្រសាសន៍បន្តថា៖ “ចំពោះអត្តចរិតខ្ញុំ ខ្ញុំមិនបានរៀបចំ ឬរៀបឫកអីទេ! ម៉្យាងធម្មជាតិខ្ញុំ ខ្ញុំចូលចិត្តលេងសើច ប៉ុន្តែបើនៅផ្ទះនៅស្រុក ខ្ញុំអត់ទេ ខ្ញុំអត់សូវនិយាយស្ដីទេ ប្អូនៗខ្ញុំស្រីៗអត់សូវចូលមកក្បែរទេ ព្រោះបងអត់សូវលេងសើច។ ប៉ុន្តែជាមួយមិត្តភក្ដិ អ្នកក្នុងសិល្បៈ ខ្ញុំចូលចិត្តនិយាយលេងច្រើន”។

ប្រធានក្រុមឥសីវ៉ូលេ (ក្រុមល្ខោននិយាយ) រូបនេះ លើកឡើងថា ជាមួយនឹងការទទួលបានការអប់រំពីគ្រួសារ និងសាលារៀន លោកក៏ទទួលបាន បទពិសោធន៍ជីវិតបន្ថែម នៅពេលលោកទទួលបានឱកាសពីលោកគ្រូ អ្នកគ្រូឱ្យសម្ដែងល្ខោននិយាយជាច្រើនតួ ដូចជាសម្ដែងតួអង្គ ចៅចិត្ត ក្នុងរឿង កូលាបប៉ៃលិន តួ ប៊ុន ធឿន ក្នុងរឿងផ្កាស្រពោន តួ ផានិត ក្នុងរឿង ថៅកែចិត្តចោរ ជាដើម។

លោក ណេន ភារិទ្ធ បញ្ជាក់បន្ថែមថា៖ “តួអង្គទាំងអស់នោះ ជាតួអង្គធំ ជាតួអង្គឯកក្នុងសាច់រឿង តែបើនិយាយពីចរិតតួអង្គ គឺខុសគ្នាទាំងអស់ មានតាំងពី វ័យចាស់ វ័យក្មេង។ សម្រាប់ខ្ញុំ ខ្ញុំបានគំរូច្រើនពីការសម្ដែងរឿង ពេលយើងសម្ដែងរឿង តួអង្គមួយៗដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យយើង គឺគាត់ណែនាំពីក្រមសីលធម៌ អត្តចរិតតួអង្គទាំងនោះ អ៊ីចឹងខ្ញុំហាក់បានរៀនសូត្រពីលោកគ្រូណែនាំ ហើយយកដាក់ក្នុងខ្លួន”។

មន្ដ្រីកិច្ចសន្យា នាយកដ្ឋានសិល្បៈទស្សនីយភាព ដដែលនេះ បានឱ្យដឹងបន្ថែមថា មួយទៀត នៅពេលក្លាយជាបុគ្គល ឬសិល្បករដែលមហាជនទទួលស្គាល់ហើយ ថ្វីដ្បិតការគាំទ្រនៅមានកម្រិត ឬគាំទ្រខ្លាំង ឬជាយូរមកហើយក៏ដោយ តែការរៀបចំអត្តចរិតអ្នកសិល្បៈ គឺសំខាន់ខ្លាំងណាស់ តែក៏មិនមែន ទាល់តែយើងល្បីបានរៀបចំអត្តចរិតដែរ។

លោក ណេន ភារិទ្ធ បញ្ជាក់ថា៖ “អ្នកខ្លះទើបរៀបអត្តចរិតនៅពេលខ្លួនល្បី ក៏រៀបឫកលើស ដូចជាមិនចង់និយាយស្ដី ឬលែងលេងសើចជាដើមនោះ។ ខ្ញុំគិតថា ហ្នឹងធ្វើឱ្យបាត់អ្វីជាអត្តសញ្ញាណខ្លួនឯង បាត់អត្តសញ្ញាណវប្បធម៌ដែលជាទំនៀមទម្លាប់នៃការរស់នៅប្រាស្រ័យទាក់ទងគ្នា។ មែនទែនទៅ ការសំពះ ដេក ដើរ ឈរ អង្គុយ ត្រូវមានចំបាច់សម្រាប់មនុស្សគ្រប់គ្នា ហើយមានវិន័យណាស់សម្រាប់ប្រពៃណីខ្មែរយើង”។

លោក ណេន ភារិទ្ធ លើកឡើងថា ប៉ុន្តែដោយសារប្រទេសផ្លាស់ប្ដូររីកចម្រើន ហើយវប្បធម៌បរទេសក៏ហូរចូល ធ្វើឱ្យមនុស្សនិយមធ្វើអ្វីដែលងាយស្រួល រហ័សឆាប់ចប់។ ម៉្យាងទៀត ការប្រើប្រព័ន្ធបណ្ដាញសង្គម ខណៈយើងមានលទ្ធភាពទិញទូរសព្ទឆ្លាតវៃកាន់ក្នុងដៃ ប៉ុន្តែបើចង់រកចំណូល យើងក៏គួរផ្សព្វផ្សាយខ្លួនយើងដោយមានក្រមសីលធម៌ដែរ។

លោក ណេន ភារិទ្ធ មានប្រសាសន៍បន្តថា៖ “កុំឱ្យ Smart Phone បំផ្លាញខ្លួនឯង! យើងអ្នកបំផ្លាញខ្លួនឯង អត់មានអ្នកណា ឬជាតិសាសន៍ណាបំផ្លាញយើងទេ ព្រោះយើងជាអ្នកសម្រេចចិត្តបង្ហោះរូបភាព ឬវីដេអូខ្លួនឯងចូលទៅ ហើយយើងក៏ជាអ្នកសម្រេចចិត្តឱ្យគេយក វីដេអូ ឬរូបភាពយើងទៅបង្ហោះបន្តដែរ។ ទាក់ទងនឹងក្រមសីលធម៌នេះ ខ្ញុំគិតថា សិល្បករទាំងអស់ ជាពិសេសអ្នកសិល្បៈពួកខ្ញុំដែលរៀនចេញពីសាលាមធ្យមវិចិត្រសិល្បៈ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសល្បៈ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺគិតណាស់ ទម្រាំធ្វើអីមួយ បង្ហោះអីមួយគឺគិតគូរថាមានប្រយោជន៍ឬទេ ឬប៉ះពាល់អ្វី ឬអត់?”។
គួរបញ្ជាក់ថា បើតាម លោក រីវៈ វ៉ារ៉ានី ប្រធានក្រុមដំណេីរខ្មែរ ជាក្រុមមួយដែលធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍ អភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ បានឱ្យដឹងថា កាលពីមុនឆ្នាំ១៩៧៥ គេបែងចែកអ្នកសិល្បៈជា ៤ ប្រភេទគឺ៖
ទី១ សិល្បករ៖ សិល្បករក្នុងន័យនេះមិនសំដៅលើទម្រង់សិល្បៈណាមួយទេ ពោលគឺឱ្យតែមានចំណេះជំនាញក្នុងផ្នែកណាមួយនៃទម្រង់សិល្បៈទាំង ៧ ប្រភេទគឺ សិល្បៈស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈគំនូរ សិល្បៈតន្រ្ដី សិល្បៈរបាំ អក្សរសិល្ប៍ និងភាពយន្ត។

ទី២ អ្នកសម្ដែង៖ អ្នកសម្ដែងសំដៅលើបុគ្គលដែលបានចូលរួមបញ្ចេញស្នាដៃ ឬលេចវត្តមានក្នុងការសម្រេចស្នាដៃសិល្បៈណាមួយ។ ឧទាហរណ៍ដូចជាតួអមឆាកក្នុងវិស័យភាពយន្ដជាដើម។
ទី៣ តួសម្ដែង៖ តួសម្ដែងមានន័យថា បុគ្គលរូបណាដែលបានចូលរួមក្នុងវិស័យភាពយន្ដ ហើយមានឈ្មោះល្បី ទទួលស្គាល់ពីមហាជន។
ទី៤ ជាងារដ៏ឧត្ដមបំផុតនោះគឺពាក្យថា “តារា”៖ តារា មានន័យថា ជាអ្នកដែលបានទទួលនូវងារដ៏កំពូលមួយនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ហើយមានតម្លៃខ្ពស់។ គឺជាបុគ្គលដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ រហូតក្លាយជានិមិត្តរូបក្នុងវិស័យសិល្បៈជាតិទាំងមូល៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?