ជីវិតកម្សាន្ដ
ប្រវត្តិសង្ខេបរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងស្នាដៃធំៗ បន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ
ប្រាកដណាស់ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា បានធ្វើឲ្យមហាជន សិល្បករ-សិល្បការិនី និងប្រជាពលរដ្ឋខ្មែរ សម្តែងការសោកស្ដាយជាពន់ពេក។

លោកតា គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១២ និង ៤៥ នាទីរសៀល ក្នុងជន្មាយុ ៨០ ឆ្នាំ ដោយរោគាពាធ នៅឯស្រុកកំណើតខេត្តកំពត។
ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

ប្រវត្តិសង្ខេប
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យ ៤ ឆ្នាំ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ មានគ្រួសារជាតន្ត្រី លោកតា គង់ ណៃ បានរៀនឧបករណ៍ប្រភេទនេះពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត ដោយបានចាប់ផ្ដើមការសិក្សាអំពីចាប៉ីដងវែងនៅអាយុ ១៣ ឆ្នាំ។
ក្នុងយុវវ័យរបស់លោក គង់ ណៃ ជារឿយៗ តែងតែប្រឈមនឹងការសើចចំអកពីមិត្តភ័ក្ដិ ព្រោះតែពិការភាពរបស់គាត់។ ទោះបីជាត្រូវបានគេមើលងាយដោយការរើសអើងយ៉ាងណា លោកតា គង់ ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យមួយ និងការឲ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។
រយៈពេល ២ ឆ្នាំ នៃការចាប់ផ្ដើមសិក្សាចាប៉ី គឺមកដល់អាយុ ១៥ ឆ្នាំ លោក គង់ ណៃ បានចាប់ផ្ដើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័ស។ មិនយូរប៉ុន្មាន គាត់បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្តែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។

ប្រវត្តិគ្រួសារ
ស្ថិតនៅក្នុងវ័យ ១៨ ឆ្នាំ លោកតា គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា គឺលោកយាយ តាត ឆេន ដែលជាអ្នកស្រុកជាមួយគ្នា។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកតា គង់ ណៃ និងភរិយាលោកយាយ តាត ឆេន ទទួលបានចំណងដៃកូន ១០ នាក់ (ស្រី ៤ នាក់ និងប្រុស ៦ នាក់)។
ជ័យលាភី និងស្នាដៃផ្សេងៗ
ក្នុងឆ្នាំ ១៩៩១ លោកតា គង់ ណៃ បានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈ នៃអង្គការខ្មែរអមត និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំង និងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ឆ្នាំ ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
ឆ្នាំ ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ ណៃ។

នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩០ នៅទីក្រុងហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌។ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី ៣ របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និងលោក អាំង ជូលាន។
គួរបញ្ជាក់ថា មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?