Connect with us

ជីវិតកម្សាន្ដ

មកដឹងរឿងរ៉ាវខ្លះៗ ទាក់ទងនឹងជីវិតសិល្បៈរបស់នាយ កុយ

បានផុស

នៅ

តារាកំប្លែងជើងចាស់ ដែលមានឈ្មោះបោះសំឡេងជាង ៤ទសវត្សរ៍ លោក ជួង ជី ហៅ នាយ កុយ តាមរយៈទេពកោសល្យកំប្លុកកំប្លែងមិនចេះជិនណាយ បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយទាំងក្នុងស្រុក និងក្រៅស្រុក ខណៈបច្ចុប្បន្ន លោកនៅតែបន្តអាជីពសិល្បៈ ទាំងកាយជាប់ជំងឺ ព្រោះបេះដូងស្រលាញ់ និងមិនទាន់ចង់ឃ្លាតពីអារម្មណ៍អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកមករម្លឹកការងារសិល្បៈរបស់លោកឯណោះវិញ មហាជនភាគច្រើនសុទ្ធតែបានជ្រាបហើយថា «ល្ខោនបាសាក់» ជាចំណុចចាប់ផ្តើមរបស់តារាកំប្លែងរូបនេះ ប៉ុន្តែឱកាសសម្តែងជាតួអង្គមួយ បានផ្លាស់ប្តូរវាសនាតារាកំប្លែងលំដាប់ប្រទេសរូបនេះ ឱ្យមានឈ្មោះល្បាញល្បីដល់សព្វថ្ងៃ។

១. រឿង ចៅស្រទបចេក ជាចំណុចរបត់នៃជីវិតសិល្បៈរបស់នាយកុយ
បើរំលឹកប៉ុន្មានសិបឆ្នាំមុន លោក ជួង ជី ជាអ្នកល្ខោនបាសាក់មួួយរូប ដែលធ្លាប់ទទួលបានឱកាសពីគ្រូរបស់ខ្លួន ក្នុងការសម្តែងជាតួឯករឿង ចៅស្រទបចេក ប៉ុន្តែគ្រានោះ ខណៈដែលខ្វះតួមួយផ្សេងទៀត លោកបែរជាស្នើគ្រូដើរតួអង្គនោះ ពោលគឺតួអង្គឈ្មោះ «កុយ» ។ ឯអ្វីដែលមិនស្មានដល់ តួអង្គឈ្មោះ កុយ ដែលលោកសម្តែងពេលនោះ ទទួលបានប្រជាប្រិយភាពខ្លាំង ហើយលោកចាប់ផ្តើមពេញចិត្តនឹងប្រើឈ្មោះនេះ ក្នុងវិថីសិល្បៈតែម្តង។

២. សាងកេរ្តិ៍ឈ្មោះមុនស្រវាប្រាក់កម្រៃ
តាមរយៈកម្មវិធី “យុទ្ធនាការមហាសប្បាយ” របស់ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៣ នាយ កុយ និងក្រុម បានចាប់យកឱកាសបង្ហាញមុខ ដើម្បីចាប់ឱកាសសាងប្រជាប្រិយភាព ដោយមិនសូវខ្វល់ពីប្រាក់កម្រៃឡើយ។ តាមរយៈបទសម្ភាសមួយ លោកធ្លាប់បង្ហើបថា សម័យឆ្នាំនោះ ក្រុមកំប្លែងរបស់លោក ប្រឹងប្រែងសម្តែងធ្វើយ៉ាងណាឱ្យតែបានមានឈ្មោះ ចេញតាមកញ្ចក់ទូរទស្សន៍ ហើយមហាជនបានស្គាល់សិន ទោះប្រាក់កម្រៃពេលនោះនៅតិចតួចក៏ដោយក្តី ព្រោះលោកជឿថា ក្រោយភាពល្បាញល្បី “ប្រាក់ នឹងរត់តាមហៅ” រហូតលោកទទួលបានឱកាសសម្តែងជាច្រើន។

៣. ជំហានចាប់យកប្រជាប្រិយក្រៅស្រុក
ក្រោយសាងប្រជាប្រិយភាពទូទាំងប្រទេសហើយ តារាកំប្លែង នាយ កុយ បានសហការគ្នានឹងនាយ ក្រឹម រួមនិងតារាកំប្លែងជាច្រើនដួងទៀត ក្នុងការផលិតរឿងកំប្លែងដាក់កាសែតវីដេអូ តាមរយៈរឿងដំបូង រឿង «ពាលសុីពាល» សម្រាប់មហាជននៅក្រៅស្រុកទស្សនា។

៤. ទទួលបានកម្រៃខ្ពស់ក្នុងការសម្តែង
សន្ទុះនៃការគាំទ្ររបស់លោកកាន់តែខ្លាំងឡើង រហូតទទួលបានឱកាសសម្តែងនៅភោជនីយដ្ឋានល្បីឈ្មោះសម័យឆ្នាំ៩០ជាង គឺភោជនីយដ្ឋាន ហេង ឡាយ ដោយពេលនោះ ថវិកាដែលតារាកំប្លែងល្បីឈ្មោះរូបនេះ ទទួលបានគឺពិតជាច្រើនខ្លាំង។ បើតាមបង្ហើបឱ្យដឹង ក្នុងបទសម្ភាសមួយជាមួយលោក អុឹម ជីវ៉ា តារាកំប្លែងល្បីឈ្មោះរូបនេះ បញ្ជាក់ថា លោកនិង នាយក្រឹម ទទួលបានកម្រៃពីការសម្តែង ១០០ដុល្លារម្នាក់ឯណោះ ពីការសម្តែងមួយរាត្រី (បើធៀបនឹងលុយបច្ចុប្បន្ន ១០០ដុល្លារនៅឆ្នាំនោះ ពិតជាច្រើនខ្លាំង ព្រោះនៅថ្លៃជាងទំនិញឆ្ងាយ)។

ស្របពេលដែលមានឈ្មោះបោះសំឡេង នាយ កុយ តែងចាប់ឱកាសរកចំណូលបន្ថែមឥតឈប់ឈរ ក្រៅពីលេងកំប្លែងតាមភោជនីយដ្ឋាន លោកនៅលេងកំប្លែងតាមស្ថាននីយ៍ទូរទស្សន៍ និងកំប្លែងកាត់សក់ការជាដើម។

៥. ជាមនុស្សមានទំនួលខុសត្រូវបំផុត
ក្រៅពីប្រជាប្រិយ សមត្ថភាព និងទេពកោសល្យកំប្លុកកំប្លែង នាយ កុយ ក៏ត្រូវបានគេស្គាល់ថា ជាតារាកំប្លែងល្បី ដែលមិនឆ្មើងឆ្មៃ និងចេះគោរពការងារ តួនាទីច្បាស់លាស់។ ជាក់ស្តែង អំឡុងឆ្នាំ២០១១ នាយ កុយ ត្រូវបានមហាជនទូទាំងប្រទេស ដឹងថា លោកត្រូវបានក្រុមចោរប្រដាប់​អាវុធ​​៤​នាក់ មាន​​កាំភ្លើង​ខ្លី​ចំនួន​២​ដើម បាន​ធ្វើ​សកម្ម​​ភាព​ភ្ជង់​ប្លន់​​​យ៉ាង​​ស្ងៀម​ស្ងាត់​ដោះ​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន​គិត​ជា​​​ប្រាក់​​​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ។ បើទោះបីជាបែបនេះ លោកក៏មិនបានខកខានទៅសម្តែងសម្រាប់ Concert មួយនៅសៀមរាបនោះដែរ។

តួយ៉ាង សូម្បីតែថ្មីៗនេះ លោកឈឺធ្ងន់រហូតត្រូវព្យាបាលដោយគីមីក៏ដោយ លោកនៅតែឆ្លៀតបំពេញតួនាទីតាមសន្យា ដើរតាមកម្មការផ្សេងៗបណ្តើរៗវិញដែរ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន បើទោះជាលោកមានវ័យជ្រេបន្តិចហើយក៏ដោយក្តី តែលោកនៅតែបន្តអាជីពមួយនេះ បម្រើអារម្មណ៍មហាជនដូចដើម ពិសេសកំប្លែងកាត់សក់ការ និងមានក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់កម្មវិធីការថែមទៀត ដោយក្នុងនោះ មានលោកជាអ្នកច្រៀងផ្ទាល់ផងដែរ។ ខណៈមួយរយៈពេលមុន នាយ កុយ ក៏ខកខានបង្ហាញខ្លួនក្នុងកម្មវិធីមង្គល និងសម្តែងផ្សេងៗផងដែរ ក៏ព្រោះតែកំពុងស្ថិតដំណាក់កាលព្យាបាលដោយគីមី (ដុះសាច់ក្នុងពោះវៀនធំ) ហើយចាប់បង្ហាញមុខថ្មីៗនេះវិញ ក្រោយស្ថានភាពសុខភាពប្រសើរឡើងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម