ព័ត៌មានអន្ដរជាតិ
ចំណងស្នេហ៍អមតៈរវាងព្រះអង្គម្ចាស់ ហ្វីលីព និងមហាក្សត្រិយានី អេលីហ្សាបេត ទី២
ពេលព្រះនាង អេលីហ្សាបេត ទី២ បានជួបព្រះអង្គម្ចាស់ ហ្វីលីព លើកដំបូងនៅពេលព្រះនាងទើបមានព្រះជន្ម៧វស្សា ក្នុងរាជពិធីអភិសេករបស់ព្រះមាតុច្ឆារបស់ព្រះនាងគឺព្រះនាងម្ចាស់ ម៉ារីណា ដែលជាព្រះនាងនៃប្រទេសក្រិកនិងដាណឺម៉ាក។
ពេលនោះ ព្រះមាតុច្ឆារៀបអភិសេកជាមួយព្រះអង្គម្ចាស់ Duke of Kent នៅព្រះវិហារ Westminster Abbey ហើយព្រះអង្គម្ចាស់ ហ្វីលីព ទើបមានព្រះជន្ម១២វស្សាក៏បានចូលព្រះរាជពិធីអភិសេកនោះដែរក្នុងនាមជាបងប្អូនជីដូនមួយទី១របស់យុវក្សត្រី (កូនក្រមុំ)។
ពួកព្រះអង្គស្ទើរតែមិនបានមានបន្ទូលរកគ្នា ប៉ុន្តែបើតាមកាសែតបរទេសបានចុះក្នុងបញ្ជីគឺព្រះអង្គម្ចាស់ ហ្វីលីព ស័ក្តិសមជាស្វាមីរបស់ព្រះនាងតូច ដែលត្រូវជាបងប្អូនជីដូនមួយទី១របស់ព្រះនាងតាមខ្សែសែស្រឡាយមហាក្សត្រិយានី វិចតូរៀរ។
រយៈពេល៥ឆ្នាំក្រោយទើបពួកព្រះអង្គបានជួបគ្នាម្តងទៀតនៅក្នុងឆ្នាំ១៩៣៩ ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែប្រួល។ ព្រះបិតុលារបស់ព្រះនាងតូចគឺព្រះមហាក្សត្រគ្រងរាជនៅពេលនោះ Edward VIII បានដាក់រាជមុនពេល៣ឆ្នាំ។ ព្រះបិតារបស់ព្រះនាងតូចបានឡើងសោយរាជបន្ត ហើយព្រះនាងតូចជាបុត្រីត្រូវជាអ្នកស្នងរាជពីព្រះបិតា។
ព្រះអង្គម្ចាស់ ហ្វីលីព ជាកម្មាភិបាលកងទ័ពជើងទឹកព្រះជន្ម១៨វស្សា។ ពេលនោះ អឺរ៉ុបកំពុងកើតមានវិបត្តិធ្លាក់ចូលសង្គ្រាមលោកលើកទី២។
ព្រះនាងរស់នៅជាមួយព្រះមាតាបិតា និងព្រះរាម ប៉ុន្តែចំណាយពេលច្រើនបំផុតជាមួយព្រះរាម និងអ្នកគ្រប់គ្រងរបស់ព្រះនាង។ ពេលលំហែព្រះកាយនៅមហាវិទ្យាល័យជាមួយព្រះមាតាបិតា និងព្រះរាម ព្រះនាងបានភ្ញាក់ផ្អើលនឹងកម្មាភិបាលដែលមានសកម្មភាពគួរឲ្យចាប់អារម្មណ៍។
ការចាប់អារម្មណ៍របស់ព្រះនាងគឺច្បាស់ក្រឡេតដល់អ្នកទាំងអស់គ្នា ហើយព្រះបិតុលារបស់ព្រះអង្គម្ចាស់ ហ្វីលីព ព្រះអង្គ Dickie Mountbatten បានចាប់អារម្មណ៍យ៉ាងខ្លាំងដោយសង្ឃឹមនឹងបានរៀបអភិសេកជាមួយព្រះនាង។
នៅពេលមានពិធីលាងសាយភោជរបស់រាជវង្សនៅមហាវិទ្យាល័យ Dartmouth គ្រប់កម្មាភិបាលទាំងអស់បានតាមពីក្រោយទូកតូច រហូតដល់ព្រះមហាក្សត្រណែនាំពួកគេឲ្យវិលត្រឡប់ទៅកាន់ច្រាំងសមុទ្រវិញ។ ពួកគេបានគោរពតាមព្រះរាជបញ្ជា លើកលែងតែព្រះអង្គម្ចាស់ ហ្វីលីព ដែលព្យាយាមអុំទូកអស់ពីកម្លាំងកាយចិត្តដែលធ្វើឲ្យព្រះនាង អេលីហ្សាបេត ទី២ តាមទតមើលដោយកែវយឹត។
ព្រះអង្គម្ចាស់ ហ្វីលីព និងរាជវង្សរបស់ព្រះអង្គបានភៀសព្រះកាយពីប្រទេសក្រិកតាំងពីព្រះអង្គទើបព្រះជន្ម១៨ខែ។ រាជវង្សបានគង់នៅនៅទីក្រុងបារីស ប៉ុន្តែបានបែកគ្នា។ មាតារបស់ព្រះអង្គត្រូវបានដាក់នៅជំរំជនភៀសខ្លួនដើម្បីសុំសិទ្ធិជ្រកកោន ហើយបិតារបស់ព្រះអង្គមានស្រីថ្មី។
ព្រះអង្គម្ចាស់ ហ្វីលីព ត្រូវបានគេបញ្ជូនទៅរៀន និងចម្រើនវ័យនៅសាលា Gordonstoun ក្នុងប្រទេសស្កុតឡែន មុនពេលទៅរៀននៅមហាវិទ្យាល័យ Dartmouth។ ដោយគ្មានមាតាបិតានៅជាមួយ ព្រះអង្គម្ចាស់ជិតស្និទ្ធជាមួយព្រះរាមរបស់ព្រះអង្គ ប៉ុន្តែអ្នកដែលស្និទ្ធស្នាលរបស់ព្រះអង្គគឺស្ត្រីឈ្មោះ Cecile ដែលបានស្លាប់ពីការធ្លាក់យន្តហោះនៅពេលគាត់មានផ្ទៃពោះ៨ខែទៅហើយ។ អ្នកផ្សេងទៀតបានរៀបការជាមួយមន្ត្រីអាល្លឺម៉ង់។
កំឡុងពេលសង្គ្រាម ព្រះអង្គម្ចាស់ ហ្វីលីព បានផ្ញើលិខិតទៅព្រះនាង អេលីហ្សាបេត ទី២ ឲ្យមកគង់នៅដើម្បីអបអរសាទរពិធីបុណ្យគ្រឹស្មាសនៅឆ្នាំ១៩៤៣។ នៅពេលនោះព្រះនាងមានព្រះជន្ម១៧វស្សា។ ព្រះអង្គម្ចាស់ ហ្វីលីព បានចាប់អារម្មណ៍នឹងព្រះនាងយ៉ាងខ្លាំង។ ព្រះនាងមិនត្រឹមតែមានភាពទាក់ទាញ និងពោរពេញដោយមន្តស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រះនាងពោរពេញដោយភាពស្រស់ស្រាយ និងចរិយាមាយាទសុភាពរៀបសា។
នៅចុងបញ្ចប់សង្គ្រាម ព្រះអង្គម្ចាស់ ហ្វីលីព មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះនាង និងបាននាំព្រះនាងទៅទតការប្រគំតន្ត្រី ចូលភោជនីយដ្ឋាន និងសោយសាយភោជនៅពេលល្ងាចជាមួយព្រះនាង ម៉ាហ្គារេតជាដើម។
ព្រះរមរាជវាំងនៅមិនទាន់មានការទុកចិត្ត។ ព្រះមហាក្សត្រ និងព្រះមាតាចង់ឲ្យបុត្រីបានស្វែងយល់ពិភពលោកកាន់តែច្រើនថែមទៀតមុនពេលរៀបអភិសេក និងបានពិភាក្សាពីអ្វីដែលព្រះអង្គម្ចាស់ ហ្វីលីព មិនមែនជាសុភាពបុរស ចិត្តចង្អៀតចង្អុល និងឆេវឆាវ។
អ្នករាល់គ្នាមិនទុកចិត្តចំពោះព្រះបិតុលារបស់ព្រះអង្គ Dickie Mountbatten។ រដ្ឋាភិបាលមានមន្ទិលសង្ស័យពីសាវតារបស់ព្រះអង្គ ខណៈមានគេនិយាយពីការភ្ជាប់ទៅនឹងពាក្យតែមួយគឺ «អាល្លឺម៉ង់»។
ព្រះនាង អេលីហ្សាបេត ទី២ បានបដិសេធទទួលយក។ ព្រះនាងបានជាប់ចិត្តនឹងព្រះអង្គម្ចាស់ ហ្វីលីព តាំងពីព្រះជន្ម១៣វស្សា ហើយកំឡុងពេលសង្គ្រាមបានបង្កើតឲ្យព្រះអង្គទាំងពីរមានទំនាក់ទំនងកាន់តែជ្រាលជ្រៅ។
ព្រះបិតាក៏បានយល់ព្រមតាមព្រះរាជបុត្រី ហើយរាជពិធីភ្ជាប់ពាក្យត្រូវបានប្រកាសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៧ និងរាជពិធីអភិសេកត្រូវបានកំណត់ថ្ងៃទី២០ ខែវិច្ឆិកា។ ព្រះអង្គម្ចាស់ ហ្វីលីព ប្រើនាមត្រកូល Mountbatten ពីជីដូនជីតាខាងមាតា និងត្រូវបានផ្តល់គោរមងារជា Duke of Edinburgh។
មានការព្រួយបារម្ភនៅដែលប្រទេសធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរក្រោយពេលសង្គ្រាមជុំវិញពិធីរៀបអភិសេកដ៏ខ្ជះខ្ជាយ។ ប៉ុន្តែពិធីរៀបអភិសេកបានរៀបចំឡើងដោយនៅផ្លូវមានការរៀបចំភ្លើងចម្រុះពណ៌។ ភ្ញៀវដែលជារាជវង្សានុវង្សទូទាំងពិភពលោកត្រូវបានយាងចូលរួមពិធីរាជាភិសេករបស់ព្រះនាងដែលគ្រងរ៉ូបសូត្ររំលេចដោយគ្រាប់គុជ១ម៉ឺនគ្រាប់។
ក្នុងចំណោមអ្នកដែលមិនត្រូវបានយាង និងអញ្ជើញមានបងប្អូនស្រីបង្កើតរបស់ព្រះអង្គម្ចាស់ ហ្វីលីព ៣នាក់ដែលបានរៀបការជាមួយប្តីជនជាតិអាល្លឺម៉ង់ និងអតីតព្រះមហាក្សត្រ Edward VIII និងមហេសី Wallis Simpson។
ថ្ងៃរៀបអភិសេកនៅព្រះវិហារ Westminster Abbey ព្រះនាង អេលីហ្សាបេត ទី២ បានធ្វើសម្បថ និងសន្យាគោរពតាមស្វាមី ជាអ្វីម្យ៉ាងដែលមិនអាចទៅរួចនៅពេលព្រះនាងជាមហាក្សត្រិយ៍។ ការតស៊ូបានចាប់ផ្តើម។ ព្រះអង្គម្ចាស់ ហ្វីលីព ត្រូវបានគេធ្វើឲ្យមានជីវិតសកម្ម និងមានកន្លែងធ្វើការនៅនាយកដ្ឋានចារកម្មទ័ពជើងទឹក Admiralty។
ពួកព្រះអង្គទទួលបានបុត្រពីរអង្គគឺព្រះអង្គម្ចាស់ Charles និងព្រះនាង Anne ដែលប្រសូត្រនៅឆ្នាំ១៩៤៨ និង១៩៥០ ហើយវង្សានុវង្សរបស់ព្រះអង្គបានគង់នៅរាជដំណាក់ Clarence House ដែលព្រះអង្គម្ចាស់ ហ្វីលីព ទទួលខុសត្រូវលើការជួលជុល។
ព្រះអង្គម្ចាស់ ហ្វីលីព បានឈរជើងនៅម៉ាល់តា ហើយមហេសី អេលីហ្សាបេត ទី២ បានទៅលេងស្វាមីនៅទីនោះរយៈពេលប៉ុន្មានខែ។ នៅទីនោះ ព្រះនាង អេលីហ្សាបេត ទី២ មានសេរីភាពក្នុងការធ្វើជាភរិយាមន្ត្រីទ័ពជើងទឹកម្នាក់ ដែលគេចឆ្ងាយពីការចាប់អារម្មណ៍។
ដើមឆ្នាំ១៩៥២ ព្រះនាង និងស្វាមីបានយាងក្រសាលនៅប្រទេសកេនយ៉ា។ ពួកព្រះអង្គបានចាប់ផ្តើមគង់ក្រសាលទតឧទ្យានជាតិ Aberdare National Park។ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ព្រះមហាក្សត្រ George VI ជាព្រះបិតារបស់ព្រះនាង បានសោយទីវង្គតនៅពេលព្រះអង្គកំពុងផ្ទុំ។ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ ព្រះអង្គម្ចាស់ ហ្វីលីពីន បានប្រាប់ទៅមហេសីថា ព្រះបិតាបានសោយទិវង្គត ហើយពួកព្រះអង្គក៏បានយាងទៅទីក្រុងឡុងដ៍ជាបន្ទាន់។
ការសោយទិវង្គតរបស់ព្រះអង្គបានធ្វើឲ្យព្រះនាង អេលីហ្សាបេត ទី២ ជាបុត្រី និងព្រះរាជសុណិសា ហ្វីលីព មានព្រះរាជសោយសោកយ៉ាងក្រែលែង។ ព្រះអង្គមានព្រះរាជសុខភាពចុះខ្សោយជាច្រើនឆ្នាំហើយ ទោះជាព្រះអង្គទើបមានព្រះជន្ម៥៦វស្សា។ ព្រះនាង អេលីហ្សាបេត ទី២ និងព្រះស្វាមី ហ្វីលីព រំពឹងថា នឹងមានសេរីភាពច្រើនឆ្នាំ ប៉ុន្តែបន្ទាប់មក អ្វីៗត្រូវបានប្រែប្រួលទាំងស្រុង។
ព្រះរាជវង្សបានផ្លាស់ប្តូរពួកព្រះអង្គចេញពីរាជដំណាក់ Clarence House ទៅគង់នៅព្រះបរមរាជវាំង Buckingham។ ព្រះអង្គម្ចាស់ ហ្វីលីព បានបោះបង់ចោលតួនាទីជាមន្ត្រីទព័ជើងទឹក។ មហាក្សត្រីយានីដែលជាអយ្យការបស់ព្រះនាង អេលីហ្សាបេត ទី២ Queen Mary បានកំណត់រាជត្រកូលឲ្យ។
ព្រះអង្គម្ចាស់ ហ្វីលីព ជឿថា នាមត្រកូលរបស់មហេសីរបស់ព្រះអង្គគឺនាមត្រកូលផ្ទាល់ខ្លួនរបស់ព្រះអង្គ Mountbatten ហើយព្រះបិតុលារបស់ព្រះអង្គបានអួតសរសើរពីត្រកូល Mountbatten។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Winston Churchill និងមហាក្សត្រិយានី Queen Mary បានកំណត់ហើយថា នាមត្រកូលត្រូវតែប្រើ Windsor ដែលធ្វើឲ្យព្រះអង្គម្ចាស់ ហ្វីលីព មិនសប្បាយហឬទ័យទេ។
នៅពេលនោះរាជបុត្រគឺ Andrew ប្រសូត្រឆ្នាំ១៩៦០ និង Edward ប្រសូតឆ្នាំ១៩៦៤ មហាក្សត្រិយានី Queen Mary បានចេញព្រះរាជបញ្ជាថា បុត្រាបុត្រីដែលមិនមានគោរមងារព្រះអង្គម្ចាស់ ឬព្រះនាងម្ចាស់ទេ ត្រូវប្រើនាមត្រកូល “Mountbatten-Windsor”។ ប្រការនេះហាក់ល្អប្រសើរបន្តិច។
ព្រះអង្គម្ចាស់ ហ្វីលីព មិនសប្បាយព្រះទ័យនឹងការលំអៀងដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គដើម្បីលើកកម្ពស់តម្លៃរបស់ខ្លួនរបស់ព្រះអង្គឲ្យប្រសើរឡើង។ មានការប្រឆាំងនឹងព្រះអង្គដែលធ្វើជាប្រធានគណកម្មការរៀបចំឡើងសោយរាជ្យរបស់ព្រះនាង អេលីហ្សាបេត ទី២ និងការខិតខំប្រឹងប្រែងរបស់ព្រះអង្គដើម្បីបង្កើតប្រព័ន្ធមួយនៃរង្វាន់សម្រាប់សេវាកម្ម (The Duke of Edinburgh Awards) ដោយបានជួបនឹងរដ្ឋមន្ត្រីម្នាក់ដែលបានបង្កើតការភ្ញាក់ផ្អើល ដោយនិយាយថា ស្តាប់ទៅដូចជា យុវជនសម័យហ៊ីត្លែរ។
ទោះបីជាយ៉ាងណា ជាមួយភាពអត់ធន់ ខិតខំប្រឹងប្រែងធ្វើការ និងការលះបង់ជាប្រចាំដើម្បីជួយ និងគាំទ្រព្រះរាជកិច្ចរបស់ព្រះមហាក្សត្រីយ៍ដែលជាមហេសីរបស់ខ្លួន ព្រះអង្គម្ចាស់ ហ្វីលីព ទទួលបានការគោរព និងសេចក្តីស្រឡាញ់ពីរដ្ឋាភិបាល និងប្រជារាស្ត្រ។
ព្រះអង្គម្ចាស់ ហ្វីលីព ចូលចិត្តបច្ចេកវិទ្យា និងជាសមាជិករាជវង្សានុវង្សទី១ដែលត្រូវបានធ្វើបទសម្ភាសនៅលើកញ្ចក់ទូរទស្សន៍ នៅពេលព្រះអង្គបានពិភាក្សាអំពីការបណ្តុះបណ្តាលយុវជនរបស់ BBC Panorama ជាមួយលោក Richard Dimbleby នៅឆ្នាំ១៩៦១។ ព្រះអង្គម្ចាស់ ហ្វីលីព ក៏បានពាក់ព័ន្ធនឹងវីដេអូឯកសារ«រាជវង្សានុវង្ស»ដែលបានចាក់ផ្សាយនៅឆ្នាំ១៩៦៩។
ព្រះអង្គម្ចាស់ ហ្វីលីព ជាព្រះរាជូបត្ថម្ភដល់អង្គការជាង៨០០ ហើយដូចគ្នានឹងនត្តោ (ចៅ) របស់ព្រះអង្គដែលបានខ្វាយខ្វល់យ៉ាងខ្លាំងពីជីវិតសត្វព្រៃ និងបរិស្ថាន។ ព្រះអង្គជាព្រះប្រធានមូលនិធិសត្វព្រៃពិភពលោកពីឆ្នាំ១៩៦១ដល់១៩៨។
ព្រះអង្គពោរពេញដោយក្តីស្រឡាញ់ចំពោះសមាជិករាជវង្សានុវង្សជំនាន់ក្រោយ និងត្រូវបានគេចងចាំខ្លាំងបំផុតនៅពេលព្រះអង្គគាំទ្រនត្តោព្រះអង្គម្ចាស់ William និង Harry ដែលនត្តោទាំងពីរបានយាងតាមផ្លូវក្នុងទីក្រុងឡុងដ៍ខាងក្រោយកន្លែងតម្កល់សពព្រះមាតារបស់ពួកព្រះអង្គគឺព្រះនាង Diana ដែលជាព្រះនាងម្ចាស់វែល (Princess of Wales) មុនពេលរៀបចំព្រះរាជពិធីបុណ្យសពនៅខែកញ្ញា ឆ្នាំ១៩៩៧។
តាំងពីដើមមក ព្រះអង្គគឺជាដៃគូខ្ជាប់ខ្ជួនបំផុតរបស់មហាក្សត្រិយានី។ មហាក្សត្រិយានីគឺជាសមាជិករាជវង្សដែលមានចំណងអភិសេកយូរជាងគេបំផុត ហើយព្រះអង្គម្ចាស់ ហ្វីលីព គឺជាអ្នកផ្តល់សេវាកម្មបានយូរជាងគេបំផុតក្នុងលោក។ ស្ថិតក្នុងព្រះជន្ម៩៩វស្សា ព្រះអង្គមានជីវិតរស់នៅយូរជាងគេបំផុតក្នុងចំណោមបុត្រាបុត្រីជំនាន់ក្រោយរបស់មហាក្សត្រិយានី វិចតូរៀរ ។
ជាបុរសសកម្ម ឆ្លាតវៃ ព្រះអង្គមិនមែនគ្រប់ពេលវេលាយាងតាមពីក្រោមមហាក្សត្រីយានី អេលីហ្សាបេត ទី២ រហូតទេ ប៉ុន្តែព្រះអង្គម្ចាស់ William ធ្លាប់មានបន្ទូលថា ៖«ព្រះអង្គដាក់អាជីពផ្ទាល់ខ្លួនទាំងស្រុងដើម្បីគាំទ្រដល់ព្រះរាជកិច្ចរបស់មហាក្សត្រិយានី និងមិនដែលយកមុខមាត់ដែរ»។
ព្រះអង្គម្ចាស់ ហ្វីលីព រស់ដើម្បីប្រឈមនឹងបញ្ហាប្រកបដោយគុណធម៌ និងសេចក្តីថ្លៃថ្នូរ ហើយក៏មិនដែលទុកមហាក្សត្រិយានីចោលឡើយ ប៉ុន្តែដើរតួនាទីជាជំនួយការដ៏សំខាន់ដល់ព្រះរាជកិច្ចរបស់មហេសីដែលជាមហាក្សត្រិយានីនៃចក្រភពអង់គ្លេស។
កាលពីឆ្នាំ២០១២ មហាក្សត្រិយានី អេលីហ្សាបេត ទី២ មានបន្ទូលថា ព្រះអង្គ(ស្វាមី)ជាកម្លាំង និងជាអ្នកណែនាំឥតឈប់ឈររបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ ហ្វីលីព ជាស្វាមីរបស់មហាក្សត្រិយានី អេលីហ្សាបេត ទី២ បានសោយទិវង្គត នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមេសា ក្នុងជន្មាយុ៩៩វស្សានៅប្រាសាទ Windsor ដោយរោគជរាពាធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ