ព័ត៌មានអន្ដរជាតិ
បុគ្គលិក ពេទ្យ រដ្ឋថៃ ១០០ នាក់ឆ្លងកូវីដពីអ្នកជំងឺដែលលាក់ព័ត៌មានទំនាក់ទំនងជាមួយអ្នកឆ្លងផ្សេងទៀត
បុគ្គលិកពេទ្យជាង ១០០ នាក់នៅមន្ទីរពេទ្យរដ្ឋជាច្រើនរបស់ប្រទេសថៃឆ្លងជំងឺកូវីដ ១៩ ហើយត្រូវបានបង្ខំឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីអ្នកជំងឺខកខានមិនបានបង្ហាញថា ពួកគេបានទាក់ទងជាមួយអ្នកឆ្លងជំងឺកូវីដ ១៩ ។
មន្ទីរពេទ្យ Khon Kaen កាលពីថ្ងៃសុក្របានបញ្ជាឲ្យបុគ្គលិកពេទ្យចំនួន ១០៥ នាក់ត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ ។

លោកស្រីវេជ្ជបណ្ឌិត Nataya Mills ប្រធានមន្ទីរពេទ្យ Khon Kaen បាននិយាយថា “បុគ្គលិកទាំងនេះបានទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ដូច្នេះបច្ចុប្បន្នពួកគេត្រូវបានគេព្យាបាលក្នុងនាមជាក្រុមដែលមានហានិភ័យខ្ពស់ ហើយត្រូវការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ” ។
ទន្ទឹមនោះមន្ទីរពេទ្យ Bhumibol Adulyadej ដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានកងទ័ពអាកាសថៃក្នុងទីក្រុងបាងកកបានប្រកាសថា ខ្លួននឹងឈប់ទទួលករណីជំងឺកូវីដ ១៩ ថ្មីណាមួយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា បន្ទាប់ពីបុគ្គលិកពេទ្យបានទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាមន្ទីរពេទ្យមិនបាននិយាយថា តើមានបុគ្គលិកប៉ុន្មាននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់នោះទេ ។

ចំណែកមន្ទីរពេទ្យ Samut Prakan បាននិយាយនៅលើហ្វេសប៊ុកថា វេជ្ជបណ្ឌិត ២ នាក់ គិលានុប្បដ្ឋាយិកា ៩ នាក់ និងបុគ្គលិក ៦ នាក់ផ្សេងទៀតត្រូវបានបង្ខំឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីអ្នកជំងឺមិនបានផ្តល់ព័ត៌មានអំពីការទាក់ទងជាមួយអ្នកជំងឺដែលឆ្លង ។
អ្នកនាំពាក្យម្នាក់បាននិយាយថា ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេវាកម្មវេជ្ជសាស្រ្ត ហើយបានព្រមានអ្នកជំងឺកុំឲ្យលាក់ព័ត៌មានដែលមានប្រយោជន៍សម្រាប់ការព្យាបាល និងជាការការពារដល់អ្នកដទៃ ។

មន្ទីរពេទ្យក៏បានព្រមានផងដែរថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកជំងឺណាម្នាក់ដែលបានបដិសេធមិនផ្តល់ព័ត៌មានលំអិតនៃទំនាក់ទំនងរបស់ពួកគេជាមួយអ្នកឆ្លងមេរោគកូវីដ ១៩ ដែលជាបទល្មើសមួយពិន័យជាទឹកប្រាក់ចំនួន ២ ម៉ឺនបាត ។
បន្ថែមពីនេះនៅខេត្ត Narathiwat មន្ទីរពេទ្យ Naradhiwas Rajanagarindra បានរាយការណ៍ថា បុគ្គលិកពេទ្យចំនួន ៦ នាក់បានឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺដែលមិនបានផ្តល់ព័ត៌មានច្បាស់លាស់អំពីទំនាក់ទំនងពីមុនរបស់ពួកគេ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវបានធ្វើចត្តាឡីស័កផងដែរ ។

រីឯនៅខេត្ត Ratchaburi មន្ទីរពេទ្យ Photharam ក៏បានធ្វើការសម្អាតយ៉ាងហ្មត់ចត់ និងបានប្រកាសបិទជាបន្ទាន់នូវផ្នែកសង្គ្រោះបន្ទាន់របស់ខ្លួនដោយគ្មានកំណត់ បន្ទាប់ពីរកឃើញថា បុគ្គលិកពេទ្យចំនួន ៦ នាក់បានឆ្លងជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣៩,០៣៨ ករណី និងមានអ្នកស្លាប់ចំនួន ៩៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ឆ្លងច្រើនពេក! ថៃ រឹតត្បិតក្រុងបាងកក និងបិទខេត្តចំនួន ៤០ រយៈពេល ២ សប្ដាហ៍រហូតដល់ចប់ចូលឆ្នាំ
ចុចអាន ៖ ថ្លៃចំណាយព្យាបាលអ្នកជំងឺកូវីដ ក្នុងម្នាក់ នៅថៃក៏មិនធម្មតា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង