លោក Trump អះអាងថា ព័ត៌មានវ៉ាក់សាំងត្រូវបានលាក់ទុក ដល់ចាញ់ឆ្នោតហើយទើបបញ្ចេញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump អះអាងថា ព័ត៌មានវ៉ាក់សាំងត្រូវបានលាក់ទុក ដល់ចាញ់ឆ្នោតហើយទើបបញ្ចេញ

Published

on

លោក Donald Trump បានអះអាងថា វ៉ាក់សាំងកូវីដ១៩ត្រូវបានគេលាក់ព័ត៌មានក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់ឱកាសជាប់ឆ្នោតរបស់គាត់។

ប្រធានាធិបតីអាមេរិករូបនេះត្រូវបានគូប្រជែងលោក Joe Biden យកឈ្នះបន្ទាប់ពីអតីតសមាជិកព្រឹទ្ធសភាបានបំបែកកំណត់ត្រារបស់លោក Barack Obama សម្រាប់ការទទួលបានសំឡេងគាំទ្រច្រើនបំផុតនៅក្នុងការបោះឆ្នោត។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមហ៊ុនឱសថយក្ស Pfizer បានប្រកាសពីទិន្នន័យដំបូងពីការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ខ្លួនដោយបង្ហាញថា វាមានប្រសិទ្ធភាពជាង៩០ភាគរយ។

វាបង្ហាញសញ្ញានៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សជាងមួយលាននាក់និងបានបំផ្លាញសេដ្ឋកិច្ចពិភពលោក។

មេដឹកនាំគណបក្សសាធារណរដ្ឋបានអះអាងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ក៏ដូចជាអ្នកប្រជាធិបតេយ្យបានលាក់ព័ត៌មាននៃវ៉ាក់សាំងរហូតដល់ក្រោយការបោះឆ្នោត។

គាត់បានបង្ហោះ Twitter ដើម្បីអះអាងថា គូប្រជែងរបស់គាត់និង FDA បានរៀបចំការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ដើម្បីការពារគាត់មិនឲ្យជាប់ឆ្នោតជាថ្មី។

លោក Trump បានសរសេរនៅលើ Twitter ថា “@US_FDA និងអ្នកប្រជាធិបតេយ្យមិនចង់ឲ្យខ្ញុំទទួលបានវ៉ាក់សាំងឈ្នះមុនការបោះឆ្នោតទេ ដូច្នេះវាចេញមក៥ថ្ងៃក្រោយដូចខ្ញុំបាននិយាយអញ្ចឹង!”។

មហាសេដ្ឋីរូបនេះតែងតែអះអាងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា វ៉ាក់សាំងនឹងត្រូវបានត្រៀមរួចរាល់នៅថ្ងៃបោះឆ្នោត។

យ៉ាងណាក្តី ក្រុមហ៊ុន Pfizer បានបដិសេធរាល់ការចោទប្រកាន់ដែលថា ពេលវេលានៃការប្រកាសរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម