ព័ត៌មានអន្ដរជាតិ
ឥណ្ឌាទប់លែងបាន ប្រព័ន្ធដួលរលំ សូម្បីរដ្ឋមន្ត្រីក៏ប្រកាសរកគ្រែតាម Facebook
ការរាតត្បាតកូវីដ-១៩វាយប្រហារធ្ងន់ធ្ងរហួសពីការស្មាននៅប្រទេសឥណ្ឌាដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទ្រាំទ្រលែងបាន ខណៈអ្នកជំងឺកូវីដរង់ចាំបន្តបន្ទាប់គ្នានៅគ្រប់មន្ទីរពេទ្យដើម្បីស្វែងរកគ្រែព្យាបាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/system-has-collapsed1.png)
ស្របពេលជាមួយគ្នានេះ នៅលើបណ្តាញទំនាក់ទំនងសង្គមមានសាររាប់ពាន់កំពុងប្រកាសស្វែងរកគ្រែ។ សូម្បីមន្ត្រីធំៗដូចជារដ្ឋមន្ត្រីក៏បានប្រកាសស្វែងរកគ្រែតាមបណ្តាញទំនាក់ទំនងសង្គមដែរ។
ក្រឡេកមើលទៅមាត់សមុទ្រ ទឹកមុខរបស់មនុស្សរាប់ពាន់នាក់មិនមានពាក់ម៉ាស់ឡើយនៅក្នុងការជួបជុំរឿងនយោបាយក្នុងទីក្រុង West Bengal កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអះអាងពោរពេញដោយមោទនភាពថា លោកមិនដែលឃើញមនុស្សច្រើនសន្ធឹកសន្ធាប់បែបនេះទេ។ សូម្បីតែលោកនាយករដ្ឋមន្ត្រីផ្ទាល់ក៏មិនពាក់ម៉ាស់ដែរ។
នៅថ្ងៃសៅរ៍នោះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩បំបែកកំណត់ត្រារហូតដល់ ២៣៤ ០០០នាក់ និងករណីស្លាប់១៣៤១នាក់ ហើយចំនួនចេះតែបន្តកើនឡើងរហូតដោយគ្មានថមថយឡើយ។
ប្រទេសបានធ្លាក់ចូលក្នុងសោកនាដកម្មនៃសមាមាត្រមិនធ្លាប់មាន។ មនុស្សស្ទើរ១.៦លាននាក់បានឆ្លងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យតួលេខសរុបកើនជាង១៥លាននាក់ទៅហើយ។
រយៈពេលតែ១២ថ្ងៃ អត្រាវិជ្ជមានកូវីដ-១៩បានហក់ឡើងដល់១៧% ខណៈទីក្រុងដេលីឡើងដល់៣០%ឯណោះ។ មន្ទីរពេទ្យទូទាំងប្រទេសពេញដោយអ្នកជំងឺ ប៉ុន្តែពេលនេះមានអ្នកជំងឺវ័យក្មេងលើសលប់នៅលើគ្រែ ក្នុងនោះទីក្រុងដេលលីមានដល់៦៥%នៃអ្នកឆ្លងដែលមានអាយុក្រោម៤០ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/system-has-collapsed2.png)
នៅពេលការរាតត្បតមិនធ្លាប់មាននៃវីរុសដែលត្រូវបានគេដឹងថា វីរុសបំប្លែងថ្មីបានលេចឡើងនៅប្រទេសឥណ្ឌា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Modi ត្រូវបានចោទប្រកាន់ពីបរាជ័យនៃភាពដឹកនាំរបស់លោកដែលធូររលុង ដោយធ្វើតាមឥរិយាបថរបស់ថ្នាក់ដឹកនាំតាមរដ្ឋ និងមូលដ្ឋានពីគ្រប់ផ្នែកទាំងអស់ និងសូម្បីតែមន្ត្រីសុខាភិបាលទូទាំងប្រទេសក៏ធ្វេសប្រហែស។
លោក K Srinath Reddy ប្រធានមូលនិធិសុខាភិបាលសាធារណៈប្រទេសឥណ្ឌា បានលើកឡើងថា ៖«ភាពដឹកនាំទូទាំងប្រទេសមិនបានបង្ហាញគ្រប់គ្រាន់ថា ជំងឺរាតត្បាតនេះមិនទាន់បាត់រលត់ទេ»។ ការលើកនេះគឺលោកចង់សំដៅលើការផ្ទុះលើកទ១ដែលបានស្ងប់ស្ងាត់។
លោកថា ៖«ជ័យជម្នះត្រូវបានប្រកាសមុន និងអារម្មណ៍សប្បាយចិត្តត្រូវបានទំនាក់ទំនងទូទាំងប្រទេស ជាពិសេស អ្នកនយោបាយដែលចង់ឲ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ និងចង់ឲ្យត្រឡប់មកវិញនូវយុទ្ធនាការណ៍បោះឆ្នោត។ នោះហើយដែលផ្តល់ឱកាសឲ្យវីរុសផ្ទុះឡើងវិញ»។
នៅរដ្ឋ West Bengal ដែលជាកន្លែងគណបក្ស Bharatiya Janata Party របស់លោកនាយករដ្ឋមន្ត្រីសង្ឃឹមឈ្នះនោះ លោក Modi និងរដ្ឋមន្ត្រីមហាផ្ទៃ Amit Shah បានបន្តជួបជុំជាសាធារណៈ ទាំងពេលនៅតាមផ្លូវមានរថយន្តសង្គ្រោះបន្តកន្ទុយគ្នានៅខាងក្រៅមន្ទីរពេទ្យ។
កាលពីថ្ងៃសៅរ៍ ជាថ្ងៃជួបជុំរបស់លោក Modi រដ្ឋមួយនេះមានករណីឆ្លងថ្មីចំនួន៧៧១៣នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីផ្ទុះឡើង។ បេក្ខជនឈរឈ្មោះបោះឆ្នោត៣នាក់បានស្លាប់ដោយកូវីដ-១៩។
ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យជួរមុខបានបែកបាក់ ដោយសារការលិចលង់នៃអ្នកជំងឺកូវីដ-១៩។ ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាល ដោយសារតែខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ហើយការរៀបចំរបស់រដ្ឋ និងរដ្ឋាភិបាលមិនគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត Amit Thadhani នាយកមន្ទីរពេទ្យ Niramaya នៅទីក្រុង Mumbai បាននិយាយថា លោកធ្លាប់បានព្រមានពីការផ្ទុះឡើងវិញកាលពីខែកុម្ភៈហើយ ប៉ុន្តែពួកគេមិនខ្វល់។ ឥឡូវនេះមន្ទីរពេទ្យរបស់លោកមានអ្នកជំងឺពេញ។ បើមានអ្នកជំងឺចេញខ្លះ ចូលវិញពេញភ្លាម។
លោកថា ៖«អ្នកជំងឺបន្តបន្ទាប់គ្នារង់ចាំចូលមន្ទីរពេទ្យ។ រាល់ថ្ងៃនេះ រាល់៣០វិនាទីម្តង មានទូរសព្ទខលចូលដើម្បីសួររកគ្រែ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/system-has-collapsed.png)
សំឡេងរថយន្តសង្គ្រោះបន្ទាន់លាន់ឮឡើងស្ទើរពេញទីក្រុងដែលគ្មានពេលស្ងាត់ឡើយ។ នៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាល Lok Nayak នៅទីក្រុងដេលីដែលជាកន្លែងផ្ទុះកូវីដខ្លាំងបំផុត កំពុងខ្វះបរិក្ខាពេទ្យ និងអ៊ុកស៊ីសែន ហើយគ្រែមួយដាក់អ្នកជំងឺពីរនាក់ក៏មាន ខណៈអ្នកជំងឺខាងក្រជាច្រើននាក់កំពុងរង់ចាំគ្រែ ហើយរថយន្តសង្គ្រោះបន្ទាន់ចេញចូលមិនដាច់។
នៅ Mumbai ដែលជាទីក្រុងទីមួយផ្ទុះរលកទី២ លោកវេជ្ជបណ្ឌិត Jalil Parkar នៅមន្ទីរពេទ្យ Lilavati បានឲ្យដឹងថា ៖«ប្រព័ន្ធសុខាភិបាលទាំងមូលបានដួលរលំ ហើយក្រុមវេជ្ជបណ្ឌិតនឿយហត់អស់កម្លាំង»។
លោកបញ្ជាក់ថា ៖«ខ្វះគ្រែ ខ្វះអ៊ុកស៊ីសែន ខ្វះថ្នាំ ខ្វះវ៉ាក់សាំង ខ្វះឧបករណ៍ធ្វើតេស្ត»។
សូម្បីអ្នកមានអំណាចក៏ពិបាករកគ្រែដើម្បីដាក់មនុស្សជាទីស្រឡាញ់របស់ពួកគេដែរ។ លោកVijay Singh Kumar រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសមាជិកសភាពរដ្ឋ Uttar Pradesh បានសរសើរនៅលើ Twitter ថា ៖«សូមជួយយើងខ្ញុំផង ប្អូនប្រុសរបស់ខ្ញុំត្រូវការគ្រែព្យាបាលកូវីដ-១៩។ ឥឡូវនេះមិនមានគ្រែនៅ Ghaziabad ឡើយ»។
ការប្រកាសបិទខ្ទប់រយៈពេល៦ថ្ងៃដើម្បីការពារកុំឲ្យដួលរលំប្រព័ន្ធសុខាភិបាល រដ្ឋមន្ត្រីទីក្រុងដេលីលោក Arvind Kejriwal មានប្រសាសន៍កាលពីថ្ងៃចន្ទថា ៖«ស្ថានភាពកូវីដនៅដេលីមានសភាពធ្ងន់ធ្ងរណាស់»។
ជាង៩៩%នៃគ្រែសង្គ្រោះបន្ទាន់នៅរដ្ឋធានីពេញទាំងអស់គ្មានថ្ងៃថមថយ ហើយនៅត្រឹមថ្ងៃអង្គារ មន្ទីរពេទ្យធំៗជាច្រើននៅដេលីមានអ្នកជំងឺកូវីដ-១៩រាប់ពាន់នាក់ដែលធ្វើឲ្យខ្វះបរិក្ខាពេទ្យ។
នៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា Twitter និង Facebook មានសារបង្ហោះរាប់ពាន់ដើម្បីប្រកាសស្វែងរកគ្រែ អ៊ុកស៊ីសែន និងថ្នាំព្យាបាលជំងឺ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/04/system-has-collapsed3.png)
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?