លោក Biden និយាយថា គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចនោះទេ ទោះ Trump កំពុងប្ដឹងផ្ដល់ក៏ដោយ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden និយាយថា គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចនោះទេ ទោះ Trump កំពុងប្ដឹងផ្ដល់ក៏ដោយ

Published

on

ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឡើយ ខណៈដែលប្រធានាធិបតី Donald Trump បានបន្តដាក់ពាក្យបណ្ដឹងនៅក្នុងរដ្ឋជាច្រើនក្នុងគោលបំណងដើម្បីបន្តកាន់តំណែង ។

យុទ្ធនាការរបស់លោក Trump បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងដើម្បីបញ្ឈប់រដ្ឋ Michigan ពីការបញ្ជាក់ជាផ្លូវការដល់លោក Biden ថាជាអ្នកឈ្នះនៅទីនោះរហូតដល់រដ្ឋអាចផ្ទៀងផ្ទាត់ថាសន្លឹកឆ្នោតត្រូវបានគេបោះត្រឹមត្រូវតាមច្បាប់ ហើយវាជាការប្តឹងចុងក្រោយនៅក្នុងបណ្តារដ្ឋសំខាន់ៗដើម្បីព្យាយាមគាំទ្រដល់ការអះអាងរបស់លោក Trump ថាការបោះឆ្នោតនោះមានការក្លែងបន្លំ ។

ទន្ទឹមនោះអ្នកជំនាញផ្នែកច្បាប់បាននិយាយថា ការប្តឹងរបស់លោក Trump មានឱកាសតិចតួចណាស់ក្នុងការផ្លាស់ប្តូរលទ្ធផល ហើយមន្ត្រីរដ្ឋបាននិយាយថាមិនមានភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់នៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា នោះទេ ។

លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅទីក្រុង Delaware ថា ក្រុមរបស់លោកកំពុងបន្តដំណើរការទៅមុខជាមួយនឹងការបង្កើតរដ្ឋបាលថ្មីមួយនៅពិធីប្រគល់តំណែងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ មិនថាមានបញ្ហាអ្វីក៏ដោយ ។

លោកបាននិយាយថា “យើងនឹងបន្តដំណើរទៅមុខក្នុងលក្ខណៈជាក់លាក់មួយ ដាក់រដ្ឋបាលរបស់យើងធ្វើការរួមគ្នាក្នុងសេតវិមាន និងពិនិត្យមើលថាតើយើងនឹងជ្រើសរើសយកមុខតំណែងគណៈរដ្ឋមន្រ្តីដែរឬក៏យ៉ាងណា ហើយគ្មានអ្វីនឹងបញ្ឈប់រឿងនោះទេ” ។ លោក Biden បាននិយាយថា វាជាការអាម៉ាស់មួយដែលលោក Trump មិនព្រមទទួលស្គាល់បរាជ័យការបោះឆ្នោតនេះ ។

ដោយយកសំណួរពីប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងចាប់តាំងពីជ័យជម្នះរបស់គាត់ លោក Biden ត្រូវបានគេសួរថាតើគាត់នឹងនិយាយអ្វីប្រសិនបើលោក Trump កំពុងមើល ។ គាត់បាននិយាយថា “លោកប្រធានាធិបតីខ្ញុំរង់ចាំនិយាយជាមួយអ្នក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម