ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាសម្លាប់៣នាក់ ចាប់ខ្លួនអ្នកកាសែត ទោះមានកិច្ចប្រជុំអាស៊ាន
ការបង្ក្រាបដោយហិង្សាបណ្តាលឲ្យមនុស្សស្លាប់របស់របបយោធាមីយ៉ាន់ម៉ានៅតែបន្តកើតមាន បើទោះជាកិច្ចប្រជុំកំពូលអាស៊ានដើម្បីរកច្រកចេញពីវិបត្តិក្នុងប្រទេសមួយនេះទើបតែធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ពេលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានអង្គុយក្នុងវេទិកាប្រជុំជាមួយមេដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ទាហានរបស់លោកបានសម្លាប់ជនស៊ីវិលហោចណាស់៣នាក់។

និស្សិតសាកលវិទ្យាល័យអាយុ២២ឆ្នាំឈ្មោះ Kaung Htet Naing ត្រូវបានបាញ់ស្លាប់ដោយមន្ត្រីប៉ូលិសនៅសង្កាត់ Chanmyatharzi ក្នុងទីក្រុង Mandalay នៅព្រឹកថ្ងៃសៅរ៍ នៅពេលគាត់បានកំពុងដុតកង់ឡានដើម្បីតវ៉ា។
ចំណែកនៅសង្កាត់ Pyinmana ក្នុងរដ្ឋ Naypyitaw អ្នកតវ៉ាម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលកម្លាំងសន្តិសុខបានបាញ់ទៅលើកក្រុមតវ៉ាជិះម៉ូតូប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធា។
ស្ត្រីអាយុ៦៣ឆ្នាំឈ្មោះ Daw Win Kyi នៅតំបន់ Sagaing ស្ថិតនៅមាត់ទន្លេ Ayeyarwady បានស្លាប់នៅក្នុងកន្លែងឃុំខ្លួន បន្ទាប់ពីគាត់ត្រូវបានចាប់យកពីផ្ទះ។ គាត់ត្រូវបានចាប់យកទៅវេលាម៉ោង៤:៣០នាទីល្ងាច ហើយកន្លះម៉ោងក្រោយមក សាច់ញាតិបានប្រាប់ថា គាត់បានស្លាប់។ ប៉ូលិសបញ្ជាក់ថា គាត់បានស្លាប់ដោយសារគាំងបេះដូង។
នៅថ្ងៃសៅរ៍នោះដែរ ស្ត្រីអ្នកកាសែត និងគ្រូបង្រៀនជំនាញសារព័ត៌មានឈ្មោះ Ma Tu Tu Tha និងគ្រួសាររបស់គាត់ត្រូវបានចាប់ខ្លួនដោយកម្លាំងយោធាមីយ៉ាន់ម៉ា។

យោងតាមសាច់ញាតិម្នាក់ប្រាប់ថា ប៉ូលិស និងទាហានបានស្វែងរកផ្ទះរបស់គាត់នៅសង្កាត់ Thanlyin ក្នុងទីក្រុងយ៉ាំងហ្គោន ហើយក៏បានចាប់ខ្លួន៤នាក់ក្នុងនោះមានកូនប្រុស ប្អូនប្រុស និងម្នាក់ទៀតជាមិត្តភក្តិ។
ពួកគាត់ត្រូវបាននាំខ្លួនទៅកាន់មណ្ឌលសួរចម្លើយទាហានមួយនៅ Shwepyitha។ សូមបញ្ជាក់ថា អ្នកស្រី Ma Tu Tu Tha ជានិពន្ធនាយកកាសែត Thanlyin Post ដែលជាកាសែតក្នុងស្រុកចេញផ្សាយប្រចាំសប្តាហ៍ និងធ្លាប់ធ្វើឲ្យសារព័ត៌មាន Irrawaddy។
អ្នកសារព័ត៌មានម្នាក់ទៀតដែលធ្លាប់ធ្វើឲ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យភូមា (DVB) ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃអាទិត្យ។
រហូតដល់ពេលនេះ អ្នកកាសែតជាង៧០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ និង៤០នាក់កំពុងជាប់ឃុំនៅឡើយ។ អ្នកកាសែត២២នាក់ទៀតកំពុងប្រឈមនឹងការចាប់ខ្លួន។
កាលពីថ្ងៃអាទិត្យ និងចន្ទ កន្លងទៅនេះ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន។ ទូរទស្សន៍រដ្ឋដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាបានផ្សាយថា នៅថ្ងៃអាទិត្យ កម្លាំងយោធាបានចាប់ខ្លួនអ្នកមនុស្សយ៉ាងហោចណាស់៣៤នាក់។
ចាប់តាំងពីរដ្ឋប្រហារមក របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៥១នាក់ហើយក្នុងនោះក្មេង៥០នាក់ និងបានចាប់ខ្លួនមនុស្ស៤៤៦២នាក់ ហើយមនុស្ស៣៤៣១នាក់កំពុងជាប់ឃុំ។
នៅថ្ងៃចន្ទ ម្សិលមិញនេះក្រុមមេធាវីបាននិយាយថា របបយោធាមីយ៉ាន់ម៉ាបានបន្តពន្យារពេលបើកសវនាការប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ខណៈក្រុមមេធាវីរបស់លោកស្រីកំពុងតស៊ូដើម្បីបានទៅសួរសុខទុក្ខលោកស្រីផ្ទាល់នៅក្នុងពន្ធនាគារ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ មេដឹកនាំកំពូលអាស៊ានបានប្រាប់ឲ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា«ត្រូវបញ្ឈប់អំពើហិង្សាជាបន្ទាន់» និងដោះលែងអ្នកជាប់ឃុំទាំងអស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost & irrawaddy

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ