អ្នកស្នងតំណែងមេក្រុមអាល់កៃដានិងជា​មេខ្លោងបំផ្ទុះគ្រាប់បែកស្ថានទូតអាមេរិកត្រូវបានសម្លាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្នងតំណែងមេក្រុមអាល់កៃដានិងជា​មេខ្លោងបំផ្ទុះគ្រាប់បែកស្ថានទូតអាមេរិកត្រូវបានសម្លាប់

Published

on

ដោយដកស្រង់សម្តីមន្ត្រីចារកម្ម កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេបញ្ជាការទី២នៃក្រុមអាល់កៃដាដែលត្រូវបានចោទប្រកាន់ថាបានជួយរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិក២កន្លែងក្នុងទ្វីបអាហ្វ្រិកត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែសីហា។

កាសែតអាមេរិកបានរាយការណ៍ថា លោក Abdullah Ahmed Abdullah ឬ Abu Muhammad al-Masri ត្រូវបានបាញ់សម្លាប់ដោយបុរសពីរនាក់ដែលជិះម៉ូតូក្នុងទីក្រុង Tehran កាលពីជាងបីខែមុន។

មន្រ្តីស៊ើបការណ៍សម្ងាត់បានប្រាប់កាសែតថា ការសម្លាប់លោក al-Masri ដែលត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំអាល់កៃដាបច្ចុប្បន្នគឺលោក Ayman al-Zawahri ត្រូវបានធ្វើឡើងដោយភ្នាក់ងារអ៊ីស្រាអែលតាមបញ្ជារបស់អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះបានបន្ថែមថា គេមិនច្បាស់ទេថាតើអាមេរិកមានតួនាទីអ្វីនៅក្នុងការសម្លាប់អ្នកប្រយុទ្ធដើមកំណើតអេហ្ស៊ីបរូបនេះកាលពីថ្ងៃទី៧ខែសីហា។

កាសែតនេះបានរាយការណ៍ថា លោក Al-Masri ត្រូវបានសម្លាប់រួមជាមួយកូនស្រីរបស់គាត់។

លោក Al-Masri ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីភេរវករដែល FBI តាមចាប់ខ្លួនហើយត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងប្រទេសកេនយ៉ានិងតង់ហ្សានីដែលក្នុងនោះមនុស្ស២២៤នាក់ត្រូវបានសម្លាប់និងរាប់រយនាក់រងរបួស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម