ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីធ្ងន់ធ្ងរណាស់ ពេលនេះសម្រេចដាក់បំរាមពេញបន្ទុកទូទាំងប្រទេស
ប្រទេសម៉ាឡេស៊ីនឹងដាក់បំរាមបិទខ្ទប់ពេញបន្ទុកទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ទី១៤ ខែមិថុនា ខាងមុខនេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សាយលើផេករបស់លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា។
សេចក្តីប្រកាសដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីឲ្យដឹងថា គ្រប់ផ្នែកនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមនឹងត្រូវបិទទាំងអស់នៅក្នុងបំរាមបិទខ្ទប់ពេញបន្ទុក។ មានតែផ្នែកសេដ្ឋកិច្ចសំខាន់ និងសេវាកម្មដែលមាននៅក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិប៉ុណ្ណោះដែលនឹងអនុញ្ញាតឲ្យដំណើរការនៅក្នុងដំណាក់កាលបំរាមបិទខ្ទប់ដំណាក់កាលទី១។

សេចក្តីប្រកាសបានឲ្យដឹងថា ៖«ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងកូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំងនៅប្រទេសម៉ាឡេស៊ីដែលមានករណីឆ្លងប្រចាំថ្ងៃលើសពី៨០០០នាក់ និងករណីឆ្លងសកម្មលើសពី៧០ ០០០នាក់»។
ការលេចឡើងនៃវីរុសបំប្លែងខ្លួនកូវីដ-១៩ថ្មីបានជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីធ្វើការដាក់បំរាមបិទខ្ទប់ពេញលេញ។
សេចក្តីប្រកាសបានឲ្យដឹងថា ជាមួយនឹងការករណីឆ្លងប្រចាំថ្ងៃកំពុងហក់ឡើង សមត្ថភាពរបស់មន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ទូទាំងប្រទេសក៏កាន់តែមានកម្រិត។
ប្រសិនបើបំរាមបិទខ្ទប់ពេញបន្ទុកដំណាក់កាលទី១បានជោគជ័យក្នុងការកាត់បន្ថយការឆ្លងប្រចាំថ្ងៃបាន រដ្ឋាភិបាលនឹងបន្ថយមកត្រឹមបំរាមកដំណាក់កាលទី២ដែលនឹងអនុញ្ញាតឲ្យបើកវិស័យសេដ្ឋកិច្ចមួយចំនួនឡើងវិញដែលមិនពាក់ព័ន្ធនឹងការប្រមូលផ្តុំ ឬជួបជុំមនុស្សច្រើន។

បំរាមដំណាក់កាលទី២មានរយៈពេល៤សប្តាហ៍
ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយថា ៖«នៅពេលការបំរាមដំណាក់កាលទី២ចប់ ជំហានបន្ទាប់គឺដំណាក់កាលទី៣ដែលនឹងអនុវត្តបទបញ្ជាគ្រប់គ្រងចលនាមួយ (MCO)ដែលប្រហាក់ប្រហែលនឹងបទបញ្ជាបច្ចុប្បន្ន ដែលសកម្មភាពសង្គមមិនត្រូវបានអនុញ្ញាត ហើយវិស័យសេដ្ឋកិច្ចស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាតឲ្យដំណើរការស្របតាមនីតិវិធីប្រតិបត្តិកម្រិតស្តង់ដារ និងកំណត់ចំនួនមនុស្សនៅកន្លែងធ្វើការ»។
ទោះបីជាយ៉ាងណា ការសម្រេចផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយនឹងត្រូវឆ្លងកាត់ការវាយតម្លៃហានិភ័យរបស់ក្រសួងសុខាភិបាល និងផ្អែកតាមករណីឆ្លងប្រចាំថ្ងៃជាក់ស្តែង ក៏ដូចជាសមត្ថភាពព្យាបាលអ្នកជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ។

ការិយាល័យនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា រដ្ឋាភិបាលនឹងធ្វើធានាថា ប្រព័ន្ធសុខភាពម៉ាឡេស៊ីនឹងមិនដួលរលំឡើយ ហើយការគាំទ្រ និងជំនួយនឹងផ្តល់ទៅក្រសួងសុខាភិបាលដើម្បីបង្កើនសមត្ថភាពមន្ទីរពេទ្យ។
សេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីបានធ្វើឡើង នៅពេលប្រទេសម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីខ្ពស់បំផុតបួនថ្ងៃជាប់គ្នាគឺចំនួន ៨២៩០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៥៤៩ ០០០នាក់។ ករណីស្លាប់ថ្មីមានចំនួន៦១នាក់ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ២៥៥២នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ