ព័ត៌មានអន្ដរជាតិ
វិបត្តិកូវីដមហាវេទនា ពលរដ្ឋឥណ្ឌាក្រីក្ររាប់រយលាននាក់ជួបទុក្ខធំបន្ថែមទៀត
ស្ត្រីឈ្មោះ Rasheeda Jaleel រស់នៅដោយភាពភ័យខ្លាចដែលមិនអាចផ្គត់ផ្គង់ចំណីអាហារគ្រប់គ្រាន់ដល់កូនទាំង៧នាក់របស់គាត់ដែលស្ថិតក្នុងចំណោមពលរដ្ឋឥណ្ឌារាប់លាននាក់បានកំពុងធ្លាក់ចូលក្នុងភាពក្រីក្រដោយសារវិបត្តិកូវីដ-១៩។
ស្ត្រីវ័យ៤០ឆ្នាំ និងស្វាមីឈ្មោះ Abdul Jaleel អាយុ៦៥ឆ្នាំ ព្រមទាំងកូនទាំងអស់កំពុងរស់នៅខ្វះអាហារទទួលទានដោយថ្ងៃខ្លះមានតែមួយពេលប៉ុណ្ណោះ។
អ្នកស្រី Jaleel បាននិយាយថា ៖«ពេលយើងអត់ឃ្លាន ខ្ញុំមានអារម្មណ៍គ្មានអ្វីទីពឹង និងបារម្ភខ្លាំង។ តើយើងរស់បានដោយរបៀបណា? យើងធ្វើអ្វីៗឲ្យតែបានលុយទិញចំណីអាហារ។ បើគ្មានអាហារគ្រប់ ខ្ញុំសុខចិត្តអត់ញាំដើម្បីឲ្យកូនបានញាំ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Indian-People-with-hungry.png)
កូវីដ-១៩បានសម្លាប់ពលរដ្ឋឥណ្ឌា១៦០ ០០០នៅក្នុងរយៈពេល៨សប្តាហ៍ មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺ និងអាជីវកម្មជាច្រើនបានបិទទ្វារ។ ក្រុមអ្នកជំនាញព្រមានថា វិបត្តិបន្ថែមទៀតកំពុងកើនមានឡើងគឺកម្រិតនៃភាពអត់ឃ្លានក្នុងចំណោមពលរដ្ឋឥណ្ឌាក្រីក្រដែលបានជួបវេទនារួចហើយពាក់ព័ន្ធនឹងការបំរាមកាលពីឆ្នាំមុន។
លោក Anjali Bhardwaj មកពីអង្គការសិទ្ធិទទួលបានចំណីអាហារបាននិយាយថា ៖«វាជាវិបត្តិទ្វេដងដែលប្រជាជនក្រីក្រក្នុងប្រទេសកំពុងរងទុក្ខ នោះគឺវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ច។ យើងមានវិបត្តិសុខភាពធ្ងន់ធ្ងរហើយ ហើយមនុស្សជាច្រើនបានចំណាយប្រាក់ដើម្បីព្យាបាល»។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Bangalore’s Azim Premji បានបង្ហាញថា ប្រជាជនឥណ្ឌាប្រហែលជា២៣០លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រ ដែលជីវិតរស់នៅពឹងផ្អែកលើប្រាក់ប្រហែលជា៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្នុងឆ្នាំដំបូងនៃការរាតត្បាតកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Indian-People-with-hungry2.png)
គ្មានជម្រើស
ការងារជាង៧.៣លានកន្លែងត្រូវបានបាត់បង់គ្រាន់តែក្នុងខែមេសា។ នេះបើយោងតាមមជ្ឈមណ្ឌលឃ្លាំមើលសេដ្ឋកិច្ចឥណ្ឌា។ ប្រការនេះមានន័យថា កាន់តែទុក្ខលំបាកខ្លាំងឡើងនៅក្នុងប្រទេសមួយដែលជាកន្លែងមាន៩០%ជាការងារក្រៅប្រព័ន្ធដែលមិនមានបណ្តាញសុវត្ថិភាពសង្គម និងជាកន្លែងដែលមនុស្សរាប់លាននាក់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់របបអាហារបន្ទាន់របស់រដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Indian-People-with-hungry1.png)
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយ លោក Amit Basole បានឲ្យដឹងថា ៖«មនុស្សច្រើនណាស់បានធ្លាក់ចូលក្នុងភាពក្រីក្រ ពួកគេជាប់បំណុល ហើយពួកគេត្រូវកាត់បន្ថយការប្រើប្រាស់ចំណីអាហារ។ ការផ្ទុះកូវីដ-១៩លើកទី២បានក្លាយជាឥទ្ធិពលឈានមុខគេធ្វើឲ្យមនុស្សកើតស្ត្រេសខ្លាំង»។
គ្មានទីពឹង និងអត់ឃ្លាន
ការសិក្សានៅសាកលវិទ្យាល័យរបស់ Azim Premji បានបង្ហាញថា ការដាក់បំរាមកាលពីឆ្នាំមុន ប្រជាជនប្រហែលជា១០០លាននាក់បានបាត់បង់ការងារធ្វើនៅប្រទេសឥណ្ឌា។ បន្ទាប់ពីបំរាមត្រូវបានបញ្ចប់ មនុស្សប្រហែលជា១៥%មិនអាចស្វែងរកការងារធ្វើបាននៅបំណាច់ឆ្នាំ២០២០។
មនុស្សជាច្រើនដែលវិលត្រឡប់ទៅធ្វើការវិញដោយទទួលបានប្រាក់ចំណូលទាប ពួកគេបានប្រឈមនឹងវីរុសរលកទី២។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Indian-People-with-hungry4-1024x620.png)
លោក Bhardwaj បាននិយាយថា ទន្ទឹមជាមួយគ្នានេះ ប្រជាជនឥណ្ឌាប្រហែលជា១០០លាននាក់មិនមានប័ណ្ណទទួលបានរបបអាហារពីរដ្ឋាភិបាល។
អង្គការសិទ្ធិទទួលបានចំណីអាហារបានកំពុងធ្វើយុទ្ធនាការណ៍សម្រាប់ការផ្គត់ផ្គង់ចំណីអាហារបន្ទាន់ដល់អ្នកខ្វះខាត បើទោះបីជាពួកគេមិនមានប័ណ្ណក៏ដោយ។
អ្នកជំនាញបានព្រមានថា មនុស្សជាច្រើននឹងនៅតែជួបទុក្ខវេទនាដដែល បើទោះជាបំរាមត្រូវបានបញ្ចប់ក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Indian-People-with-hungry3-1024x640.png)
លោក Basole បាននិយាយថា ៖«ការភ័យខ្លាចគឺយើងជាប់គាំងនឹងវិបត្តិសេដ្ឋកិច្ចយូរអង្វែងដែលជាកន្លែងមានតម្រូវការសរុបទាប ពីព្រោះការងារ និងប្រាក់ចំណូលរបស់ប្រជាជនមិនត្រឡប់ដូចដើមវិញ។ ដោយសារគ្មានការងារដូចដើមនេះហើយធ្វើឲ្យជួបវិបត្តិបន្ថែមមួយកម្រិតទៀត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច