Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាសករណីឆ្លងវីរុសផ្តាសាយបក្សី H10N3 ពីសត្វទៅមនុស្ស លើកដំបូងលើលោក

បានផុស

នៅ

គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយកាលពីថ្ងៃអង្គារថា បុរសអាយុ៤១ឆ្នាំម្នាក់នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានគេអះអាងថាជាមនុស្សដំបូងគេដែលឆ្លងវីរុសផ្តាសាយបក្សី H10N3 ពីសត្វ។

NHC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកក្រុង Zhenjiang រូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៨ខែមេសា បន្ទាប់ពីមានអាការៈក្តៅខ្លួននិងរោគសញ្ញាដទៃទៀត។

គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានវីរុសផ្តាសាយបក្សី H10N3 នៅថ្ងៃទី២៨ខែឧសភា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលបុរសនោះ ឆ្លងវីរុសទេ។

NHC បានបន្ថែមទៀតថា វីរុស H10N3 គឺជាភ្នាក់ងារបង្កជំងឺទាប ឬមិនសូវធ្ងន់ធ្ងរទេ។ វាជាវីរុសក្នុងសត្វបក្សីហើយហានិភ័យនៃការរាលដាលក្នុងកម្រិតធំ គឺទាបណាស់។

វីរុសផ្តាសាយបក្សីច្រើនប្រភេទ មានវត្តមាននៅក្នុងប្រទេសចិន ហើយវីរុសខ្លះឆ្លងដល់អ្នកដែលធ្វើការជាមួយបសុបក្សីជាញឹកញយ។

មិនមានការឆ្លងជំងឺផ្តាសាយបក្សីទៅមនុស្សគួរឲ្យកត់សម្គាល់ទេ ចាប់តាំងពីវីរុស H7N9 បានសម្លាប់មនុស្សប្រហែល៣០០នាក់ ក្នុងអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។

NHC និយាយថា មិនមានករណីផ្សេងទៀតនៃការឆ្លងមេរោគ H10N3 ពីសត្វទៅមនុស្ស ត្រូវបានគេរាយការណ៍ជាសកលនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ផ្ទុះជំងឺផ្តាសាយបក្សីនៅវៀតណាម ហានិភ័យនៃការរាលដាលទ្រង់ទ្រាយធំមានកម្រិតខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម