ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយតិះដៀលខ្លាំងៗឲ្យអាមេរិករយៈពេល៤៥នាទីពេញក្នុងជំនួបលើកដំបូងរបស់គាត់ជាមួយលោក បារ៉ាក់ អូបាម៉ា នៅប្រទេសរុស្ស៊ី។
ការលាតត្រដាងអំពីការតិះដៀលខ្លាំងៗរបស់លោក ពូទីន ត្រូវបានបង្ហាញនៅក្នុងសៀវភៅរបស់លោក អូបាម៉ា ដែលមានចំណងជើងថា “A Promise Land” ដែលចងក្រងអំពីកុមារភាពរបស់អតីតប្រធានាធិបតីរូបនេះនិងអាណត្តិដំបូងរបស់គាត់រហូតដល់ការធ្វើឃាតលោក អូសាម៉ា ប៊ិនឡាដិន។
យោងតាម “A Promise Land” ដែលផ្សាយដោយកាសែត The Sun បានបង្ហាញថា កិច្ចប្រជុំលើកដំបូងរវាងឥស្សរជននយោបាយទាំងពីរបានកើតឡើងនៅខែកក្កដាឆ្នាំ២០០៩ក្នុងភូមិគ្រឹះរបស់លោក ពូទីន នៅជាយក្រុង មូស្គូ។
ប្រភពមួយបានប្រាប់ The Sun ថា “លោក អូបាម៉ា និយាយអំពីរបៀបដែលលោក ពូទីន មើលទៅដូចគ្មានអំណាចនៅពេលអ្នកទាំងពីរថតរូបជាមួយគ្នា។ លោក អូបាម៉ា ថា លោក ពូទីន ទាបនិងតូច ច្រមុះស្រួចនិងស្លេកៗ។
លោក អូបាម៉ា និយាយអំពីរបៀបដែលអ្នករត់តុបុរសស្លៀកពាក់រ៉ូបបែបប្រពៃណីនិងស្បែកជើងស្បែកខ្ពស់ៗបម្រើពងមាន់និងពងត្រីនិងចាក់ទឹកតែចំណែកលោក ពូទីន ចាប់ផ្តើមតិះដៀលខ្លាំងៗមិនចេះចប់អំពីមនុស្សគ្រប់គ្នាដែលទទួលរងភាពអយុត្តិធម៌និងអំពើក្បត់ដែលគាត់បាននិយាយថា គាត់និងប្រជាជនរុស្ស៊ីមានក្តីឈឺចាប់ក្រោមកណ្តាប់ដៃជនជាតិអាមេរិក។
លោក ពូទីន និយាយថា លោកចូលចិត្តប្រធានាធិបតី George W Bush បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ខែកញ្ញាក្នុងការសន្យាសាមគ្គីភាពហើយថែមទាំងបានផ្តល់ជំនួយរបស់រុស្ស៊ីក្នុងការដោះស្រាយជាមួយ សាដាម ហ៊ូសេន ផងដែរ។
ប៉ុន្តែគាត់បាននិយាយថា លោក Bush បានលុកលុយប្រទេសអ៊ីរ៉ាក់ហើយបានចោទប្រកាន់គាត់ថា បង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
សៀវភៅនោះបាននិយាយថា ជំនួយការលោក អូបាម៉ា បានព្យាយាមទប់ស្កាត់ការនិយាយខ្លាំងៗនេះប៉ុន្តែលោក ពូទីន នៅតែបន្ត។
វាមានរយៈពេល៤៥នាទីមុនពេលដែលគាត់បញ្ឈប់ហើយលោក អូបាម៉ា បានឆ្លើយសំណួរគាត់ម្តងមួយចំណុចៗនៅក្នុងអ្វីដែលប្រែទៅជាការសន្ទនាម៉ារ៉ាតុងរយៈពេល២ម៉ោង។ គាត់បានអះអាងថា លោក ពូទីន ហាក់ដូចជាបើកចិត្តប៉ុន្តែមិនសាទរចំពោះទស្សនៈរបស់គាត់ទេ។
ក្រោមរដ្ឋបាលលោក អូបាម៉ា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការចាប់ផ្តើមឡើងវិញនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ទាប់ពីមានភាពតានតឹងកើនឡើងខ្លាំងរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែភាពតានតឹងបានកើតឡើងនៅពេលលោក អូបាម៉ា ចូលកាន់តំណែងអាណត្តិទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail