ព័ត៌មានអន្ដរជាតិ
នៅតែធ្ងន់ធ្ងរ WHO ព្រមានវីរុសបំប្លែងខ្លួនផ្ទុះនៅឥណ្ឌូណេស៊ីជាថ្មី
ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ជាឲ្យអាជ្ញាធរពន្លឿនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រជាជន ខណៈអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ ទៅ១៧ខែមិថុនា បានព្រមានពីតម្រូវការរឹតត្បិតសង្គមត្រូវតែបង្កើនចំពេលការផ្ទុះវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo មានប្រសាសន៍កំឡុងពេលទស្សនកិច្ចទៅកាន់មណ្ឌលចាក់វ៉ាក់សាំងមួយនៅខាងក្រៅទីក្រុងហ្សាការតាថា ៖«យើងត្រូវការពន្លឿនការចាក់វ៉ាក់សាំងឲ្យបានជោគជ័យនៅតាមសហគមន៍ ដែលយើងសង្ឃឹមអាចបញ្ឈប់ការរាលដាលកូវីដ-១៩បាន»។

លោក Widodo បានឲ្យដឹងថា លោកបានបញ្ជាឲ្យគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលមូលដ្ឋានបង្កើនចំនួនមនុស្សត្រូវចាក់វ៉ាក់សាំងរាល់ថ្ងៃឲ្យដល់១លាននាក់នៅខែក្រោយ។ លោកថា ឥណ្ឌូណេស៊ីឥឡូវនេះកំពុងចាក់វ៉ាក់សាំងដល់ប្រជាជនកន្លះលាននាក់ក្នុងមួយថ្ងៃ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ៤ក្នុងពិភពលោកដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបានជាង១៨១លាននាក់ក្នុងចំណោមប្រជាជន២៧០លាននាក់របស់ខ្លួនត្រឹមខែមីនា ឆ្នាំ២០២២ ប៉ុន្តែអាជ្ញាធរទើបចាក់បានទាំងពីរដូសដល់ប្រជាជនតែ១១.៨លាននាក់ប៉ុណ្ណោះ និងចាក់បាន១ដូសដល់ប្រជាជន៩.៦លាននាក់។
អ្នកនាំពាក្យក្រុមការងារកូវីដ-១៩ថ្នាក់ជាតិ លោក Wiku Adisasmito បាននិយាយថា វឌ្ឍនភាពយឹតបណ្តាលមកពីការផ្គត់ផ្គង់វ៉ាក់សាំងពិភពលោកមានកំណត់ ការមិនបានត្រៀមខ្លួនឲ្យរួចរាល់នៃប្រព័ន្ធសុខភាពជាតិ និងការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។ រហូតដល់ពេលនេះ រដ្ឋាភិបាលទទួលបានវ៉ាក់សាំងចំនួន៩២.២លានដូស។

ទិន្នន័យក្រសួងសុខាភិបាលបានបង្ហាញថា ឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១២៦២៤នាក់ដែលជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី៣០ ខែមករា និងមានករណីស្លាន់ថ្មី២៧៧នាក់។
ការកើនឡើងនៃករណីឆ្លងបណ្តាលមកពីការធ្វើដំណើរកំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid al-Fitr កាលពីខែមុន និងការមកដល់វីរុសបំប្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា។
តាមទិន្នន័យរដ្ឋាភិបាលបង្ហាញថា នៅទីក្រុងហ្សាការតា ចំនួនគ្រែក្នុងមន្ទីរពេទ្យមានអ្នកជំងឺឡើងដល់៧៥%នៅក្នុងសប្តាហ៍នេះដែលបានកើនឡើងពី៤៥%កាលពីសប្តាហ៍មុន។
អង្គការសុខភាពពិភពលោកនៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ការកើនឡើងយ៉ាងខ្លាំងនៅក្នុងអត្រាអ្នកជំងឺចូលព្យាបាលនៅមន្ទីរពេទ្យគឺជាកង្វល់ដ៏ធំ និងចាំបាច់ត្រូវតែអនុវត្តវិធានការរឹតត្បិតសាធារណៈ និងសង្គម រាប់បញ្ចូលទាំងការរឹតត្បិតការជួបជុំសង្គមដែលមានមនុស្សច្រើន។

WHO បានលើកឡើងថា ៖«ការឆ្លងថ្មីចេះតែកើនឡើងគឺបណ្តាលមកពីវីរុសបំប្លែងខ្លួនគួរឲ្យបារម្ភ ដូច្នេះចំណាត់ការបន្ទាន់ត្រូវតែធ្វើដើម្បីរក្សាស្ថានភាពនៅតាមបណ្តាខេត្តជាច្រើន»។
មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីនិយាយថា ពួកគេបានរកឃើញវីរុសបំប្លែងខ្លួន Delta នៅទីក្រុងហ្សាការតា ខេត្តជ្វាកណ្តាល និងជ្វាខាងកើត។ ពួកគេបានរកឃើញវីរុសបំប្លែងខ្លួនគួរឲ្យបារម្ភ៣ក្នុងចំណោម៤ដែលត្រូវបានបង្ហាញដោយ WHO។
លោក Adisasmito និយាយថា ការកើនឡើងនៃការឆ្លងកូវីដ-១៩ត្រូវបានឃើញខ្លាំងនៅសប្តាហ៍នេះក្នុងក្រុងហ្សាការតា ខេត្ត ប៉ាន់ថេន ជ្វាខាងលិច ជ្វាកណ្តាល យូហ្គីហ្គាតា និងខេត្តជ្វាខាងកើត។ កន្លែងទាំងអស់នោះស្ថិតនៅតំបន់ជ្វាដែលមានប្រជាជនច្រើនបំផុតនៅលើកោះជាង១៧០០០។
តាមមន្ត្រីឲ្យដឹងថា វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាង៣៥០នាក់បានឆ្លងកូវីដ-១៩ បើទោះជាពួកគេបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ Sinovac ពេញលេញ និងជាច្រើននាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ។
រហូតដល់ពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លងកូវីដ-១៩សរុបចំនួន ១.៩លាននាក់ និងករណីស្លាប់ជាង ៥៣៧០០នាក់ចាប់តាំងពីកូវីដកើតឡើង និងជាប្រទេសរងការវាយប្រហារអាក្រក់ជាងគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។ ចំនួននេះត្រូវបានគេគិតថា មិនរាប់បញ្ចូលទាំងកង្វះនៃការធ្វើតេស្តផង៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច