ព័ត៌មានអន្ដរជាតិ
ប្រទេសហ្វីជី អ្នកអត់ចាក់វ៉ាក់សាំងប្រឈមអស់ការងារ បិទក្រុមហ៊ុន ពិន័យជាប្រាក់
រដ្ឋាភិបាលហ្វីជីបានប្រកាសពីគម្រោងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងលក្ខខណ្ឌការងារចាំបាច់សម្រាប់មន្ត្រីរាជការ និងបុគ្គលិកឯកជន ហើយប្រឈមបាត់បង់ការងារ ប្រសិនបើមិនគោរពតាម។
នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama បានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅយប់ថ្ងៃព្រហស្បតិ៍ថា និយោជក និងនិយោជិកក្នុងវិស័យឯកជនត្រូវតែចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូសនៅត្រឹមថ្ងៃទី១ ខែសីហា។
លោកមានប្រសាសន៍ថា ៖«ប្រសិនបើគ្មានបញ្ហាទេ បើអ្នកជានាយកប្រតិបត្តិក្រុមហ៊ុន ពាណិជ្ជកម្ម ឬបុគ្គលិកដែលមានប្រាក់ខែ អ្នកត្រូវតែចាក់វ៉ាក់សាំងដើម្បីបន្តធ្វើការ បើពុំនោះទេអាជីវកម្មប្រឈមនឹងការបិទ»។

«អត់ចាក់វ៉ាក់សាំង អត់ការងារ–នោះជាអ្វីដែលវិទ្យាសាស្ត្រប្រាប់យើងគឺសុវត្ថិភាពបំផុត និងថា ជាគោលការណ៍របស់រដ្ឋាភិបាល និងត្រូវអនុវត្តតាមច្បាប់»។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់។
មន្ត្រីរាជការនឹងត្រូវឲ្យឈប់សម្រាកពីកន្លែងការងារ ប្រសិនបើពួកគេមិនទៅចាក់វ៉ាក់សាំងឲ្យបានមុនថ្ងៃទី១៥ ខែសីហា ហើយពួកគេត្រូវចាក់វ៉ាក់សាំងពេញលេញត្រឹមថ្ងៃទី១ ខែវិច្ឆិកា។ បើពុំនោះទេនឹងត្រូវបណ្តេញចេញពីការងារ។
លក្ខខណ្ឌចាក់វ៉ាក់សាំងនេះរាប់បញ្ចូលទាំងការពិន័យជាប្រាក់ចាប់ពី២០ដុល្លារដល់៤០០០ដុល្លារអាមេរិក ប្រសិនបើរំលោភលើបទល្មើសជាង២០ដែលបានចែងនៅក្នុងច្បាប់សុខភាពសាធារណៈ។
លោក Bainimarama មានប្រសាសន៍ថា ៖«ដំណឹងល្អគឺថា វ៉ាក់សាំងបង្ការកូវីដ-១៩ដំណើរការ ហើយយើងនឹងចែកចាយឲ្យបានឆាប់រហ័ស។ វ៉ាក់សាំង AstraZeneca ដែលចាក់នៅហ្វីជីគឺដំណើរការល្អណាស់។ វាបង្ហាញពីប្រសិទ្ធភាពការពារ៩២%មិនឲ្យឈឺចូលមន្ទីរពេទ្យពីវីរុសបំប្លែងខ្លួនឆ្លងលឿន Delta»។
លោកបន្តថា ៖«វីរុសផ្សេងទៀតដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដែលកំពុងរាលដាលទូទាំងពិភពលោក ដូចជាវីរុសបំប្លែងខ្លួន Lambda គ្រោះថ្នាក់ខ្លាំងនៅអូស្ត្រាលី។ យើងមិនអាចចំណាយពេលខ្ជះខ្ជាយរឿងចាក់វ៉ាក់សាំង ហើយយកជីវិតមនុស្សជាទីស្រឡាញ់ត្រឡប់មកវិញបានទេ។ វិធានការសាមញ្ញទាំងនោះជួយទប់ស្កាត់ការរាលដាលឆ្លង និងការពារមិនឲ្យឈឺធ្ងន់ មិនឲ្យស្លាប់»។
ប្រទេសហ្វីជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះមានអ្នកឆ្លងថ្មី៨៦០នាក់ និងស្លាប់៣នាក់។ សរុបអ្នកស្លាប់ឡើងដល់៥១នាក់ចាប់តាំងពីកូវីដ-១៩ផ្ទុះកាលពីខែមេសា ឆ្នាំនេះ។
ក្នុងចំណោមមនុស្ស៤៩នាក់ មាន៤១នាក់មិនទាន់ចាក់វ៉ាក់សាំង និង៨នាក់ហោចណាស់ចាក់បានមួយដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ