ព័ត៌មានអន្ដរជាតិ
មកដឹងការវិវត្តការចាក់វ៉ាក់សាំងកូវីដដល់កុមារនៅប្រទេសអាស៊ាន៦នេះ
បណ្តាប្រទេសអាស៊ានបានកំពុងប្រយុទ្ធនឹងកូវីដ-១៩យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការចាក់វ៉ាក់សាំងជាក្តីសង្ឃឹមចម្បងក្នុងការលុបបំបាត់កូវីដ ប៉ុន្តែរហូតដល់ពេលនេះ មានប្រទេសអាស៊ានជាច្រើនទើបចាក់បានតិចប៉ុណ្ណោះ បើប្រៀងធៀបនឹងចំនួនប្រជាជនរបស់ខ្លួន។
ក្រៅពីការប្រឹងប្រែងរកវ៉ាក់សាំងចាក់ដល់មនុស្សធំពេញវ័យ រដ្ឋាភិបាលនៃបណ្តាលអាស៊ានក៏ខ្នះខ្នែងស្វែងរកវ៉ាក់សាំងចាក់ដល់កុមារ និងមនុស្សវ័យក្មេងដែរ។ ទោះជាយ៉ាងណា រហូតដល់ពេលនេះមិនទាន់មានប្រទេសអាស៊ានច្រើនទេដែលដំណើរការចាក់ដល់ក្រុមមនុស្សវ័យក្មេង។
ប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរីសម្រេចប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer សម្រាប់ក្មេងអាយុ១២ឆ្នាំ ដល់១៧ឆ្នាំដែលបានចាប់ផ្តើមការតាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ និងជាប្រទេសដែលដំណើរការចាក់ដល់ក្រុមមនុស្សវ័យក្មេងបានល្អជាងគេនៅអាស៊ានរហូតដល់ពេលនេះ។ ការចាប់ផ្តើមដំបូងគឺសិស្សចំនួន៤០ម៉ឺននាក់។ ចំណែកមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងត្រូវបានចាក់ដោយវ៉ាក់សាំង Moderna។

តាមការឲ្យដឹងពីក្រសួងសុខាភិបាលសិង្ហបុរីថា ក្រុមមនុស្សដែលមានអាយុ១២ឆ្នាំឡើងមានចំនួន១.៥លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
រហូតដល់ពេលនេះសម្រាប់មនុស្សធំពេញវ័យ ប្រទេសសិង្ហបុរីចាក់វ៉ាក់សាំងហោចណាស់បាន១ដូសដល់ប្រជាជនជាង៤លាននាក់ និងពេញទាំងពីរដូសជាង៣លាននាក់ក្នុងចំណោមពលរដ្ឋរបស់ខ្លួនជាង៥.៦លាននាក់។
ប្រទេសឥណ្ឌូណេស៊ី
កាលពីដើមខែនេះ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ។ យ៉ាងហោចណាស់មានសិស្សចំនួន ១០០ នាក់បានចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងហ្សាការតា ខណៈរដ្ឋបាលក្រុងកំពុងកំណត់គោលដៅចាក់វ៉ាក់សាំងដល់កុមារ ចំនួន ១.៣ លាននាក់ នៅក្នុងសាលារៀន និងកន្លែងថែទាំសុខភាព ។

កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង Sinovac បន្ទាប់ពីទីភ្នាក់ងារជាតិគ្រប់គ្រងឱសថ និងអាហាររបស់ប្រទេស បានចេញការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់។
តាមការផ្សាយរបស់ Aljaeera កាលពីថ្ងៃទី២៦ ខែកក្កដា ថា អត្រាឆ្លងកូវីដកុមារក្នុងប្រទេសឥណ្ឌូណេស៊ីខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។ ក្នុងចំណោមអ្នកឆ្លង៨នាក់ មានកុមារម្នាក់ ឬកុមារឆ្លងសរុប២៦២០០០នាក់នៅប្រទេសឥណ្ឌូណេស៊ី។ ជាមួយគ្នា កុមារជាង៧០០នាក់ត្រូវបានគេប៉ាន់ស្មានបានស្លាប់ដោយកូវីដដែលក្នុងនោះមានពាក់កណ្តាលអាយុក្រោម៥ឆ្នាំ។
ទោះជាយ៉ាងណា តាមអ្នកស្រីវេជ្ជបណ្ឌិត Siska Sinardja អ្នកនាំពាក្យសមាគមគ្រូពេទ្យឥណ្ឌូណេស៊ី បាននិយាយដើមសប្តាហ៍ថា ៖«ដោយសារតែការពន្យាពេលនៃការចាក់ដល់កុមារទើបករណីឆ្លងកូវីដបានកើនឡើង»។
ប្រទេសថៃ
តាមការឲ្យដឹងពី នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃកាលពីថ្ងៃទី១២ ខែមិថុនាថា ខ្លួនបានផ្តួចផ្តើមចុះកុងត្រាទិញវ៉ាក់សាំង Pfizer សម្រាប់មនុស្សវ័យក្មេងចាប់ពីអាយុ១២ឆ្នាំ ដល់១៨ឆ្នាំ។ យ៉ាងណារហូតដល់ពេលនេះនៅមិនទាន់មានដំណឹងពីដំណើរការចាក់ក្រុមមនុស្សវ័យក្មេងឡើយ ដោយក្រសួងរំពឹងថា វ៉ាក់សាំងនេះចំនួន២០លានដូសនឹងមកដល់ក្នុងឆ្នាំនេះ។
លោក Anuti ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយថា ៖«នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកំពុងធ្វើការជាមួយសាលារៀនដើម្បីបង្កើតគម្រោងចាក់ដល់សិស្ស។ តាមការប៉ាន់ស្មាន មានក្មេងប្រហែលជា៥លាននាក់ដែលត្រូវចាក់»។
ស្របពេលជាមួយគ្នានេះ អ្នកឯកទេសវីរុសសាស្ត្រកំពូលរបស់ថៃគឺលោក Yong Poovorawan បានលើកឡើងថា វ៉ាក់សាំង Sinovac គួរត្រូវបានប្រើប្រាស់សម្រាក់កុមារដែលមានអាយុ៣ឆ្នាំឡើងនៅបំណាច់ឆ្នាំ២០២១។
ប្រទេសថៃដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៥០លាននាក់នៅបំណាច់ឆ្នាំ ប៉ុន្តែរហូតដល់ពេលនេះទើបបាន៥.៦%នៃប្រជាជនរបស់ខ្លួនជាង៦៦លាននាក់បានចាក់បាន២ដូស និង១៩.២%ហោចណាស់ចាក់បាន១ដូស។

ប្រទេសវៀតណាម
ងាកទៅប្រទេសជិតខាងកម្ពុជាគឺវៀតណាមកំពុងប្រឈមនឹងការឆ្លងកូវីដ-១៩យ៉ាងអាក្រក់ ប៉ុន្តែកម្មវិធីចាក់វ៉ាក់សាំងក៏មិនទាន់ដំណើរការបានច្រើនដែរ ដោយសារកំពុងខ្វះខាត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ធ្លាប់បានឲ្យដឹងថា វៀតណាមកំពុងចរចារជាមួយបណ្តាប្រទេសផ្សេងៗដើម្បីរកវ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ក្រុមមនុស្សអាយុ១២ឆ្នាំដល់១៨ឆ្នាំក្នុងនោះ។ វ៉ាក់សាំង Pfizerជាបេក្ខភាពឈានមុខ។ ការឲ្យដឹងនេះ បន្ទាប់ពីលោកបានជួបឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី បារាំង និងស្វីស កាលពីដើមខែមិថុនា។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ វៀតណាមនៅមិនទាន់ឃើញមានសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់មនុស្សវ័យក្មេងឡើយ ដោយសារកំពុងដុតដៃជើងសម្រាប់ចាក់មនុស្សធំពេញវ័យ។
វៀតណាមដាក់គោលដៅចាក់វ៉ាក់សាំងដល់មនុស្សធំឲ្យបាន១៥០លានដូស ឬស្មើនឹង៧០%នៃប្រជាជនរបស់ខ្លួន៩៦លាននាក់ ប៉ុន្តែរហូតដល់ពេលនេះទើបចាក់ជាង៥.២លាននាក់ប៉ុណ្ណោះសម្រាប់១ដូស និង២ដូសចាក់បាន ៤៩៦ ៦៣០នាក់ប៉ុណ្ណោះ។

ប្រទេសម៉ាឡេស៊ី
ទីភ្នាក់ងារនិយតករឱសថជាតិម៉ាឡេស៊ី (NPRA)បានអនុម័តវ៉ាក់សាំង Pfizer សម្រាប់ការចាក់ដល់ក្មេងអាយុចាប់ពី១២ឆ្នាំឡើង។ ទោះនបីជាយ៉ាងណា រហូតដល់ពេលនេះនៅមិនទាន់ដំណើរការចាក់សម្រាប់ក្មេងឡើយ។
ប្រទេសម៉ាឡេស៊ីដាក់គោលដៅចាក់វ៉ាក់សាំងឲ្យបាន៨០%នៃប្រជាជនរបស់ខ្លួន ប៉ុន្តែបើទិន្នន័យរបស់ Ourworldindata បង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកក្កដា ម៉ាឡេស៊ីចាក់បានពេញដូសប្រមាណជាង១៨% និងហោចណាស់១ដូសជាង២០%។
ប្រទេសហ្វីលីពីន
កាលពីដើមខែកក្កដានេះ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានចាប់ផ្តើមស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ដល់កុមារអាយុ៣ឆ្នាំដល់១៧ឆ្នាំ។
រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Carlos Dominguez បានឲ្យដឹងកាលពីពាក់កណ្តាលខែមិថុនាថា គ្រោងចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញវ៉ាក់សាំងសម្រាប់កុមារអាយុចាប់ពី១២ឆ្នាំឡើងក្នុងនោះកំពុងពិចារណាវ៉ាក់សាំង Pfizer សម្រាប់កុមារ។
ប្រទេសហ្វីលីពីនគ្រោងចាក់វ៉ាក់ដល់មនុស្សធំពេញវ័យឲ្យបាន៧០លាននាក់ត្រឹឹមបំណាច់ឆ្នាំ២០២១។ រហូតដល់ពេលនេះ ហ្វីលីពីនចាក់បានពេញដូសជាង៥% និងមួយដូសបានជាង៤%នៃប្រជាជនរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ thestar, straitstimes, CNA, vnexpress, aljazeera,

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?