ក្រុមហ៊ុនផលិតស្រោមដៃជ័រធំបំផុតលើពិភពលោកត្រៀមបិទរោងចក្រ ក្រោយបុគ្គលិកជាច្រើនឆ្លងកូវីដ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតស្រោមដៃជ័រធំបំផុតលើពិភពលោកត្រៀមបិទរោងចក្រ ក្រោយបុគ្គលិកជាច្រើនឆ្លងកូវីដ

Published

on

ក្រុមហ៊ុនផលិតស្រោមដៃជ័រធំជាងគេបំផុតនៅលើពិភពលោកនឹងបិទរោងចក្រជាងពាក់កណ្តាលនៃរោងចក្ររបស់ខ្លួន បន្ទាប់ពីបុគ្គលិកជិត ២,៥០០ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

ក្រុមអាជ្ញាធរបាននិយាយថា ក្រុមហ៊ុន Top Glove របស់ប្រទេសម៉ាឡេស៊ីនឹងបិទរោងចក្រចំនួន ២៨ តាមដំណាក់កាល ខណៈដែលខ្លួនព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។

ក្រុមហ៊ុនបានមើលឃើញប្រាក់ចំណេញខ្ពស់បំផុតនៅឆ្នាំនេះ ដោយសារតម្រូវការឧបករណ៍ការពារផ្ទាល់ខ្លួនបានកើនឡើងនៅជុំវិញពិភពលោក ។

ប៉ុន្តែភាគហ៊ុននៅក្នុងក្រុមហ៊ុន Top Glove បានធ្លាក់ចុះ ៧.៥ ភាគរយនៅថ្ងៃអង្គារនេះ បន្ទាប់ពីការប្រកាសអំពីការបិទរោងចក្រ ។

ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងតំបន់រោងចក្រ និងកន្លែងស្នាក់អាស្រ័យសម្រាប់ក្រុមហ៊ុន Top Glove ។ កម្មករជិត ៥,៨០០ នាក់ត្រូវបានពិនិត្យរហូតមកដល់ពេលនេះ ខណៈធ្វើតេស្តវិជ្ជមានចំនួន ២,៤៥៣ នាក់ ។

ក្រុមហ៊ុន Top Glove បានបើករោងចក្រចំនួន ៤១ នៅប្រទេសម៉ាឡេស៊ីដោយមានកម្មករជាច្រើនមកពីប្រទេសនេប៉ាល់ ហើយរស់នៅក្នុងអគារអន្តេវាសិកដ្ឋានដ៏ចង្អៀតណែនណាន់តាន់តាប់ ។

អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “អ្នកទាំងអស់ដែលបានធ្វើតេស្តវិជ្ជមានត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេត្រូវបានធ្វើចត្តាលីស័កដើម្បីចៀសវាងការឆ្លងទៅកម្មករផ្សេងទៀត” ។

គេមិនទាន់ច្បាស់ទេថាតើការបិទរោងចក្រនេះនឹងចាប់ផ្តើមនៅពេលណា ដោយគ្រាន់តែបញ្ជាក់ថា វានឹងកើតឡើងឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ស្ដេចអេស្ប៉ាញត្រូវធ្វើចត្តាឡីស័ក សង្ស័យឆ្លងកូវីដ

ចុចអាន ៖ EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម