ព័ត៌មានអន្ដរជាតិ
មកមើលការសិក្សារបស់ប្រទេស ៣ នៅតំបន់អាស៊ាន ក្នុងអំឡុងវិបត្តិកូវីដ-១៩
ការបិទសាលារៀនជាផ្នែកមួយនៃវិធានការគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងសហគមន៍ តែវាបង្កផលអវិជ្ជមានក្នុងវិស័យអប់រំនៅទូទាំងពិភពលោក។ ក្នុងនោះការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសាលារៀននៅគ្រប់ទីកន្លែងសម្រេចផ្អាកដំណើរការមួយអន្លើសិន ដោយជំនួសមកវិញនូវបរិបទសិក្សាតាមរយៈអនឡាញ។
ខាងក្រោមជាបរិបទសិក្សារបស់សិស្ស-និស្សិតនៅក្នុងប្រទេសអាស៊ានចំនួន ៣ ក្នុងវិបត្តិកូវីដ-១៩រាតត្បាត។
ប្រទេសថៃ
បច្ចុប្បន្ននេះ ប្រទេសថៃមានសិស្សជិត ១៣ លាននាក់កំពុងជាប់គាំងនៅផ្ទះ ហើយគ្រូៗប្រមាណ ៦០ ម៉ឺននាក់មិនអាចបង្រៀនដោយផ្ទាល់បាននោះទេ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំថៃបានផ្ដល់លទ្ធភាពរៀនសូត្រតាមអ៊ីនធើណិត ដោយបែងចែកជាពីរក្រុមសំខាន់ៗ។
១. ការអប់រំសម្រាប់សិស្សបឋមសិក្សាពីថ្នាក់ទី១ដល់ទី៦។ ពួកគេរៀនតាមអនឡាញដូចទៅនឹងសិស្សថ្នាក់ធំ តែមិនមានការប្រឡងនោះទេ។ ក្រោយរៀនមេរៀននីមួយៗ ពួកគេធ្វើលំហាត់ភ្លាមៗជាមួយគ្រូ និងធ្វើកិច្ចការផ្ទះ។
២. ការអប់រំសម្រាប់សិស្សមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី១២។ ដំណើរការរៀនពីចម្ងាយ និងប្រឡងតាមអនឡាញ។
ទោះបីជា ថៃបើកដំណើរការរៀនតាមអនឡាញក៏ដោយ ប៉ុន្តែការបិទសាលារៀនកំពុងបង្កផលប៉ះពាល់យ៉ាងធំធេងចំពោះលទ្ធផលសិក្សាមិនថាថ្នាក់ទាប ឬថ្នាក់ខ្ពស់ ព្រោះគន្លងអប់រំមានការប្រែប្រួល ហើយការរៀនសូត្រនិងការអភិវឌ្ឍចំណេះដឹងកំពុងត្រូវបានរារាំង មិនល្អប្រសើរ។ នេះបើតាមប្រភពពី thailand.opendevelopmentmekong.net។
ដោយឡែកប្រភពពី Bangkok Post ព្រមានថា ខណៈការសិក្សាពីចម្ងាយកំពុងដំណើរការទៅមុខ ប៉ុន្តែប្រព័ន្ធអប់រំរបស់ប្រទេសថៃកាន់តែថមថយគុណភាពនិងជួបវិបត្តិ ដែលកត្តាប្រឈមគឺបច្ចេកទេសប្រើប្រាស់ឌីជីថលរវាងកុមារនៅទីក្រុងនិងជនបទ។
ការស្ទង់មតិមួយបានរកឃើញថា ធនធានតាមអ៊ីនធើណិតសម្រាប់និស្សិតមានកម្រិតគុណភាពនិងបរិមាណនៅឡើយ។ សាលាធំៗមានធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាល្អជាងសាលាតូចៗ។ សាលារៀនតូចៗជាច្រើនកំពុងប្រឈមមុខនឹងការខ្វះខាតធនធាន យ៉ាងធ្ងន់ធ្ងរដែលនាំសិស្សទទួលបានការអប់រំមិនស្មើគ្នា។
ចំណែកផែនការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យចន្លោះ ១២-១៧ឆ្នាំ នៅមិនទាន់បើកយុទ្ធនាការនៅឡើយ ខណៈករណីឆ្លងក្នុងសហគមន៍កាន់តែកើនខ្ពស់ឡើងរាល់ថ្ងៃ។
ប្រទេសវៀតណាម
វិបត្តិកូវីដ-១៩ បង្កបញ្ហាប្រឈមសម្រាប់ប្រព័ន្ធអប់រំវៀតណាមផងដែរ បន្ទាប់ពីប្រកាសបិទខ្ទប់ គ្រឹះស្ថានអប់រំ និងគ្រូៗត្រូវបង្រៀនសិស្សតាមរយៈអ៊ីនធើណិត។ ចំពោះសិស្ស-និស្សិតនៅតាមទីក្រុងធំៗ ការបណ្តុះបណ្តាលតាមអនឡាញជាមធ្យោបាយដ៏ល្អដើម្បីទទួលការអប់រំក្នុងបរិបទរាំងខ្ទប់។ ទោះយ៉ាងណាសិស្សជាច្រើននៅតំបន់ដាច់ស្រយាល តំបន់ភ្នំ មិនមានអ៊ិនធើណិតល្អនោះទេ។ ដូច្នេះការបន្តការសិក្សាពីចម្ងាយបានក្លាយជាបញ្ហាប្រឈមខ្លាំង។
លើសពីនេះ ការរីករាលដាលនៃវីរុសកូវីដ-១៩បាននិងកំពុងធ្វើឱ្យសាលារៀនឯកជនជាច្រើនប្រឈមមុខនឹងហានិភ័យឈានទៅដល់ការបិទទ្វារជាអចិន្ត្រៃយ៍ ឬក្ស័យធនតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកអប់រំរាប់ពាន់នាក់ជួបវិបត្តិហិរញ្ញវត្ថុ រីឯនិស្សិតរាប់លាននាក់រងការរំខានដល់ការសិក្សារបស់ពួកគេ។
ការចុះផ្សាយដោយ vietnam.fes.de បានឱ្យដឹងថា នៅដំណាក់កាលបិទខ្ទប់ដំបូង វៀតណាម បានពន្យារការប្រឡងមធ្យមសិក្សាទុតិយភូមិ តែក្រោយការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនិងការប្រឡងបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ បានប្រព្រឹត្តទៅនៅលើអនឡាញ។
ក្រៅពីនោះ ក្រសួងអប់រំវៀតណាម បានឱ្យសាកលវិទ្យាល័យនិងសាលានានាដែលធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណេតកាត់បន្ថយថ្លៃសិក្សាជូនសិស្ស-និស្សិត ឬផ្តល់អាហារូបករណ៍ដល់ពួកគេដើម្បីលើកស្ទួយការអប់រំឱ្យមានការផុសផុល។
បើងាកទៅមើលគម្រោងចាក់វ៉ាក់សាំងជូនមនុស្សវ័យក្មេង ដើម្បីបើកសាលារៀនវិញឆាប់ៗ ក៏មិនទាន់ដំណើរការដែរ ដោយរដ្ឋាភិបាលទើបតែគ្រោងយុទ្ធនាការប៉ុណ្ណោះ។
ប្រទេសសិង្ហបុរី
សិង្ហបុរី មិនខុសពីប្រទេសផ្សេងទៀតនៅអាស៊ាននោះទេ ដោយបានកំណត់ការសិក្សាពីចម្ងាយសម្រាប់សិស្សបឋមសិក្សារហូតដល់ឧត្តមសិក្សា។
ប្រភពពី CAN បានឱ្យដឹងថា សាលាមត្តេយ្យនិងមណ្ឌលថែទាំសិស្ស នៅតែបើកដំណើរការរៀនដោយផ្ទាល់ ដើម្បីជួយដល់គ្រួសារដែលត្រូវការសេវាកម្មថែទាំក្មេង ប៉ុន្តែមន្ត្រីសុខាភិបាលបានលើកទឹកចិត្តឪពុកម្តាយឱ្យមើលថែកូនៗនៅផ្ទះដោយខ្លួនឯង តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ចំណែក វិទ្យាស្ថានឧត្តមសិក្សា អនុញ្ញាតឱ្យនិស្សិតទៅសាលាដោយផ្ទាល់ ក្នុងករណីចាំបាច់ដូចជា អ្នករៀននៅមន្ទីរពិសោធន៍ និងនិស្សិតដែលត្រូវបញ្ចប់គម្រោងប្រចាំឆ្នាំ។
វិធានការទាំងនេះនឹងបន្តរហូតដល់មានការស្រាកស្រាន្តករណីឆ្លងថ្មីក្នុងសហគមន៍ ខណៈផែនការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំឡើង បានដំណើរការជាបណ្ដើៗ ដោយពេលនេះមនុស្សវ័យក្មេងចំនួន ១.៥ លាននាក់ហើយបានចាក់វ៉ាក់សាំងពេញលេញ។
ត្បិតការរៀនតាមអនឡាញបានប្រព្រឹត្តទៅស្ទើទូទាំងពិភពលោក ប៉ុន្តែវិស័យអប់រំ ក៏ដូចជាគុណភាពសិក្សាមិនអាចធានាប្រសិទ្ធភាពល្អឡើយ។
អង្គការ UNICEF បានឱ្យដឹងថា ជាការល្អដែលកុមារត្រូវនៅផ្ទះដោយប្ដូរមករៀនអនឡាញ បន្ទាប់ពីបិទសាលារៀនឬមជ្ឈមណ្ឌលសិក្សា តែបញ្ហាត្រង់នេះគឺមិនមែនគ្រប់គ្រួសារទាំងអស់អាចគាំទ្រដល់ការរៀនសូត្រតាមអ៊ីនធើណិតនោះទេ។
ជាពិសេស បញ្ហាប្រឈមខ្លាំងគឺកើតឡើងទៅលើក្មេងតូចៗ ក្រោមអាយុ ៨ ឆ្នាំ ព្រោះគ្មានមនុស្សធំនៅជួយមើលថែឬត្រួតពិនិត្យពីដំណើរការសិក្សា។ ចំពោះគ្រួសារខ្លះខ្វះឧបករណ៍និងតិចនិកប្រើបច្ចេកវិទ្យា ដូច្នេះការរៀនតាមអ៊ីនធើណិតសម្រាប់កូនតូចក៏មិនអាចដំណើរការបានល្អដែរ។
ពាក់ព័ន្ធករណីនេះ អ្នកជំនាញមកពី UNICEF លើកឡើងថា មានតែវ៉ាក់សាំងប៉ុណ្ណោះ ទើបជាដំណោះស្រាយសមស្រប ដើម្បីធានាសុវត្ថិភាពក្មេងៗឱ្យឆាប់វិលទៅរកភាពប្រក្រតីវិញ។ ផ្ទុយទៅវិញ បើយុទ្ធនាការចាក់វ៉ាក់សាំងជូនមនុស្សវ័យក្មេងបន្តអូសបន្លាយ សាលាក៏មិនអាចបើកទ្វារ ហើយអាចបង្កផលរំខានដល់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់រយៈពេលយូរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុផលសំខាន់ៗ បណ្ដាប្រទេសលើពិភពលោកញាប់ដៃញាប់ជើង ចាក់វ៉ាក់សាំងកូវីដកុមារ និងយុវវ័យ
ចុចអាន៖ មកដឹងការវិវត្តការចាក់វ៉ាក់សាំងកូវីដដល់កុមារនៅប្រទេសអាស៊ាន៦នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»