ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរពេក ទីក្រុងហូជីមិញ យកតាក់ស៊ីធ្វើជារថយន្តសង្គ្រោះបន្ទាន់ ស្របពេលកូវីដកំពុងរាលដាលខ្លាំង
តាក់ស៊ីចំនួន ១៥ គ្រឿងរបស់ក្រុមហ៊ុន Mai Linh Group ត្រូវបានប្តូរទៅជារថយន្តសង្គ្រោះនៅក្នុងទីក្រុងហូជីមិញ ខណៈទីក្រុងនេះនៅតែតស៊ូប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺកូវីដ ១៩ ។

នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារវាងក្រុមហ៊ុន Mai Linh Group ជាមួយមន្ទីរសុខាភិបាល និងដឹកជញ្ជូនទីក្រុងហូជីមិញ ដើម្បីត្រៀមខ្លួនសម្រាប់ករណីសង្គ្រោះបន្ទាន់ ក្នុងអំឡុងពេលដែលការដឹកជញ្ជូនសាធារណៈ តាក់ស៊ី និងសេវាកម្មរថយន្តផ្សេងទៀត ត្រូវបានបញ្ឈប់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ។

ទន្ទឹមនោះ ទីក្រុងគ្រោងនឹងប្រែរថយន្តតាក់ស៊ី ២០០ គ្រឿងទៀត ទៅជារថយន្តសង្គ្រោះបន្ទាន់ដោយបម្រើការពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ ហើយរហូតមកដល់ពេលនេះ បានបញ្ចប់ការកែប្រែចំនួន ៥៥ គ្រឿងហើយ ចាប់តាំងពីការផ្តួចផ្តើមនេះបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកក្កដា ។

រថយន្តតាក់ស៊ីទាំងអស់នៅក្នុងកងសង្គ្រោះបន្ទាន់ នឹងត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រស្តង់ដារ រួមទាំង ធុងអុកស៊ីសែន ឧបករណ៍ដកដង្ហើម ឧបករណ៍វាស់ជីពចរ ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ ១៩ និងសម្លៀកបំពាក់ការពារមេរោគ (PPE) ជាដើម ខណៈគ្រូពេទ្យជំនាញក៏នឹងអមដំណើរក្នុងតាក់ស៊ីនោះផងដែរ ។

យោងតាមលោក Ho Huy ប្រធានក្រុមហ៊ុន Mai Linh Group បានឲ្យដឹងថា រថយន្តតាក់ស៊ីសង្គ្រោះបន្ទាន់ ដែលរៀបចំឡើងតាមការណែនាំរបស់មន្ទីរសុខាភិបាលក្រុង នឹងត្រូវបានបំពាក់ដោយរបាំងថ្លា ដើម្បីការពារការរីករាលដាលភាគល្អិតនៃមេរោគនៅក្នុងរថយន្ត ។ ពួកគេនឹងមានស្លាកសង្រ្គោះបន្ទាន់នៅខាងមុខ និងខាងក្រោយរថយន្ត ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ ។

លោក Ho បាននិយាយថា អ្នកបើកបរដែលចូលរួមក្នុងការសង្គ្រោះបន្ទាន់នេះ នឹងត្រូវបានណែនាំឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព ពាក់ឧបករណ៍ការពារ និងចូលរួមវគ្គបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រជាដើម ។ ដើម្បីបើកបររថយន្តតាក់ស៊ី ពួកគេត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់មួយដូស និងមានបទពិសោធន៍បើកបរ ក្នុងអំឡុងពេលមានគម្លាតសង្គមក្នុងទីក្រុងហូជីមិញ កាលពីពេលកន្លងមក ។

ទីក្រុងហូជីមិញបានលេចចេញជាកន្លែងផ្ទុះមេរោគដ៏ធ្ងន់ធ្ងររបស់វៀតណាម ដោយកត់ត្រាករណីឆ្លងចំនួន ១០៨,៣៧៩ ករណីក្នុងចំណោមការឆ្លងក្នុងសហគមន៍សរុបចំនួន ១៧៧,៨៥៥ ករណី ចាប់តាំងពីរលកទី ៤ បានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ។

ស្ថានភាពនេះបានជំរុញឲ្យអាជ្ញាធរដាក់ទីក្រុងនេះក្រោមច្បាប់គម្លាតសង្គមតឹងរ៉ឹង ដែលហាមឃាត់ការជួបជុំជាសាធារណៈលើសពី ២ នាក់ ហាមឃាត់អាជីវកម្ម និងសេវាកម្មដែលមិនចាំបាច់ ហើយតម្រូវឲ្យប្រជាជនស្នាក់នៅផ្ទះ ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ពីករណីឆ្លងថ្មីចំនួន ៣,៩៤៣ ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៨១,៧៥៦ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ហូជីមិញ ដាក់បម្រាមគោចរចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?