ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ តាលីបង់អះអាងជោគជ័យលើអាហ្វហ្គានីស្ថាន តើពួកគេជានរណា?
តាមការផ្សាយផ្ទាល់របស់ BBC ថា ឥឡូវនេះ ពួកតាលីបង់បានអះអាងពីជ័យជម្នះរបស់ខ្លួនក្នុងការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានហើយ បន្ទាប់ពីការវាយប្រហារផ្លេកបន្ទោរយ៉ាងឆាប់រហ័សចូលរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យម្សិលមិញ។

ឥឡួវនេះពួកគេកំពុងកាន់កាប់វិមានប្រធានាធិបតីក្នុងក្រុងរដ្ឋធានីកាប៊ុល បន្ទាប់ពីលោកប្រធានាធិបតី Ashraf Ghan បានភៀសខ្លួនចេញទៅក្រៅប្រទេសដែលមានន័យថា រដ្ឋាភិបាលបានធ្លាក់ទៅកណ្តាប់ដៃតាលីបង់។
តើតាលីបង់ជានរណា និងមានប្រភពយ៉ាងណា?
ពួកតាលីបង់ត្រូវបានដកចេញពីអំណាចនៅប្រទេសអាហ្វហ្គានីស្ថានដោយកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០១ ប៉ុន្តែក្រុមនេះនៅតែមានកម្លាំងវាយប្រហារជាបន្តបន្ទាប់ ហើយឥឡូវនេះបានកាន់កាប់ប្រទេសជាថ្មីហើយ។
នៅពេលអាមេរិកបានត្រៀមដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ខាងមុខ បន្ទាប់ពីសង្គ្រាម២០ឆ្នាំ ក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងធំៗជាច្រើន ហើយឥឡូវនេះរុលចូលដល់ក្រុងកាប៊ុល។


ក្រុមតាលីបង់បានចរចារផ្ទាល់ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងដូហា ដែលបានឲ្យអាមេរិកប្តេជ្ញាដកកងទ័ពចេញ ហើយតាលីបង់បានវាយប្រហារលើកម្លាំងទ័ពអាមេរិក។ ការសន្យាផ្សេងៗទៀបរាប់ទាំងមិនអនុញ្ញាតក្រុមអាល់កៃដា ឬក្រុមសកម្មប្រយុទ្ធផ្សេងៗធ្វើប្រតិបត្តិការនៅតំបន់ដែលខ្លួនកាន់កាប់ និងបន្តចរចារដើម្បីសន្តិភាពជាតិ។

ប៉ុន្តែនៅក្នុងឆ្នាំបន្ទាប់នោះ តាលីបង់បានបន្តគោលដៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងជនស៊ីវិល ហើយវាយលុកចូលខេត្តនានាយ៉ាងឆាប់រហ័សទូទាំងប្រទេស។
លេចមុខឡើងដើម្បីអំណាច
តាលីបង់ ឬភាសា Pashto មានន័យថា «សិស្ស» បានលេចមុខនៅដើមទសវត្សរ៍ឆ្នាំ១៩៩០នៅភាគខាងជើងភាគខាងជើងប្រទេសប៉ាគីស្ថាន បន្ទាប់ពីកងទ័ពសូវៀតបានដកចេញពីប្រទេសអាហ្វហ្គានីស្ថា។ វាត្រូវបានគេជឿថាជា ចលនា Pashtun ភាគច្រើនដែលលេចមុខដំបូងនៅក្នុងពិធីផ្សព្វផ្សាយសាសនា ដែលភាគច្រើនបំផុតផ្តល់ប្រាក់ពីអារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញពីទម្រង់សាសនាឥស្លាម Sunni ដែលមានវិន័យតឹងរឹង។

ការសន្យាដែលត្រូវបានធ្វើឡើងដោយតាលីបង់ដែលនៅតំបន់ Pashtun ដែលស្ថិតនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានគឺដើម្បីស្តារសន្តិភាព និងសន្តិសុខ ព្រមទាំងបង្ខំឲ្យអនុវត្តច្បាប់ Sharia ឬឥស្លាមថ្មីផ្ទាល់ខ្លួនរបស់ពួកគេនៅពេលណាពួកគេកាន់អំណាច។
ចាប់ពីទស្សិណដល់និរតី ក្នុងប្រទេសអាហ្វហ្គានីស្ថាន តាលីបង់បានពង្រីកឥទ្ធិពលរបស់ពួកគេយ៉ាងឆាប់រហ័ស។ នៅខែកញ្ញា ឆ្នាំ១៩៩៥ ពួកគេដណ្តើមបានខេត្ត Herat ជាប់ព្រំដែនអ៉ីរ៉ង់ និងមួយឆ្នាំក្រោយ ពួកគេដណ្តើមយកបានរដ្ឋធានីអាហ្វហ្គានីស្ថានគឺ កាប៊ុល ដោយបានផ្តួលរំលំរបបប្រធានាធិបតី Burhanuddin Rabbani ដែលជាបិតាស្ថាបនិកម្នាក់នៃក្រុមអាហ្វហ្គានីស្ថានដែលប្រឆាំងនឹងការកាន់កាប់របស់សូវៀត។ នៅឆ្នាំ១៩៩៨ តាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានស្ទើរ៩០%។
ជនជាតិអាហ្វហ្គានីស្ថាន ដែលជាអ្នកស្នងមេដឹកនាំរបស់ខ្លួនបានចុះខ្សោយ និងបែកបាក់ផ្ទៃក្នុង បន្ទាប់ពីសូវៀតបានចាកចេញ។ ទីបំផុតពួកគេបានស្វាគមន៍ក្រុមតាលីបង់ដែលបានលេចមុខចំពេលប្រទេសជាតិទន់ខ្សោយ។ ប្រជាប្រិយភាពរបស់ពួកគេយ៉ាងធំធេងបំផុតគឺបានមកពីជោគជ័យដែលពួកគេបានកម្ចាត់អំពើពុករលួយ ទប់ស្កាត់ភាពគ្មានច្បាប់ទម្លាប់ និងរៀបចំឲ្យភូមិសាស្ត្រស្ថិតក្រោមការគ្រប់គ្រងដោយសុវត្ថិភាពសម្រាប់ពាណិជ្ជកម្មរីកចម្រើន។

ប៉ុន្តែតាលីបង់ក៏បានដាក់ចេញ ឬគាំទ្រចំពោះទណ្ឌកម្មស្របតាមច្បាប់ Sharia ដ៏តឹងតែងរបស់ពួកគេដូចជាការកាត់ទោសប្រហារជីវិតជាសាធារណៈសម្រាប់អំពើឃាតកម្ម និងអ្នកផិតក្បត់ ដាក់ទោសកាត់ដៃជើងសម្រាប់ចោរលួចគេ។ បុរសៗតម្រូវឲ្យមានពុកមាត់ចង្កាវែង ហើយស្ត្រីត្រូវពាក់ក្រណាត់ជិតក្បាលនិងខ្លួនដល់ជើង។
តាលីបង់ក៏ហាមមិនឲ្យមើលទូរទស្សន៍ ការប្រគំតន្ត្រី និងមើលកុន ហើយមិនអនុញ្ញាតឲ្យក្មេងស្រីអាយុ១០ឆ្នាំឡើងទៅសាលារៀនឡើយ។ ពួកគេត្រូវបានចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្ស និងវប្បធម៌ដ៏ធ្ងន់ធ្ងរទៀតផង។
ប្រទេសប៉ាគីស្ថានបានបដិសេធដដែលៗថា ខ្លួនមិនមែនជាអ្នកបង្កើតក្រុមតាលីបង់ទេ ប៉ុន្តែមានចម្ងល់មួយថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនដែលចូលរួមជាមួយចលនាពីដំបូងបានសិក្សាជ្រៅជ្រះផ្នែកសាសនានៅប្រទេសប៉ាគីស្ថាន។
ប៉ាគីស្ថានក៏ជាប្រទេសមួយក្នុងចំណោមប្រទេស៣ជាមួយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម)ដែលទទួលស្គាល់ក្រុមតាលីបង់នៅពេលពួកគេកាន់អំណាចនៅអាហ្វហ្គានីស្ថាន។

ផ្តល់ទីជម្រកដល់ក្រុមអាល់កៃដា
ការយកចិត្តទុកដាក់របស់ពិភពលោកត្រូវបានទាក់ទាញខ្លាំងចំពោះក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នៅទីក្រុងញូវយ៉ក។ តាលីបង់ត្រូវបានចោទប្រកាន់ពីបទផ្តល់ជម្រកដល់ជនសង្ស័យសំខាន់គឺ អូសាម៉ា ប៊ីនឡា ដិន និង ចលនាអាល់កៃដារបស់គាត់។
នៅខែតុលា ឆ្នាំ២០០១ កងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារនៅអាហ្វហ្គានីស្ថាន ហើយនៅសប្តាហ៍ទី១ ខែធ្នូ របបតាលីបង់បានដួលរលំ។ លោក Mullah Mohammad Omar ដែលក្រោយមកក្លាយជាមេដឹកនាំក្រុម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរាប់បញ្ចូលទាំង អូសាម៉ា ប៊ីនឡា ដិន បានរត់គេចពីការចាប់ខ្លួន។ មេដឹកនាំតាលីបង់ជាន់ខ្ពស់ជាច្រើនត្រូវបានគេរាយការណ៍ពីការភៀសខ្លួនបានរត់ទៅជ្រកកោននៅប៉ាគីស្ថាន។

ទោះបីជាកម្លាំងទ័ពបរទេសច្រើនយ៉ាងណាក៏ដោយ ក៏ពួកតាលីបង់បានចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ និងពង្រីកសក្តានុពលរបស់ខ្លួននៅអាហ្វហ្គានីស្ថានតាមរយៈការវាយប្រហារ និងហិង្សាកាន់តែខ្លាំងដើម្បីបង្កអសន្តិសុខដល់ប្រទេសរហូតដល់ដណ្តើមយកប្រទេសតែម្តង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច