ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អឺរ៉ុប ផ្តល់វ៉ាក់សាំងកូវីដឲ្យ វៀតណាម ច្រើនម្ល៉េះ?
បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប មានចំណាប់អារម្មណ៍ក្នុងការជួយជំរុញឲ្យវៀតណាមងើបចេញពីជំងឺរាតត្បាត ពីព្រោះប្រទេសនេះជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្លុកនេះ នៅអាស៊ីអាគ្នេយ៍។
EU ក៏មើលឃើញភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
កាលពីសប្តាហ៍មុន អ៊ីតាលីនិងរ៉ូម៉ានី បានក្លាយជាប្រទេសអឺរ៉ុបចុងក្រោយបង្អស់ដែល បរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់វៀតណាម។ នៅសប្តាហ៍មុននោះទៀត ប៉ូឡូញ សាធារណរដ្ឋឆែក ហុងគ្រីនិងបារាំងបានផ្តល់វ៉ាក់សាំងដល់ទីក្រុង ហាណូយ។
គេហទំព័រ DW បានប៉ាន់ប្រមាណថា រហូតមកដល់ពេលនេះ រដ្ឋសហភាពអឺរ៉ុប បានបរិច្ចាគឬសន្យាផ្តល់វ៉ាក់សាំងសរុប ២.៦ លានដូសដល់ប្រទេសវៀតណាម ដែលជាតួអង្គសំខាន់នៅក្នុងនយោបាយអាស៊ី។
លើសពីនេះ វៀតណាមគឺជាអ្នកទទួលវ៉ាក់សាំងដ៏ច្រើនដែលផ្តល់ដោយគម្រោង COVAX។
ខាងក្រោមនេះ គឺជាកត្តា ៤យ៉ាង ដែលធ្វើឲ្យវៀតណាម ទទួលបានវ៉ាក់សាំងកូវីដ ក្នុងចំនួនយ៉ាងច្រើនពីអ៊ឺរ៉ុប៖
១. អំពាវនាវរកជំនួយបរទេស
លោក Le Hong Hiep មន្រ្តីជាន់ខ្ពស់នៅកម្មវិធីសិក្សាវៀតណាម នៅវិទ្យាស្ថាន ISEAS – Yusof Ishak បាននិយាយថា មន្រ្តីវៀតណាមទាំងក្នុងនិងក្រៅប្រទេស សកម្មយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលឲ្យមានការផ្តល់វ៉ាក់សាំង។
លោកនិយាយថា “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅក្នុងរាល់កិច្ចប្រជុំជាមួយសមភាគីបរទេស មេដឹកនាំវៀតណាមទាំងអស់បានសុំឲ្យពួកគេជួយវៀតណាម ក្នុងការដោះស្រាយជាមួយជំងឺរាតត្បាត ជាពិសេសតាមរយៈការចែករំលែកវ៉ាក់សាំង”។
ក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម Nguyen Xuan Phuc នាថ្ងៃទី ១ ខែមិថុនា ឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសន្យាថានឹងជួយធានាការបរិច្ចាគវ៉ាក់សាំងពីរដ្ឋាភិបាលអឺរ៉ុប។
២. EU សងគុណ វៀតណាម ពេលរោគរាតត្បាតផ្ទុះឡើងដំបូង
ក៏មានការយល់ឃើញផងដែរថា ឥឡូវនេះ អឺរ៉ុបកំពុងសងគុណ វៀតណាមវិញ។ នៅថ្ងៃដំបូងនៃជំងឺរាតត្បាតនៅពេលដែលអឺរ៉ុបស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រទេសវៀតណាម បានបរិច្ចាគឈុត PPE និងម៉ាសដល់ប្រទេសជាច្រើនរួមទាំងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។
នៅខែមេសាឆ្នាំ ២០២០ វៀតណាមបានបរិច្ចាគម៉ាសជាង ៥៥០,០០០ ដល់បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញនិងអង់គ្លេស។ សមាគមមិត្តវៀតណាមជាច្រើននិងក្រុមជនអន្តោប្រវេសន៍នៅអឺរ៉ុប ក៏បានដើរតួយ៉ាងសំខាន់ក្នុងការបរិច្ចាគឧបករណ៍ការពារនិងរៃអង្គាសប្រាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងស្រុកផងដែរ នៅពេលដែលជំងឺរាតត្បាត រីករាលដាលពាសពេញទ្វីបអឺរ៉ុប។
ក្រុមវៀតណាមមានសកម្មភាពជាពិសេសនៅក្នុងបណ្តាប្រទេសដូចជាសាធារណរដ្ឋឆែក បារាំង អាល្លឺម៉ង់និងប៉ូឡូញដែល មានសហគមន៍ជនជាតិវៀតណាមធំជាងគេនៅអឺរ៉ុប។ បច្ចុប្បន្នប្រទេសទាំង ៤ នេះ បានបរិច្ចាគវ៉ាក់សាំងដល់វៀតណាម។
៣. មានគោលបំណងសេដ្ឋកិច្ច
ប៉ុន្តែអ្នកវិភាគសង្ស័យថា រដ្ឋាភិបាលអ៊ឺរ៉ុប មិនមែនត្រូវបានជំរុញដោយគំនិតសប្បុរសធម៌តែមួយមុខនោះទេ។ EU មានការចាប់អារម្មណ៍ឲ្យសេដ្ឋកិច្ចនៅវៀតណាមរីកចម្រើនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយនេះទាមទារឲ្យមានការចាក់វ៉ាក់សាំងរីករាលដាល។
បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ១៥ របស់ EU និងធំជាងគេនៅអាស៊ីអាគ្នេយ៍។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទី ២ ត្រូវបានទីក្រុងព្រុចសែល ចុះហត្ថលេខាជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមុនជាមួយសិង្ហបុរី បានចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២០។
លោក Le Thu នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្រ្តាលី បានកត់សម្គាល់ថា ក្រុមហ៊ុនអាមេរិករួមមាន Nike, Adidas និង Apple ដែលខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមបានរងផលប៉ះពាល់ដោយសារការកើនឡើងនៃអត្រាឆ្លងមេរោគនៅក្នុងប្រទេស បានបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកឲ្យផ្តល់វ៉ាក់សាំងដល់វៀតណាម។ សហរដ្ឋអាមេរិក ក៏បានផ្តល់វ៉ាក់សាំងរាប់លានដូសដល់ប្រទេសនេះ។
៤. អឺរ៉ុបព្យាយាមបង្កើនឥទ្ធិពលនៅក្នុងតំបន់
ទន្ទឹមសារៈសំខាន់ផ្នែកសេដ្ឋកិច្ច វៀតណាមក៏ជាតួអង្គសំខាន់មួយក្នុងវិស័យភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
ការផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាម គឺជាផ្នែកមួយនៃការជំរុញភូមិសាស្ត្រនយោបាយធំជាងមុនដោយបណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីទទួលបានឥទ្ធិពលនិងជំហរកាន់តែល្អពីរដ្ឋាភិបាលវៀតណាម។
នាពេលថ្មីៗនេះ ប្រទេសអាល្លឺម៉ង់និងបារាំង បានចូលរួមក្នុងលំហាត់ សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ខណៈទីក្រុងព្រុចសែល ត្រូវបានគេរំពឹងថានឹងចេញឯកសារយុទ្ធសាស្ត្ររបស់ខ្លួននៅឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងខែនេះ។ ការរក្សាមិត្តភាពរឹងមាំនិងយូរអង្វែងជាមួយវៀតណាម គឺជាគន្លឹះនៃមហិច្ឆតារបស់ EU ក្នុងតំបន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ដំណឹងថ្មី! ចិន កំពុងបង្កើតវ៉ាក់សាំងថ្មីប្រឆាំងវីរុសបំប្លែងខ្លួនសាហាវៗ ២ ប្រភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ