អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល

Published

on

ការជជែកវែកញែកបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាអំពីរបៀបនិងពេលវេលាដើម្បីសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលម្នាក់ដែលទីក្រុងតេអេរ៉ង់ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ីស្រាអែល។

ពីរថ្ងៃបន្ទាប់ពីលោក Mohsen Fakhrizadeh បានទទួលមរណភាព សភាបានទាមទារឲ្យបញ្ឈប់ការធ្វើអធិការកិច្ចជាអន្តរជាតិលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខណៈមន្ត្រីជាន់ខ្ពស់មួយរូបបានណែនាំថា អ៊ីរ៉ង់គួរតែចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធជាសកល។

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ជាធម្មតាជាអ្នកដោះស្រាយសេចក្តីសម្រេចទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសហើយសេចក្តីព្រាងច្បាប់សភាត្រូវតែអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាលដ៏មានឥទ្ធិពល។

លោកប្រធានាធិបតី Hassan Rouhani បានសង្កត់ធ្ងន់ថា ប្រទេសនឹងធ្វើការសងសឹកតាមពេលវេលាកំណត់ហើយមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់ឡើយ។

សាកសពរបស់អ្នកវិទ្យាសាស្ត្រ Fakhrizadeh ត្រូវបានគេយកទៅធ្វើពិធីមួយកាលពីថ្ងៃអាទិត្យនៅទីសក្ការៈបូជាដ៏សំខាន់មួយក្នុងទីក្រុងបរិសុទ្ធ Qom មុនពេលត្រូវបានគេដឹកទៅកាន់ទីសក្ការៈបូជារបស់ស្ថាបនិកសាធារណរដ្ឋឥស្លាម Imam Khomeini។

ក្រសួងការពារជាតិបាននិយាយនៅលើគេហទំព័ររបស់ខ្លួនដោយមិនបានបញ្ជាក់ពីទីកន្លែងថា ពិធីបុណ្យសពរបស់លោក Fakhrizadeh នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះដោយមានវត្តមានមេបញ្ជាការយោធាជាន់ខ្ពស់និងក្រុមគ្រួសាររបស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ អ៊ីស្រាអែល ប្រុងជើងការ​ខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាម​សងសឹក

ចុចអាន៖ អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម