ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ជំងឺរាតត្បាតជាសកលបន្ថែមទៀតនឹងលេចឡើង តែមានវិធីចៀសបាន
ជំងឺរាតត្បាតដែលបង្កឲ្យមានការខាតបង់ធំធេង នឹងបន្តលេចឡើង លុះត្រាតែមានការការពារ ការរីករាលដាលនៃមេរោគដែលឆ្លងពីសត្វទៅមនុស្ស។ នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកជំនាញ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
កិច្ចពិភាក្សាតាមអ៊ីនធើណិតកាលពីថ្ងៃចន្ទទី២៧ខែកញ្ញា ដែលមានការចូលរួមពីសំណាក់មេដឹកនាំរដ្ឋាភិបាល សុខាភិបាលនិងបរិស្ថាន បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយ ចេញផ្សាយដោយក្រុមការងារ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Harvard ក្នុងការពិនិត្យមើលវិទ្យាសាស្ត្រនៃការទប់ស្កាត់ជំងឺរាតត្បាត។

របាយការណ៍នេះបានរកឃើញថា ជំងឺរាតត្បាតអាចត្រូវបានការពារដោយចំណាយតិចតួចបំផុត បើប្រៀបធៀបទៅនឹងការចំណាយជាសកលដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ អនុសាសន៍សំខាន់ៗរបស់របាយការណ៍នេះ គឺផ្តោតលើការអភិរក្សព្រៃឈើ ដោះស្រាយការជួញដូរសត្វព្រៃ ព្រមទាំងការប្រើប្រាស់និងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពជីវសាស្ត្រសត្វ។
ជំងឺដែលឆ្លងពីសត្វទៅមនុស្ស ត្រូវបានគេរកឃើញថា ងាយឆ្លងពីសត្វព្រៃខ្លាំងណាស់ ជាពិសេសតាមរយៈសត្វក្នុងស្រុកឬកសិដ្ឋាននៅពេលមនុស្សចូលមកជិតពួកគេ។ នោះអាចជាលទ្ធផលនៃការកាប់បំផ្លាញព្រៃឈើ ការផ្លាស់ប្តូរការប្រើប្រាស់ដី ឬការបរបាញ់និងការជួញដូរសត្វព្រៃ។

ថ្វីបើការរត់ពន្ធសត្វព្រៃត្រូវបានគេរាយការណ៍ថា មានការថយចុះយ៉ាងខ្លាំងបន្ទាប់ពីផ្ទុះជំងឺរាតត្បាតក៏ដោយ ប៉ុន្តែការិយាល័យប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានព្រមានថា បណ្តាញជួញដូរ អាចនឹងងើបឡើងវិញ នៅពេលព្រំដែនអន្តរជាតិបើកចំហ រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ។
អ្នកបរិស្ថានដ៏ល្បីល្បាញ វេជ្ជបណ្ឌិត Jane Goodall ដែលជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នេះ បានព្រមានថា មនុស្សជាតិ ត្រូវការការគណនាឡើងវិញជាបន្ទាន់នូវទំនាក់ទំនងជាមួយពិភពធម្មជាតិ។

លោកស្រីលើកឡើងថា “សុខភាពនិងសុខុមាលភាពរបស់យើង ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងសុខភាពនិងសុខុមាលភាពនៃបរិស្ថានដែលយើងរស់នៅ។ ជំងឺរាតត្បាតកូវីដ -១៩ គឺបណ្តាលមកពីការបំផ្លាញពិភពធម្មជាតិឥតឈប់ឈរ និងការកេងប្រវ័ញ្ចសត្វព្រៃនិងសត្វក្នុងស្រុក។ យើងបានបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឲ្យភ្នាក់ងារបង្ករោគ រាលដាលពីសត្វទៅមនុស្សយ៉ាងងាយស្រួល”។
លោកស្រីអះអាងថា “អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីជំងឺឆ្លងពីសត្វទៅមនុស្សទាំងនេះ បានព្រមានយើង ពីភាពមិនអាចចៀសផុតនៃរោគរាតត្បាតដូចជាកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងមិនស្តាប់ទេ ឥឡូវនេះយើងត្រូវទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមហ៊ុនវ៉ាក់សាំងធំៗ សប្បាយកើបលុយ អំឡុងជំងឺរាតត្បាត កូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ