Connect with us

ព័ត៌មានអន្ដរជាតិ

កម្មកររាប់ម៉ឺននាក់ សម្រុកចាកចេញពីទីក្រុង ហូជីមិញ ធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម

បានផុស

នៅ

មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជាពលករចំណាកស្រុក បានចាកចេញពីទីក្រុងហូជីមិញកាលពីចុងសប្តាហ៍ នៅពេលទីក្រុងធំបំផុតរបស់វៀតណាមមួយនេះ បន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចពីកង្វះកម្លាំងពលកម្ម និងការរំខានដល់ផលិតកម្ម។

ការសម្រុកចាកចេញដ៏ធំធេងនេះ បានកើតឡើងនៅពេលទីក្រុងនិងខេត្តឧស្សាហកម្មដែលនៅក្បែរនោះ តស៊ូដើម្បីធានាឲ្យមានកម្មករគ្រប់គ្រាន់ ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់ពីមានរបាយការណ៍អំពីការធ្លាក់ចុះ GDP ក្នុងកម្រិតកំណត់ត្រានៅត្រីមាសទី ៣ ដោយសារការទប់ស្កាត់កូវីដ-១៩។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មនុស្សជិត៩ម៉ឺននាក់ បានចាកចេញពីទីក្រុងហូជីមិញ ចាប់តាំងពីថ្ងៃសុក្រមក ដោយព្រួយបារម្ភថា ពួកគេនឹងជាប់គាំងម្តងទៀតប្រសិនបើមានរលកនៃការឆ្លងថ្មី។

ស្របពេលជាមួយគ្នានោះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Le Hoa Binh បាននិយាយថា “សូមកុំចាកចេញហើយបន្តធ្វើការ។ ទីក្រុងនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ”។

កង្វះខាតបែបនេះ នឹងបន្ថែមបញ្ហាដល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ខណៈពួកគេកំពុងជួបការលំបាករួចទៅហើយ ដោយសារតែការបិទខ្ទប់។

វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបបំផុត នៅអាស៊ីអាគ្នេយ៍ ដោយចាក់២ដូស បានតិចជាង ១១ភាគរយ ក្នុងចំណោមប្រជាជន ៩៨ លាននាក់របស់ខ្លួន។

វៀតណាមមានករណីឆ្លង ៨០៨,០០០ ករណីនិងការស្លាប់ជាង ១៩,៧០០ នាក់ ហើយគ្រាន់តែទីក្រុងហូជីមិញ បានរួមចំណែកជិតពាក់កណ្តាលទៅហើយនៃករណីឆ្លង និង ៧៧ភាគរយ នៃករណីស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម