Connect with us

ព័ត៌មានអន្ដរជាតិ

CDC រកឃើញភស្តុតាងបន្ថែម កូវីដ ១៩ ឆ្លងនៅអាមេរិក និងអឺរ៉ុប មុនផ្ទុះរាតត្បាតនៅអ៊ូហាន

បានផុស

នៅ

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​នៅ​អាមេរិក CDC បាន​បញ្ចេញ​ភស្តុតាង​ថ្មី​មួយ​ទៀតពាក់​ព័ន្ធ​ប្រភព​ដើម​នៃ​ជំងឺកូវីដ ១៩ ឬ Sars-Cov-2 ដែល​ត្រូវ​គេ​ជឿ​ថា បាន​ឆ្លង​ក្នុង​សហរដ្ឋអាមេរិក និង​តំបន់​មួយ​ចំនួន​នៅ​អឺរ៉ុប មុនគេ​ប្រកាស​ឆ្លង​រាតត្បាត​ក្នុង​ប្រទេស​ចិន​ទៅ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​អាមេរិក បាន​បញ្ចូល​ឯក​សារ​ស្រាវជ្រាវ​មក​ពី​អ៊ីតាលី និង​បារាំង ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការសុខភាពពិភពលោក (WHO) រួមនិងការ​សិក្សា​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​របស់​កាសែតវេជ្ជសាស្ត្រ The Lancet medical journal ដែលការ​សិក្សា​ទាំង​អស់​នេះ​អាច​បញ្ជាក់​បាន​ថា វីរុសកូរ៉ូណា បាន​ឆ្លង​ទៅ​លើ​មនុស្សនៃ​បណ្តា​ប្រទេស​មួយចំនួន មុនពេល​ចិន​រកឃើញ​បាន​ផ្ទុះ​រាតត្បាតនៅ​អ៊ូហាន និង​អង្គការសុខភាព​ពិភពលោក​ប្រកាស​ជា​ជំងឺរាតត្បាត​សកល​ទៅ​ទៀត។

អ្នកវិទ្យាសាស្រ្ត​មក​ពី មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​នៅ​អាមេរិក CDC បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ថា តេស្ត​លើគំរូឈាមមួយចំនួន បាន​កើត​មាន​​ក្នុង​សហរដ្ឋអាមេរិក​ ​ចាប់​តាំងពី​ថ្ងៃ ១៣ ខែធ្នូ ឆ្នាំ២០១៩ ដោយរក​ឃើញភស្តុង​តាង​មាន​ពពួកអង្គ​បដិប្រាណ​កកើត​ឡើង​ដើម្បី​ប្រឆាំង​ជំងឺកូវីដ​ ១៩ ឬ Sars-Cov-2។   

គំរូ​ឈាម​ទាំង​នេះ ត្រូវ​គេ​ទទួល​បាន​ប្រមាណ​ច្រើន​ជាង ២សប្តាហ៍ មុន​ថ្ងៃ ៣១ ធ្នូ ឆ្នាំ២០១៩ ដែល​ជាថ្ងៃ​ត្រូវ​រដ្ឋាភិបាល​ចិន ទទួល​ស្គាល់​ជាផ្លូវការ មាន​ការ​ផ្ទុះ​រាតត្បាត​កូវីដ ១៩ កណ្តាល​ទីក្រុងអ៊ូហាន ហើយ​ប្រមាណ​ជិត​មួយ​ខែ​ក្រោយ ពោលគឺ​ថ្ងៃ ១៩ មករា ឆ្នាំ២០២០ ទើប​សហរដ្ឋអាមេរិក អះអាង​រកឃើញ​មនុស្ស​ឆ្លង​កូវីដ ១៩។ នេះ​បើ​តាម​របាយការណ៍​របស់ CDC។

“វត្តមាន​នៃ​សេរ៉ូមអង្គបដិប្រាណដែល​រកឃើញ​ក្នុង​ឈាម​គំរូនៅ​អាមេរិក អាច​បង្ហាញ​បានថា វីរុស Sars-CoV-2  គឺ​កើត​មាន​នៅ​តំបន់​ដាច់​ស្រយាល អាចជា​តំបន់​ភាគ​ខាងលិច​សហរដ្ឋអាមេរិក មុន​នឹង​វីរុស​នេះ រីកសាយភាយជុំវិញ​ពិភពលោក។” នេះ​បើតាមការ​សរសេរក្នុង​របាយការណ៍​របស់ CDC និង​ចេញ​ផ្សាយលើ​កាសែតវេជ្ជសាស្ត្រ Clinical Infectious Diseases។

ជាមួយ​នឹង​ការ​វិភាគ​ចេញ​ផ្សាយនៅ​អ៊ីតាលី អំឡុង​ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តេស្តឈាមគំរូមួយ​ចំនួន ត្រូវ​គេ​ទទួល​បាន​ចាប់​តាំងពី​ខែកញ្ញា ឆ្នាំ២០១៩ ដែលសុទ្ធរកឃើញ​វត្តមាន​អង្គបដិប្រាណ​ប្រឆាំង​វីរុស​កូរ៉ូណាថ្មី។

ជាមួយគ្នា​នេះ នៅ​ក្នុង​ប្រទេស​បារាំង សំណាកដែល​ទទួល​បាន​ពី​អ្នក​ជំងឺ​សម្រាក​ក្នុង​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ ២៧ ធ្នូ ឆ្នាំ២០១៩ ក៏​ត្រូវ​គេ​ធ្វើ​តេស្តក្រោយមក រកឃើញវិជ្ជមាន​កូវីដ ១៩ ដូច​គ្នា។ នេះ​បើ​តាម​របាយការណ៍ចេញ​ផ្សាយ​លើកាសែត​វេជ្ជសាស្ត្រ International Journal of Antimicrobial Agents។

សរុប​មក គំរូ​ឈាមទាំង​ក្នុង​ប្រទេស​អ៊ីតាលី និង​បារាំង សុទ្ធតែ​រក​ឃើញ​មុន​វីរុស​កូវីដ ១៩ ត្រូវគេ​រកឃើញ​នៅ​អ៊ូហាន នាំ​ឲ្យការ​វិភាគ​ទៅ​លើ​ដើម​កំណើត​ពិត​របស់​វីរុស​កំណាច​នេះ កាន់​តែ​ពិបាក​ប៉ាន់ស្មានទៅ​ទៀត។

រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ​ ធ្លាប់​បាន​ស្តីបន្ទោស​ចិន ជា​ប្រភព​ផ្ទុះ​រាតត្បាត និង​ចម្លង​ជំងឺកូវីដ ១៩ ទៅ​ជុំ​វិញ​ពិភពលោក ខណៈ​ជាការ​ឆ្លើយ​តប រដ្ឋាភិបាល​ប៉េកាំង បាន​ចាត់​ទុក​ជាការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ពីសំណាក់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម