ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជា រុស្ស៊ី ចង់ឈ្លានពាន អ៊ុយក្រែន? (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្យាករណ៍ថា រុស្ស៊ីនឹងដាក់ទ័ពចូលប្រទេស អ៊ុយក្រែន។

រុស្ស៊ីមានទាហានប្រហែល ១០ម៉ឺននាក់នៅព្រំដែនភាគខាងកើតអ៊ុយក្រែន ប៉ុន្តែបដិសេធថា ខ្លួនគ្មានផែនការឈ្លានពាននោះទេ។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការទាមទារជាបន្តបន្ទាប់ទៅកាន់ប្រទេសលោកខាងលិច រួមទាំងការទាមទារកុំអនុញ្ញាតឲ្យ អ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាមិនទទួលជោគជ័យទេ ដោយលោកខាងលិចបានបដិសេធការទាមទារមួយចំនួនរបស់លោកប្រធានាធិបតី ពូទីន។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាពតានតឹងកាន់តែឡើងកម្តៅ ដោយចក្រភពអង់គ្លេស បានបញ្ជូនអាវុធនិងទាហានជាបន្តបន្ទាប់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក ក៏អនុញ្ញាតឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន នាំចេញអាវុធអាមេរិក ទៅកាន់អតីតសហភាពសូវៀតមួយនេះផងដែរ។
តើហេតុអ្វីបានជារុស្ស៊ីចង់ឈ្លានពាន អ៊ុយក្រែន?
អ៊ុយក្រែន បានប្រកាសឯករាជ្យពីសហភាពសូវៀតនៅខែសីហា ឆ្នាំ១៩៩១ ហើយបានប្រែក្លាយទៅជាប្រទេសសេដ្ឋកិច្ចទីផ្សារ។

ប៉ុន្តែចាប់តាំងពីពេលនោះមក មានភាពតានតឹងរវាងទំនាក់ទំនងចាស់របស់ខ្លួនជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តថ្មីៗជាមួយបណ្តាប្រទេសលោកខាងលិច។
អ្វីៗកាន់តែឡើងកម្តៅគឺនៅពេលដែលរុស្ស៊ីដណ្តើមយក និងកាត់បញ្ចូលឧបទ្វីបគ្រីមៀជាឧបសម្ព័ន្ធ នៅភាគខាងត្បូងអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ជាការឆ្លើយតបទៅនឹងប្រជាជនអ៊ុយក្រែន ដែលទម្លាក់ប្រធានាធិបតីគាំទ្ររុស្ស៊ី តាមរយៈការធ្វើបាតុកម្មទ្រង់ទ្រាយធំ។

ប៉ុន្មានសប្តាហ៍ក្រោយមក រុស្ស៊ីបានគាំទ្រដល់ការបះបោរផ្តាច់ខ្លួន ដែលផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
តាំងពីពេលនោះមក តែងតែមានការប៉ះទង្គិចនៅព្រំដែន។ មនុស្សជាង ១៤,០០០នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានៅតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយមនុស្សយ៉ាងតិច២លាននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

អ៊ុយក្រែន និងប្រទេសលោកខាងលិច ចោទរុស្ស៊ីថា បានបញ្ជូនកងទ័ព និងអាវុធទៅគាំទ្រពួកឧទ្ទាម ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានក្រុងមូស្គូបានបដិសេធ។
កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលសម្របសម្រួលដោយបារាំង និងអាល្លឺម៉ង់ បានជួយបញ្ចប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ដំណោះស្រាយនយោបាយ ត្រូវបរាជ័យ។

រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ និងបានរិះគន់ប្រទេសលោកខាងលិចថា មិនលើកទឹកចិត្តឲ្យអ៊ុយក្រែនអនុលោមតាម។
លោកប្រធានាធិបតី ពូទីន ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកមើលឃើញថា បំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ គឺជាការគំរាមកំហែងដល់ព្រំដែនរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ INews
ចុចអាន៖ រុស្ស៊ីរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានការចូលរួមពីកងនាវាទាំងអស់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់